ជាតិ
West Point៖ កម្មវិធី​សម្រាប់​សិស្ស​ទាហាន​បរទេស​ដំណើរការ​តាំងពី​ឆ្នាំ​១៨៨៩​មក​
08, Oct 2019 , 2:07 pm        
រូបភាព
លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រពីសាលាយោធា West Point កាលពីឆ្នាំ​១៩៩៩។ ហ្វេសប៊ុក Hun Manet
លោក ហ៊ុន ម៉ាណែត ពេលទទួលសញ្ញាបត្រពីសាលាយោធា West Point កាលពីឆ្នាំ​១៩៩៩។ ហ្វេសប៊ុក Hun Manet
ដោយ: ថ្មីៗ
​កម្រិត​សញ្ញាបត្រ​របស់​សិស្ស​ទាហាន​ខ្មែរ​ពីសា​លា​យោធា​អាមេរិក U.S. Military Academy, West Point បានក្លាយ​ជាការ​ឌឺដង​ដាក់គ្នា​នា​រយៈពេល​ចុងក្រោយ​នេះ ពោលគឺ​បន្ទាប់ពី លោក សម រង្ស៊ី អតីត​មេបក្ស​ប្រឆាំង​បាន​ថ្លែង​ទៅកាន់​ក្រុម​អ្នកគាំទ្រ​នៅ​សហរដ្ឋអាមេរិក​ថា សញ្ញាបត្រ​របស់លោក ហ៊ុន ម៉ា​ណែ​ត គឺ​ត្រូវ​បានផ្តល់​ឲ្យ​ជា​លក្ខណៈ​បែប​ការទូត ដោយ​មិនមាន​តម្លៃ​ឡើយ​។ ឆ្លើយតប​មកកាន់​សារព័ត៌មាន ThmeyThmey តាមរយៈ​អ៊ី​ម៉ែ​ល សាលា West Point បាន​អះអាងថា កម្មវិធី​សិស្ស​នាយទាហាន​អន្តរជាតិ បាន​ចាប់ដំណើរការ​តាំងពី​ឆ្នាំ​១៨៨៩​មក ដោយ​លក្ខន្តិកៈ​នៃ​ការជ្រើសរើស​ឲ្យ​ចូលរៀន មិនមាន​លក្ខណៈ​ខុសប្លែក​ពី​សិស្ស​អាមេរិក​នោះឡើយ​។​



​តាម​កំណត់ត្រា​ដោយ​គិត​ត្រឹម​ឆ្នាំ​២០១៥ កូន​ខ្មែរ​ចំនួន​៣​នាក់​ហើយ ដែល​ទទួលបាន​សញ្ញាបត្រ​ពី​សាលា​យោធា West Point របស់​សហរដ្ឋអាមេរិក​។ លោក ហ៊ុន ម៉ា​ណែ​ត អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក ទទួលបាន​កាលពី​ខែឧសភា ឆ្នាំ​១៩៩៩ លោកស្រី មៀ​ច សិទ្ធិ​កា ទទួលបាន​កាលពី​ឆ្នាំ​២០១១ និង​លោក មៀ​ច ចឺ​រី សូ​វិសាល ទទួលបាន​នៅ​ឆ្នាំ​២០១៤ លើ​ជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​។​

​ពី​ទីក្រុង​ញូវយ៉ក តំណាង​សាលា West Point លោកស្រី Cheryl Bounjnida ប្រធាន​ផ្នែក​ទំនាក់ទំនង​សារព័ត៌មាន ក៏ដូចជា​លោក Christopher Ophardt ប្រធាន​ផ្នែក​កិច្ចការ​សាធារណៈ និង​ទំនាក់ទំនង បាន​អះអាង​ប្រាប់​សារព័ត៌មាន ThmeyThmey ថា លក្ខខណ្ឌ​ទាំងឡាយ​ដែល​តម្រូវ​សម្រាប់​បេក្ខភាព​បរទេស គឺ​ដូចជា​លក្ខខណ្ឌ​របស់​ជ​ន​ជាតិ​អាមេរិក​ទាំងអស់​ផងដែរ​។​

​មន្ត្រី​សាលា West Point បាន​បញ្ជាក់ថា កម្មវិធី​សិស្ស​នាយទាហាន​អន្តរជាតិ (International Cadet Program) ចាប់ដំណើរការ​តាំងពី​ឆ្នាំ​១៨៨៩​មកម្ល៉េះ​។ ក្រសួងការបរទេស និង​ក្រសួងការពារជាតិ​អាមេរិក បាន​ផ្តួចផ្តើម​កម្មវិធី​នេះ​ឡើង ដើម្បី​ផ្តល់ឱកាស​ដល់​និស្សិត​បរទេស​ប្រមាណ​៦០​នាក់ សិក្សា​រយៈពេល​៤​ឆ្នាំ លើ​ជំនាញ​វិទ្យាសាស្ត្រ និង​ការបំពេញ​កាតា​ព្វ​កិច្ច​យោធា ដូចជា​ក្រុមយុវជន​អាមេរិក​យ៉ាង​ដូច្នោះ​ដែរ​។​

​កម្មវិធី​សិស្ស​នាយទាហាន​អន្តរជាតិ មាន​គោលដៅ​ពង្រឹង​ទំនាក់ទំនង​កាន់តែ​ប្រសើរឡើង​រវាង​សម្ព័ន្ធ និង​ដៃគូ​ទាំងអស់​របស់​សហរដ្ឋ​អាមេរិក ដើម្បី​ឲ្យ​រាល់​បណ្តា​អ្នក​ដែល​បញ្ចប់​ការសិក្សា​ទាំងអស់ វិលត្រឡប់​ទៅ​មាតុភូមិ​វិញ ដើម្បី​បម្រើការ​ផ្នែក​កងទ័ព ឬ​រដ្ឋាភិបាល​របស់ខ្លួន​។​

​ការឆ្លើយ​ឆ្លង​គ្នា​លើ​គុណភាព​សញ្ញាបត្រ​នេះ កើតឡើង បន្ទាប់ពី​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​និយាយ​ទៅកាន់​ក្រុម​អ្នកគាំទ្រ​ខ្លួន​នៅ​អាមេរិក កាលពី​ថ្ងៃទី​២៨ ខែកញ្ញា​ថា សញ្ញាបត្រ​នៅ​សាលា​ល្បីៗ​របស់​អាមេរិក ក៏ដូចជា​បារាំង មាន​ពីរ​ប្រភេទ ដែល​ក្នុងនោះ មាន​ប្រភេទ​បែប​ការទូត ដែល​ផ្តល់​ឲ្យ​កូនចៅ​មេដឹកនាំ​ប្រទេស​ដទៃ ទោះបី​មិនបាន​រៀន​ជាប់លាប់ ឬ​ប្រឡង​ក៏​ដូច​។​

​ការលើកឡើង​របស់លោក សម រង្ស៊ី បាន​រង​នូវ​ប្រតិកម្ម​តបត​វិញ​យ៉ាងខ្លាំង ជាពិសេស​ពី​សំណាក់​លោក ហ៊ុន ម៉ា​ណែ​ត និង​សិស្ស​ផ្សេងទៀត​ដែល​រៀន​ចប់​នៅ​សាលា West Point ក៏ដូចជា​នៅ​សាលា​បរទេស​ផ្សេងទៀត​៕


Tag:
 West Point
  យោធា​
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com