កីឡាអន្តរជាតិ
អន្តរជាតិ
Barca ឲ្យ​ប្រាក់រង្វាន់​កីឡាករ​១០០​លាន​ដុល្លារ ក្រោយ​ឈ្នះ La Liga និង Super Cup
08, Oct 2019 , 8:19 pm        
រូបភាព
Barcelona បាន​ចំណាយ​ប្រាក់​ចំនួន ៩២ លាន​អឺរ៉ូ (១០០​លាន​ដុល្លារ​អាមេរិក​) ជា​ប្រាក់រង្វាន់​លើកទឹកចិត្ត​ដល់​កីឡាករ​របស់ខ្លួន​ដែល​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​លី​គ​កំពូល​អេ​ស្ប៉ា​ញ La Liga និង Super Cup កាលពី​រដូវ​កាល​មុន​។



​យ៉ាងណាក៏ដោយ​ប្រាក់រង្វាន់​នេះ នៅមាន​ចំនួន​តិចជាង​ឆ្នាំមុន​ជាង​២​លាន​ដុល្លារ ប៉ុន្តែ​ច្រើនជាង​ការចំណាយ​នៅ​ឆ្នាំ​២០១៥ ដែល​ក្រុម​រហ្សនាម​អ្នកបុណ្យ​ឈ្នះ​ពាន​ដល់​ទៅ​៣​ក្នុង​មួយ​រដូវ​កាល​។​

​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​តំបន់​ស្វយ័ត Catalonia បង្ហាញ​ទៀតថា​ពួកគេ​បាន​ចំណាយ​ប្រាក់​សរុប​រហូតដល់ ៥៩៤​លាន​ដុល្លារ​ទៅលើ​ក្រុម​បុគ្គលិក និង​ក្រុម​កីឡាករ​គ្រប់​កម្រិត​ទាំងអស់ ដោយ​ក្នុងនោះ​ប្រាក់ ៣៤២​លាន​ដុល្លារ​បាន​ចំណាយ​ទៅលើ​អ្នកចាត់ការ​ទូទៅ និង​កីឡាករ​ឈុត​ធំ​។​

Barca ឈ្នះ​ជើង​ឯ La Liga និង​ពាន Super Cup រដូវ​កាល ២០១៨-១៩ តែ​របូត​ពាន Copa del Rey ក្រោយ​ប្រកួត​ចាញ់ Valencia ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​។ Barca ក៏ត្រូវ Liverpool ទម្លាក់​ចេញពី​ក្របខណ្ឌ Champions League នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ផងដែរ​។​

​ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ បានផ្តល់​ប្រាក់រង្វាន់ ៩៧​លាន​ដុល្លារ​កាលពី​រដូវ​កាល ២០១៤-១៥ បើ​ទោះ​កីឡាករ​បាន​ជួយ​ក្រុម​ឈ្នះ La Liga, Copa del Rey និង Champions League​។ ប៉ុន្តែ​សម្រាប់​រដូវ​កាល ២០១៧-២០១៨ ពួកគេ​បានផ្តល់​ប្រាក់រង្វាន់​លើកទឹកចិត្ត​រហូតដល់​១០៣ លាន​ដុល្លារ ខណៈដែល​ក្រុម​ឈ្នះ​តែ Copa del Rey និង La Liga ប៉ុណ្ណោះ​៕


Tag:
 Barcelona
© រក្សាសិទ្ធិដោយ thmeythmey.com