ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ទម្លាប់ ៧​យ៉ាង​ដែល​អាចជួយ​សម្រក​ទម្ងន់​បាន​យ៉ាង​ឆាប់រហ័ស​
08, Oct 2019 , 8:59 pm        
រូបភាព
ដោយ: ថ្មីៗ
​បើសិនជា​អ្នក​កំពុងតែ​ព្យាយាម​សម្រក​ទម្ងន់ អ្នក​ពិតជា​សម្រេចចិត្ត​ចង់​ហាត់ប្រាណ និង​ជ្រើសរើស​អាហារ​ណា​កុំ​ឲ្យ​ញ៉ាំ​ទៅ​ឡើង​ទម្ងន់​ហើយ​។​



​ប៉ុន្តែ​ខាងក្រោម​នេះ ខ្ញុំ​មាន​គន្លឹះ​សម្រក​ទម្ងន់​ពិសេសៗ​មួយចំនួន​តូច​ដែល​អាចជួយ​អ្នកទទួលបាន​ជោគជ័យ​៖

​ញ៉ាំ​អាហារ​ពេលព្រឹក​ណា​ដែលមាន​ប្រូតេអ៊ីន​ខ្ពស់​

​បើសិនជា​អ្នក​កំពុងតែ​ជ្រើសរើស​ញ៉ាំ​អាហារ​ពេលព្រឹក​ដែល​ផ្តល់​សុខភាព​ហើយ នោះ​គឺជា​រឿង​ត្រឹមត្រូវ ប៉ុន្តែ​ចូរ​ប្រាកដថា អាហារ​ពេលព្រឹក​របស់​អ្នក​ពោរពេញ​ទៅដោយ​ប្រូតេអ៊ីន​ត្រឹមត្រូវ​ផង​។ រាងកាយ​មនុស្ស​យើង​ត្រូវការ​ពេល​ច្រើន​ក្នុង​ការរំលាយ​ម៉ាក្រូ​ជីវជាតិ​ជាង​ខ្លាញ់ ឬ​កាបូ​អ៊ី​ដ្រា​ត ដូច្នេះ​អាហារ​មាន​ជាតិ​ប្រូតេអ៊ីន​ខ្ពស់​អាចជួយ​ឲ្យ​អ្នក​ឆ្អែត​បាន​ច្រើន​ម៉ោង ហើយ​វា​ក៏​គ្រប់គ្រង​ការ​ឃ្លាន​អាហារ និង​រក្សា​តុល្យភាព​ជាតិ​ស្ករ​ក្នុង​ឈាម​បានដែរ​។ សម្រាប់​អ្នក​ដែល​ចង់បាន​ឡើងសាច់​ដុំ ចូរ​ញ៉ាំ​ប្រូតេអ៊ីន​សុទ្ធ​ពី ២៥ ទៅ ៣០​ក្រាម​ជា​អាហារ​ពេលព្រឹក តាមរយៈ​យ៉ា​អួរ​ក្រិច ស៊ុត និង​សាច់មាន់​។​

​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​

​ការចាប់ផ្តើម​ថ្ងៃ​ថ្មី​ជាមួយនឹង​ការ​ញ៉ាំ​ទឹក ១ ទៅ​២​លីត្រ គឺជា​វិធីសាស្ត្រ​ដ៏​សាមញ្ញ​មួយ​ដើម្បី​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​។ ទឹក​អាចជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន ឬ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន យ៉ាងហោចណាស់ ៦០​នាទី​។ ការសិក្សា​ភាគច្រើន​និយាយថា ការ​ញ៉ាំ​ទឹក​មួយ​ទៅ​ពីរ​លីត្រ​ជា​រៀងរាល់ថ្ងៃ​អាចជួយ​សម្រក​ទម្ងន់​បាន​ផង និង​បង្គ្រប់​ជាតិ​ទឹក​ក្នុង​ខ្លួន​បាន​យ៉ាង​ល្អ​ផង​។

​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ខ្លះ​

​នៅពេល​រៀប​គម្រោង​សម្រក​ទម្ងន់​សម្រាប់​ទម្លាប់​ពេលព្រឹក រឿង​ដំបូង​គេ​ដែល​គួរ​ធ្វើ​គឺ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​។ ការសិក្សា​មួយ​បាន​ឲ្យ​ដឹងថា អ្នក​ដែល​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ចាំង​ខ្លាំង​នៅពេល​ព្រឹក​ក្នុង​កម្រិត​មធ្យម ឃើញថា​អាច​បន្ថយ​ចំនួន​ស​ន្ទ​ស្សន៍​ទម្ងន់​ធៀប​នឹង​កម្ពស់ (BMI) ជាង​អ្នក​ដែល​ប៉ះពាល់​ពន្លឺ​នេះ​នៅពេល​ល្ងាច​។ ការដែល​មិនសូវ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ អាច​នាំ​ឲ្យ​ប្រែប្រួល​ដល់​សង្វាក់​នៃ​ការរំលាយ​អាហារ ហើយក៏​ជំរុញ​ដល់​ការ​ធាត់​វិញ​ដែរ​។

​តាំងសមាធិ​

​រឿងនេះ​មិនចាំបាច់​អង្គុយ​ដូច​អ្នក​សុំ​សិល្ប៍ ឬ​លោកសង្ឃ​ឡើយ​។ ការដែល​អង្គុយស្មិងស្មាធិ៍​ផ្តោតអារម្មណ៍​ទៅលើ​ការដកដង្ហើម​រយៈពេល​ពីរ​បី​នាទី​នៅពេល​ព្រឹក​ក៏​អាចជួយ​បង្កើន​ភាពស្ងប់ស្ងាត់​ក្នុង​អារម្មណ៍ ហើយ​វា​ក៏​នាំ​ឲ្យ​កើតចេញ​ជា​ជម្រើស​ញ៉ាំ​អាហារ​ដ៏​ឆ្លាត​វៃ​បានដែរ​។ ហើយ​កាលណា​មនុស្ស​យើង​មាន​ភាពស្ងប់ស្ងាត់​ខាង​ផ្លូវ​អារម្មណ៍​កាន់តែច្រើន កាន់តែ​មិន​ងាយ​ធាត់​ឡើយ​។

​ហាត់ប្រាណ​ទៀងទាត់​

​តាម​ការស្រាវជ្រាវ​បាន​ឲ្យ​ដឹងថា ការហាត់​ប្រាណ​នៅពេល​ព្រឹក​អាចជួយ​សម្រក​ទម្ងន់​បាន​។ ការហាត់​ប្រាណ​នៅពេល​ព្រឹក​ហាក់បីដូចជា មាន​ឥទ្ធិពល​ស្រក​ទម្ងន់​ឆាប់​ជាង​ការហាត់​ប្រាណ​នៅពេល​ល្ងាច ជាពិសេស​អាចជួយ​គ្រប់គ្រង​ការ​ញ៉ាំ​អាហារ​បានល្អ​ជាង​ទៀតផង​។

​គេង​ឲ្យ​បាន​ច្រើន​

​ការចូល​គេង​លឿន​បន្តិច ឬ​ការដាក់​ម៉ោង​រោទ៍​យូរ​ជាង​ធម្មតា​បន្តិច​ប្រហែលជា​ជួយ​បង្កើន​ដល់​ការ​ស្រក​ទម្ងន់​បាន​។ ការសិក្សា​ជាច្រើន​បាន​ឲ្យ​ដឹងថា ការ​គេង​មិន​គ្រប់គ្រាន់​ប្រហែលជា​ជាប់ទាក់ទង​នឹង​ការកើនឡើង​ចំណង់​អាហារ​បាន​។ ដូច្នេះ​ដើម្បី​បង្កើន​លទ្ធផល​នៃ​ការ​ស្រក​ទម្ងន់​កាន់តែ​បានសម្រេច ចូរ​ធ្វើយ៉ាងណា​គេង​ឲ្យ​បាន ៨​ម៉ោង​ជា​រៀងរាល់​យប់​។

​ថ្លឹង​ទម្ងន់​ជា​ទៀងទាត់​

​អ្នក​តម​អាហារ​ដែល​ថ្លឹង​ទម្ងន់​ខ្លួនឯង​ជា​ទៀងទាត់ ឃើញថា​អាច​ស្រក​ទម្ងន់​រាងកាយ​បាន​ច្រើនជាង​អ្នក​ដែល​មិនសូវ​ថ្លឹង​។ ពេលវេលា​ដ៏​ល្អ​បំផុត​ក្នុង​ការឡើង​ជញ្ជីង​ថ្លឹង​នោះ​គឺ ភ្ញាក់​ពី​គេង​ភ្លាមៗ និង​ពេលដែល​អ្នក​ត្រូវ​ទៅ​បន្ទប់ទឹក ជា​រៀងរាល់​ព្រឹក ទើប​ទទួលបាន​លទ្ធផល​សុ​ក្រិត​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com