ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីសេដ្ឋកិច្ច ជំរុញឱ្យអាស៊ានដោះស្រាយបញ្ហាលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់
× សៀមរាប៖ កម្ពុជាកំពុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៥ រដ្ឋមន្ត្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដែលផ្តោតលើបញ្ហាបរិស្ថាន។ ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃទី៨ តុលា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បានជំរុញឱ្យប្រទេសអាស៊ានរួមគ្នារកដំណោះស្រាយលើបញ្ហាការហូរចូលនូវកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានកើតឡើងនៅតាមប្រទេសជាសមាជិកអាស៊ានមួយចំនួនកាលពីពេលថ្មីៗនេះ ដោយក្នុងនោះក៏មានកម្ពុជាផងដែរ។
«ខ្ញុំសូមអំពាវនាវ ជំរុញកិច្ចសហប្រតិបត្តិការរបស់យើងជាបន្ទាន់ ក្នុងការដោះស្រាយលើលំហូរកាកសំណល់ឆ្លងដែនខុសច្បាប់ ដែលបានប៉ះពាល់ដល់ប្រទេសជាច្រើននៅអាស៊ានក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជាពិសេសកាកសំណល់ប្លាស្ទិក»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីសេដ្ឋកិច្ចទៅកាន់រដ្ឋមន្ត្រីបរិស្ថាន និងប្រទេសជាដៃគូមួយចំនួន និងអគ្គលេខាធិការអាស៊ានផង។ សម្រាប់លោករដ្ឋមន្ត្រី បញ្ហានេះគឺជាការគំរាមកំហែងលើប្រព័ន្ធអេកូឡូស៊ី សុខភាព សុខុមាលភាពរបស់ប្រជាជាតិអាស៊ាន រួមនិងវិស័យទេសចរណ៍ផងដែរ។
ដើម្បីដោះស្រាយបញ្ហានេះ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកយកចំណុចមួយចំនួន ប្រាប់ទៅថ្នាក់ដឹកនាំអាស៊ាន សម្រាប់ការអនុវត្ត ដោយក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមស្ថាប័នអនុវត្តផ្ទាល់ និងភាពជាដៃគូជាមួយប្រទេសដែលជាប្រភពដើមនៃកាកសំណល់ ដើម្បីបញ្ឈប់លំហូរខុសច្បាប់នេះ។ ក្នុងនោះដែរ លោករដ្ឋមន្ត្រីជំរុញឱ្យក្រុមការងារអាស៊ានទទួលបន្ទុកគីមី និងសំណល់ ផ្តល់អាទិភាពក្នុងការដោះស្រាយបញ្ហានេះ និងផ្តល់នូវវិធានការជាក់លាក់ក្នុងរយៈពេលខ្លី ដើម្បីឆ្លើយតបនឹងបញ្ហានេះ។
រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ការប្រែប្រួលអាកាសធាតុ និងការរិករិលនៃបរិស្ថាន គឺកាន់តែញឹកញាប់ និងកាន់តែមានភាពស្មុគស្មាញជាងមុន ចំណែកផលប៉ះពាល់ក៏កាន់តែធ្ងន់ធ្ងរដែរ។ ហើយអាស៊ានក៏ជាតំបន់មួយដែលមិនអាចចៀសផុតពីផលប៉ះពាល់ទាំងនេះឡើយ។នេះជាការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន ដែលបានលើកឡើងនៅក្នុងកិច្ចប្រជុំលើកទី១៥ នៃរដ្ឋមន្ត្រីបរិស្ថាន ដែលប្រព្រឹត្តិធ្វើចាប់ថ្ងៃទី៧ដល់ថ្ងៃទី១០ តុលានៅខេត្ដសៀមរាប។
គួរបញ្ជាក់ថា កិច្ចពិភាក្សាសំខាន់ៗដែលគ្រោងនឹងជជែកក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីបរិស្ថានអាស៊ានមានដូចជា ការប្រែប្រួលអាកាសធាតុ ទីក្រុងនិរន្តរភាពបរិស្ថាន ការគ្រប់គ្រងធនធានទឹក ការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងគីមី និងសំណល់ ការអភិរក្សសមុទ្រ និងតំបន់ឆ្នេរ ការអប់រំបរិស្ថាន៕
Tag:
អូន ព័ន្ធមុនីរ័ត្ន
បរិស្ថាន
អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com