ជាតិ
«សមាគមត្រកូល ហ៊ុន» នៃប្រទេសចិន មកជួបសម្តេច ហ៊ុន សែន
× សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នាព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា នេះ បានទទួលជួបគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅវិមានសន្តិភាព។ នេះបើតាមការផ្សាយនៅលើទំព័រហ្វេសប៊ុករបស់សម្តេច ប៉ុន្តែមិនបានបញ្ជាក់លំអិតពីសមាសភាពគណៈប្រតិភូនោះឡើយ។
នាជំនួបជាមួយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិននោះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-ចិន ជាពិសេសការប្រកាន់យកនយោបាយចិនតែមួយ ដែលចាប់ផ្តើមតាំងពីសម័យសម្ដេចព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។
ជាមួយគ្នានេះ សម្តេចបានស្នើដល់សហគ្រិនចិនបន្តវិនិយោគនៅកម្ពុជា ជាពិសេសការរក្សាអ្វីដែលមាន និងបង្កើនការវិនិយោគថ្មី។ សម្តេចក៏បានស្នើឲ្យចិនបើកទីផ្សារឲ្យកាន់តែធំជាងមុនសម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន។
ក្រៅពីនេះ ប្រមុខរដ្ឋាភិបាលខ្មែរ បានពន្យល់ពីមូលហេតុនៃការលុបចោលកាស៊ីណូអនឡាញនៅកម្ពុជា រួមទាំងការលើកឡើងពីកំណើននៃទំហំវិនិយោគរវាងចិន និងកម្ពុជា ក៏ដូចជាចិន និងអាស៊ាន ទាំងមូល៕
© រក្សាសិទ្ធិដោយ thmeythmey.com