អន្តរជាតិ
អង្គការសហប្រជាជាតិ អាច​នឹង​ដាច់​លុយ​នៅ​ចុងខែ​តុលា​នេះ​
08, Oct 2019 , 2:46 pm        
រូបភាព
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងនាកិច្ចប្រជុំមហាសន្និបាត។ រូបភាព AFP
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ថ្លែងនាកិច្ចប្រជុំមហាសន្និបាត។ រូបភាព AFP
ដោយ៖ ឈួន ឈី​វ​អ៊ីង​

​អង្គការសហប្រជាជាតិ​កំពុងមាន​ឱនភាព​ថវិកា​ប្រមាណ ២៣០​លាន​ដុល្លារ​អាមេរិក ហើយក៏​ប្រហែលជា​ដាច់​លុយ​នៅត្រឹម​ចុងខែ​តុលា​នេះដែរ​។ នេះ​បើតាម​ការបញ្ជាក់​របស់​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស (Antonio Guterres) នៅ​ថ្ងៃទី​៧ ខែតុលា​។​



​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ  លោក អាន់​តូ​នី​ញ៉ូ ហ្គូ​តេ​រ៉េ​ស បាន​សរសេរ​លិខិត​មួយច្បាប់​ជូនទៅ​បុគ្គលិក​ទាំង​៣៧០០០​នាក់​ក្នុង​អគ្គលេខា​ដ្ឋា​ន​អង្គការសហប្រជាជាតិ​ដើម្បី​ជូនដំណឹង​ពាក់ព័ន្ធ​បញ្ហា​ហិរញ្ញវត្ថុ​របស់​អង្គការ​ពិភពលោក​មួយ​នេះ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន AFP ។

​លិខិត​លោក ហ្គូ​តេ​រ៉េ​ស មាន​ខ្លឹមសារ​ថា​៖ «​ប្រទេស​ជា​សមាជិក​បានផ្តល់​លុយ​ត្រឹមតែ ៧០​ភាគរយ​ប៉ុណ្ណោះ​នៃ​ចំនួន​ថវិកា​សរុប សម្រាប់​កញ្ចប់​ថវិកា​ប្រើប្រាស់​ជាប្រចាំ​ក្នុង​ឆ្នាំ ២០១៩​។ ហេតុនេះហើយ​វា​ធ្វើ​ឲ្យ​ការចំណាយ​លើស​ប្រាក់ចំណូល ដល់​ទៅ​២៣០​លាន​ដុល្លារ​អាមេរិក នៅ​ចុងខែ​កញ្ញា​។ ពួកយើង​កំពុង​ប្រឈម​នឹង​ហានិភ័យ​នៃ​ការ​កាត់​ថវិកាបម្រុង​ដើម្បី​ទូទាត់​នៅ​ចុងខែ​នេះ​។​»

​ដើម្បី​កាត់បន្ថយ​ការចំណាយ លោក​អគ្គលេខាធិការ​រូបនេះ​ក៏បាន​លើកឡើង​ពី​ការផ្អាក​សន្និសីទ និង​កិច្ចប្រជុំ​នានា ព្រមទាំង​រឹតត្បិត​ការធ្វើដំណើរ​ជា​ផ្លូវ​ការដែល​នឹង​អនុ​ញ្ញា​តែ​ចំពោះ​សកម្មភាព​ចាំបាច់​ប៉ុណ្ណោះ ព្រមទាំង​ការចាត់វិធានការ​ដើម្បី​សន្សំសំចៃ​ថាមពល​ផងដែរ​។ លោក​បាន​បន្ថែមថា ទំនួល​ខុសត្រូវ​ផ្នែក​ហិរញ្ញវត្ថុ គឺ​អាស្រ័យ​លើ​រដ្ឋ​ជា​សមាជិក​។ លោក Guterres បានស្នើ​ឲ្យ​ប្រទេស​រួមចំណែក​ដល់​ពិភពលោក​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​សាច់ប្រាក់​នេះ ប៉ុន្តែ​ត្រូវបាន​បដិសេធ​។​

​ដោយ​មិន​រាប់បញ្ចូល​អ្វីដែល​ជាការ​ចំណាយ​សម្រាប់​ការថែរក្សា​សន្តិភាព​ពិភពលោក កញ្ចប់​ថវិកា​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​សម្រាប់​ឆ្នាំ ២០១៨-២០១៩ គឺ​ជាង​៥​ពាន់​លាន​ដុល្លារ ដោយ​សហរដ្ឋអាមេរិក​បាន​ចូលរួមចំណែក ២២ ភាគរយ​។ យ៉ាងណាមិញ រដ្ឋបាល​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ក៏​ចាប់ផ្ដើម​រឹតត្បិត​ការផ្ដល់​វិភាគទាន​របស់​អាមេរិក​សម្រាប់​លេខាធិការដ្ឋាន និង​ស្ថាប័ន​របស់​អង្គការ​នេះ​ជាច្រើន​ផងដែរ​៕


© រក្សាសិទ្ធិដោយ thmeythmey.com