អន្តរជាតិ
តៃវ៉ាន់ថា ចិនកំពុងអនុវត្ត «ការវាតទីរបបផ្តាច់ការ» នៅក្នុងតំបន់ប៉ាស៊ីហ្វិក
× កោះតៃវ៉ាន់ នៅថ្ងៃទី៧ ខែតុលា បានហៅចំៗតែម្តងថា សកម្មភាពរបស់ចិនក្នុងពេលបច្ចុប្បន្នគឺ «ការវាតទីរបបផ្តាច់ការ» នៅក្នុងតំបន់ប៉ាស៊ីហ្វិក។ ការចោទប្រកាន់របស់តៃវ៉ាន់ ធ្វើឡើងក្រោយមានរបាយការណ៍បង្ហាញពីគម្រោងកសាងមូលដ្ឋានយោធារបស់ចិននៅប្រទេសពីរនៃតំបន់នេះដែលទើបទទួលស្គាល់ចិន។
បន្ទាប់ពីផ្តាច់ទំនាក់ទំនងការទូតពីតៃវ៉ាន់ទៅកសាងសម្ពន្ធភាពជាមួយចិន ពេលនេះប្រជុំកោះសូលូម៉ូន និងគីរីបាទី ត្រូវបានចិនសម្លឹងឃើញជាតំបន់យុទ្ធសាស្ត្រ និងមូលដ្ឋានយោធា ដើម្បីពង្រីកដែនឥទ្វិពលរបស់ខ្លួន ទៅក្នុងតំបន់ប៉ាស៊ីហ្វិក។
«យើងបានឃើញរបាយការណ៍របស់ចិន កំពុងចាប់អារម្មណ៍បើកស្ថានីយរ៉ាដានៅក្នុងគីរីប៉ាទី និងកសាងមូលដ្ឋានទ័ពជើងទឹកនៅខេត្តភាគខាងលិចនៃប្រជុំកោះសូលូម៉ូន»។ នេះជាការលើកឡើងរបស់ប្រមុខការទូតតៃវ៉ាន់ លោក Joseph Wu នៅថ្ងៃទី៧ ខែតុលា នៅក្នងវេទិកាលើកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅក្នុងតំបន់ប៉ាស៊ីហ្វិក។
ក្នុងន័យនេះ លោករដ្ឋមន្ត្រីអំពាវនាវឲ្យប្រទេសជាមិត្តទាំងអស់ ត្រូវមានការបារម្ភលើការពង្រីកឥទ្ធិពលរបស់ទីក្រុងប៉េកាំង បើទោះបីជាតំបន់ប៉ាស៊ីហ្វិកនៅតែបើក និងសេរីក្នុងការធ្វើនាវាចរក៏ដោយ។ ជាពិសេស លោក Wu ថែមទាំងជំរុញឲ្យអាមេរិក ចូលមកអន្តរាគមន៍ដើម្បីទប់ស្កាត់ការវាតទីនិយមរបស់ចិននៅក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិកថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានReuters។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ប្រមុខការទូតតៃវ៉ាន់ ក៏បានភ្ជាប់បញ្ហាតំបន់ប៉ាស៊ីហ្វិកទៅនឹងសមុទ្រចិនខាងត្បូងផងដែរ។ បានសេចក្តីថា ប្រសិនបើបណ្តោយឲ្យទីក្រុងប៉េកាំង បន្តអនុវត្តអនុត្តរភាពនៅតំបន់ប៉ាស៊ីហ្វិក ដូចសមុទ្រចិនខាងត្បូងនោះ អ្វីៗវានឹងហួសពេល។ ជាក់ស្តែងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង ចិនបានកសាងកោះសិប្បនិម្មត និងមូលដ្ឋានយោធានៅក្នុងដែនទឹកជម្លោះ។ ប៉ុន្តែការអះអាងបែបនេះរបស់តៃវ៉ាន់ មិនទាន់មានការឆ្លើយតបណាមួយពីភាគីចិននៅឡើយទេ។
សូមបញ្ជាក់ ការចូលកាន់តំណែងជាប្រធានាធិបតីរបស់លោកស្រី Tsai Ing-wen នៅក្នុងឆ្នាំ ២០១៦ ចិនតែងតែសង្ស័យថា លោកស្រីT sai អាចនឹងប្រកាសឯករាជ្យនៅថ្ងៃណាមួយ។ ការណ៍នេះហើយបានបង្កឲ្យភាពតានតឹងរវាងចិន និងកោះតៃវ៉ាន់កាន់តែក្តៅគគុក។ បន្ថែមពីលើនេះ នៅក្នុងអាណត្តិប្រធានាបតីតៃវ៉ាន់រូបនេះ កោះតៃវ៉ាន់នៅសល់មិត្តតែ ១៥ប្រទេសតែប៉ុណ្ណោះ ក្នុងចំណោមនោះ ៤ប្រទេសមកពីតំបន់ប៉ាស៊ីហ្វិក។
© រក្សាសិទ្ធិដោយ thmeythmey.com