កីឡាអន្តរជាតិ
អន្តរជាតិ
បើ​ចាញ់ Liverpool តើ Solskjaer អាច​អស់តំណែង​ដូច Mourinho ដែរឬទេ​?
08, Oct 2019 , 3:46 pm        
រូបភាព
Manchester United រកបាន​តែ​៩​ពិន្ទុ​ប៉ុណ្ណោះ​ពី​ការប្រកួត​៨​លើក​នៅ Premier League ដោយ​តាម​ពីក្រោយ Liverpool ដល់​ទៅ​១៥​ពិន្ទុ​។ នេះ​ជាការ​ចាប់ផ្តើម​រដូវ​កាល​ដ៏​អាក្រក់​របស់​បិសាច​ក្រហម​នៅ​រយៈពេល​៣០​ឆ្នាំ​ចុងក្រោយ​ក្រោម​ការដឹកនាំ​របស់លោក Ole Gunnar Solskjaer ពោលគឺ​យ៉ាប់យឺន​ជាង​ការដឹកនាំ​របស់លោក Jose Mourinho ដែល​ត្រូវ​បញ្ចប់​តំណែង​នៅ​ពាក់កណ្តាល​រដូវ​កាល​មុន​ទៅទៀត​។​



​ក្នុងចំណោម​៨​ប្រកួត Man Utd រកបាន​ជ័យជម្នះ​តែ​២​លើក​គត់​គឺ​ឈ្នះ Chelsea ដល់​ទៅ ៤-០ នៅ​ជំនួប​បើកឆាក និង​ឈ្នះ Leicester City​    ​១-០ តែ​ចាញ់​៣ និង​ស្មើ​៣ ឈរ​ចំណាត់ថ្នាក់​ទី​១២​បណ្តោះអាសន្ន​សម្រាប់​រដូវ​កាល ២០១៩-២០​នេះ​។ បិសាច​ក្រហម​នាំមុខ​ក្រុម​ត្រូវ​កាត់ចោល Everton តែ​២​ពិន្ទុ​ប៉ុណ្ណោះ​។​



​ក្រោយ​សម្រាក​លី​គ​មួយ​សប្តាហ៍ ដ្បិត​មានការ​ប្រកួត​សម្រាប់​ជម្រើសជាតិ​នោះ នៅ​ថ្ងៃទី​២០ ខែតុលា Man Utd នឹងត្រូវ​បើកទ្វារ Old Trafford ដើម្បី​ស្វាគមន៍​ក្រុម​កំពូល​តារាង Liverpool សម្រាប់​ជំនួប​សប្តាហ៍​ទី​៩​។ នេះ​ជា​ប្រកួត​ដ៏​សំខាន់ និង​ត្រូវការ​ឈ្នះ​ជា​ចាំបាច់​សម្រាប់​លោក Solskjaer ដើម្បី​រក្សា​កៅអី​អ្នកចាត់ការ​ទូទៅ​របស់​ខ្លួន​។ ប៉ុន្តែ​បើ​បរាជ័យ​នៅ​ជំនួប​នេះ អ្នកចាត់ការ​សញ្ជាតិ​ន័​រវេ​ស វ័យ​៤៦​ឆ្នាំ​រូបនេះ មាន​ភាគរយ​ច្រើនណាស់​ដែល​ត្រូវ​ក្លិប​បញ្ចប់​តំណែង​។​

​កាលពី​រដូវ​កាល​មុន​ម្ចាស់​ជើងឯក​លី​គ​កំពូល​អង់គ្លេស​២០​សម័យមួយ​នេះ ក៏បាន​បញ្ច​ប់លោក Jose Mourinho ពី​តំណែង​ទាំង​នៅសល់​កិច្ចសន្យា​ផងដែរ បន្ទាប់ពី​ចាញ់​ហង្ស​ក្រហម ៣-១ ជាមួយ​គម្លាត​រហូត​១៩​ពិន្ទុ​។​



​ក្រោយ​អ្នកចាត់ការ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់​ចាក​ចេញពី Manchester លោក Solskjaer បាន​ឡើងទៅ​ជំនួស​តំណែង​ភ្លាមៗ​។ យ៉ាងណា Solskjaer មិន​អាចជួយ​ក្រុម​ទទួលបាន​ចំណាត់ថ្នាក់ Top 4 ដើម្បី​បាន​កៅអី​លេង Champions League ឡើយ​។ Man Utd បញ្ចប់​ទៅក្នុង​ចំណាត់ថ្នាក់​ទី​៦ ក្នុង​តារាង Premier League រដូវ​កាល​មុន ដោយបាន​លេង​ត្រឹម​ក្របខណ្ឌ​ទី​២​អឺរ៉ុប​ប៉ុណ្ណោះ​។​

​ស្របពេល​កៅអី​កំពុងតែ​ក្តៅ តើ​វាសនា​លោក Solskjaer ឆ្នាំនេះ ដូច Mourinho ឆ្នាំមុន​ដែរឬទេ ប្រសិនបើ Man Utd ចាញ់ Liverpool ដែលជា​ក្រុម​កំពុង​ឡើង​ជើង​នោះ​?

​សូមបញ្ជាក់ថា ក្រោយ Sir Alex Ferguson ចាកចេញ​នៅ​ឆ្នាំ​២០១៣ ក្លិប Man Utd បានបញ្ចប់​តំណែង​គ្រូ​ចំនួន​៣​លើក​រួចមកហើយ ក្នុងនោះ​រួមមាន​លោក David Moyes លោក Louis van Gaal និង​ចុងក្រោយ​លោក Jose Mourinho៕


Tag:
 Manchester United
  Ole Gunnar Solskjaer
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com