ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ច ជំ​រុញឱ្យ​អាស៊ាន​ដោះស្រាយ​បញ្ហា​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់​
08, Oct 2019 , 1:30 pm        
រូបភាព
សៀមរាប​៖ កម្ពុជា​កំពុង​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយចំនួន​ដែល​ផ្តោតលើ​បញ្ហា​បរិស្ថាន​។ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ព្រឹក​ថ្ងៃទី​៨ តុលា ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ជំរុញ​ឱ្យ​ប្រទេស​អាស៊ាន​រួមគ្នា​រក​ដំណោះស្រាយ​លើ​បញ្ហា​ការហូរចូល​នូវ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់ ដែល​បាន​កើតឡើង​នៅតាម​ប្រទេស​ជា​សមាជិក​អាស៊ាន​មួយចំនួន​កាលពីពេល​ថ្មីៗ​នេះ ដោយ​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។​

 
«​ខ្ញុំ​សូម​អំពាវនាវ ជំរុញ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង​ជាបន្ទាន់ ក្នុងការ​ដោះស្រាយ​លើ​លំហូរ​កាកសំណល់​ឆ្លងដែន​ខុសច្បាប់ ដែល​បាន​ប៉ះពាល់​ដល់​ប្រទេស​ជាច្រើន​នៅ​អាស៊ាន​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ជាពិសេស​កាកសំណល់​ប្លា​ស្ទិ​ក​»​។ នេះ​ជាការ​លើកឡើង​របស់លោក​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ទៅកាន់​រដ្ឋមន្ត្រី​បរិស្ថាន និង​ប្រទេស​ជា​ដៃគូ​មួយចំនួន និង​អគ្គលេខាធិការ​អាស៊ាន​ផង​។ សម្រាប់​លោក​រដ្ឋមន្ត្រី បញ្ហា​នេះ​គឺជា​ការគំរាមកំហែង​លើ​ប្រព័ន្ធ​អេកូឡូស៊ី សុខភាព សុខុមាលភាព​របស់​ប្រជាជាតិ​អាស៊ាន រួម​និង​វិស័យ​ទេសចរណ៍​ផងដែរ​។ 
 
​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកយក​ចំណុច​មួយចំនួន ប្រាប់​ទៅ​ថ្នាក់ដឹកនាំ​អាស៊ាន សម្រាប់​ការអនុវត្ត ដោយ​ក្នុងនោះ​រួមមាន ការចែករំលែក​ព័ត៌មាន ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​ស្ថាប័ន​អនុវត្ត​ផ្ទាល់ និង​ភាពជា​ដៃគូ​ជាមួយ​ប្រទេស​ដែលជា​ប្រភពដើម​នៃ​កាកសំណល់ ដើម្បី​បញ្ឈប់​លំហូរ​ខុសច្បាប់​នេះ​។ ក្នុងនោះដែរ លោក​រដ្ឋមន្ត្រី​ជំរុញ​ឱ្យ​ក្រុមការងារ​អាស៊ាន​ទទួលបន្ទុក​គីមី និង​សំណល់ ផ្តល់​អាទិភាព​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ និង​ផ្តល់នូវ​វិធានការ​ជាក់លាក់​ក្នុង​រយៈពេល​ខ្លី ដើម្បី​ឆ្លើយតប​នឹង​បញ្ហា​នេះ​។​
 
​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការប្រែប្រួល​អាកាសធាតុ និង​ការ​រិ​ក​រិល​នៃ​បរិស្ថាន គឺ​កាន់តែ​ញឹកញាប់ និង​កាន់​តែមាន​ភាពស្មុគស្មាញ​ជាង​មុន ចំណែក​ផលប៉ះពាល់​ក៏​កាន់តែ​ធ្ងន់ធ្ងរ​ដែរ​។ ហើយ​អាស៊ាន​ក៏​ជា​តំបន់​មួយ​ដែល​មិនអាច​ចៀស​ផុតពី​ផលប៉ះពាល់​ទាំងនេះ​ឡើយ​។​នេះ​ជាការ​លើកឡើង​របស់លោក អូន ព័ន្ធមុនីរ័ត្ន ដែល​បានលើកឡើង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​១៥ នៃ​រដ្ឋមន្ត្រី​បរិស្ថាន ដែល​ប្រព្រឹត្តិ​ធ្វើ​ចាប់​ថ្ងៃទី​៧​ដល់​ថ្ងៃទី​១០ តុលា​នៅ​ខេត្ដ​សៀមរាប​។​
 
​គួរ​បញ្ជាក់ថា កិច្ចពិភាក្សា​សំខាន់ៗ​ដែល​គ្រោង​នឹង​ជជែក​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​មានដូចជា ការប្រែប្រួល​អាកាសធាតុ ទីក្រុង​និរន្តរភាព​បរិស្ថាន ការគ្រប់គ្រង​ធនធានទឹក ការអភិរក្ស​ជីវៈចម្រុះ ការគ្រប់គ្រង​គីមី និង​សំណល់ ការអភិរក្ស​សមុទ្រ និង​តំបន់ឆ្នេរ ការអប់រំ​បរិស្ថាន​៕
 
 
 
 

Tag:
 អូន ព័ន្ធមុនីរ័ត្ន​
  បរិស្ថាន​
  អាស៊ាន​
© រក្សាសិទ្ធិដោយ thmeythmey.com