អន្តរជាតិ
ចិនប្រាប់ឲ្យបារាំងយោគយល់បញ្ហាហុងកុង ព្រោះមានពិសោធន៍ជួបបាតុកម្មហិង្សាដូចគ្នា ទិដ្ឋភាពបាតុកម្មនៅហុងកុង (ឆ្វេង) និងនៅបារាំង (ស្តាំ) ប្រភពរូប៖ AFP
× ស្ថានទូតចិនប្រចាំក្រុងប៉ារីស បានរិះគន់ខ្លាំងៗលើប្រតិកម្មរបស់សហភាពអឺរ៉ុបនិងបារាំងចំពោះបាតុកម្មក្នុងទីក្រុងហុងកុង ដោយហៅជំហរនោះថាមានចរិតលាក់ពុត ។ ចិនបានប្រាប់ឲ្យបារាំងបង្ហាញការយោគយល់ ដ្បិតរដ្ឋាភិបាលក្រុងប៉ារីសក៏ធ្លាប់ជួបប្រទះបទពិសោធការតវ៉ាហិង្សាដូចគ្នាអ៊ីចឹងដែរ ហើយកាលណោះ ចិនក៏បង្ហាញការយល់ចិត្តដាក់បារាំងដែរ។
«យើង សម្តែងការទោមនស្សយ៉ាងជ្រាលជ្រៅ និងការមើលស្រាលយ៉ាងធំធេងចំពោះអំពើពុតត្បុតក្នុងសេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប និងភាពខ្មៅងងឹតនៃជំហរ [ពួកគេ] ពាក់ព័ន្ធសំណុំរឿងខ្លះរបស់ចិន»។ ស្ថានទូតចិនប្រចាំក្រុងប៉ារីស បញ្ជាក់បែបនេះ ក្នុងសេចក្តីថ្លែងការណ៍ខ្លួននៅថ្ងៃទី៧ ខែតុលា។
ស្ថានទូតចិន បញ្ជាក់ទៀតថា សហភាពអឺរ៉ុប បានលើកតម្កើងជាចំហចំពោះការប្រើហិង្សាពីសំណាក់ក្រុមបាតុករ ខណៈការតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ ឆាប់ៗខាងមុខ នឹងឈានចូលដល់ខែទីប្រាំហើយនោះ។ ម្យ៉ាងវិញទៀត សហភាពអឺរ៉ុប (EU) ក៏មើលងាយវិធានការស្វ័យការពាររបស់ប៉ូលិសហុងកុងដើម្បីការពារជីវិតពួកគេប្រឆាំងក្រុមបាតុករហិង្សាទាំងនោះ។
ដោយតម្រង់មុខព្រួញទៅរកបារាំង ស្ថានទូតចិនប្រចាំក្រុងប៉ារីស បានលើកឡើងថា បារាំង គួរបង្ហាញការអនុគ្រោះ ព្រោះថា កម្លាំងប៉ូលិសបារាំង ក៏ធ្លាប់មានបទពិសោធជាមួយបាតុកម្មហិង្សា ហើយក៏ធ្លាប់ទទួលរងការរិះគន់ និងការជេរប្រមាថធ្ងន់ៗ ពីការបង្កគ្រោះថ្នាល់របស់បាតុករទាំងនោះ។ ត្រង់នេះ ចិន ចង់សំដៅលើការតវ៉ារាប់ខែរបស់ក្រុម «អាវកាក់លឿង» ។
«ក្នុងកាលៈទេសៈទាំងនេះ យើងបានបង្ហាញការយោគយល់ចំពោះបារាំង។ យើងចង់ឲ្យបារាំង បង្ហាញអារម្មណ៍ដូចគ្នានេះមកកាន់យើង»។ ស្ថានទូតចិន បញ្ជាក់បែបនេះ ដោយដកស្រង់ចុះផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters ។
សូមបញ្ជាក់ថា ការចេញសេចក្តីថ្លែងការណ៍រិះគន់ដ៏កម្រពីសំណាក់ស្ថានទូតចិនប្រចាំក្រុងប៉ារីសនេះ ធ្វើឡើងក្រោយពីក្រសួងការបរទេសបារាំង កាលពីថ្ងៃទី៣ ខែតុលាសប្តាហ៍មុន បង្ហាញជំហរគាំទ្រសេចក្តីថ្លែងការណ៍មួយដែលចេញដោយសហភាពអឺរ៉ុប ឆ្លើយតបនឹងការបាញ់កាំភ្លើងគ្រាប់ពិតរបស់ប៉ូលិសលើបាតុករ។ សេចក្តីថ្លែងការណ៍របស់ EU នេះ បានស្នើឲ្យអាជ្ញាធរហុងកុងបង្ហាញការអត់ធ្មត់ និងប្រើចំណាត់ការផ្សេងទៀតដើម្បីទប់ទល់នឹងក្រុមបាតុករ ហើយគួរផ្តោតសំខាន់លើកិច្ចសន្ទនានយោបាយដើម្បីបន្ធូរបន្ថយភាពតានតឹង៕
Tag:
ចិន
បារាំង
EU
ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com