ជាតិ
ខេត្ត​ព្រះសីហនុ មាន​សំរាម​១០០០​តោន ក្នុង​មួយថ្ងៃ​!
08, Oct 2019 , 8:39 pm        
រូបភាព
​ភ្នំពេញ​៖ ដោយសារ​កំណើន​ប្រជាពលរដ្ឋ និង​អ្នកវិនិយោគ​នៅ​ខេត្ត​ព្រះសីហនុ​កើនឡើង​ជា​គំហុក​នោះ វា​បានធ្វើឱ្យ​ខេត្ត​តំបន់​ទេសចរណ៍​នេះ កំពុង​ជួប​បញ្ហា​សំរាម និង​បរិស្ថាន​។ នេះ​បើតាម​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​ប្រាប់​លោកស្រី Grace Smith សហ​ស្ថាបនិក Go Green Cambodia និង​ជាទី​ប្រឹក្សា​ធនាគារពិភពលោក ឱ្យជួយ​ផ្ដល់​បច្ចេកទេស​ដោះស្រាយ​បញ្ហា​សំរាម កាលពី​ថ្ងៃទី​៧ តុលា​។​



​លោក គួច ចំរើន ដែល​បានដឹង​ពី​បញ្ហា​សំរាម​នេះ បាន​ប្រាប់​ទីប្រឹក្សា​ធនាគារពិភពលោក​ថា អាជ្ញាធរខេត្ត​កំពុង​ពិភាក្សារ​កដៃ​គូរ​វិនិយោគ​លើ​សំរាម ដោយ​បំ​លែង​ទៅជា​អគ្គីសនី ដើម្បី​ជួយ​កាត់បន្ថយ​បរិមាណ​សំរាម​។​

​ហ្វេ​ស​ប៊ុ​ករ​ដ្ឋា​បាល​ខេត្ត​ព្រះសីហនុ បាន​ស្រង់​សម្តី​អភិបាលខេត្ត​យ៉ាង​ដូច្នេះ​ថា​៖«​ដោយ​ការរីកចម្រើន​រយៈពេល ២​ឆ្នាំនេះ សំរាម​ក៏មាន​ការកើនឡើង​ផងដែរ តាម​ការ​ព្យាករ​សំរាម​កើនឡើង​ពី ១០​ទៅ ១៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ ក្នុង​ឆ្នាំ​២០១៥ សំរាម​មាន​ចន្លោះ​ពី ១០០​ទៅ ២០០​តោន ក្នុង​មួយថ្ងៃ បច្ចុប្បន្ន​សំរាម​មានរ​ហូត ១,០០០​តោន​ក្នុង​មួយថ្ងៃ​។ យើង​ក៏បាន​ធ្វើ​យុទ្ធនាការ​ប្រមូល​សំរាម បង្កើន​ការដឹក​សំរាម​ចេញ​ដោយ​ចង់ដឹងថា​សំរាម​មាន​ប៉ុន្មាន​ក្នុង​មួយថ្ងៃ​»​។​

​លោក គួច ចំរើន បាន​សង្កត់ធ្ងន់ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ប្រមូល​សំរាម​នៅ​ខេត្ត​ព្រះសីហនុ មាន​រថយន្ត​ដឹក​សំរាម​ចំនួន ៨៥​គ្រឿង (​គ្រោង​បន្ថែម​រថយន្ត ៨០​គ្រឿង​ទៀត​នៅពេល​ខាងមុខ​) ប៉ុន្តែ​ការសម្អាត​សំរាម​និង​បរិស្ថាន នៅតែមាន​បញ្ហា ដោយសារ​ក្រុមហ៊ុន​ប្រមូល​សំរាម​ជួប​វិ​ប​ត្ត​ខ្វះ​កម្មករ​។ «​ខេត្ត​ព្រះសីហនុ ជា​ខេត្ត​សេដ្ឋកិច្ច នូវពេល​ក្រុមហ៊ុន​ប្រមូល​សំរាម​រើស​កម្មករ​គ្រប់ គឺ​បានតែ​រយៈពេល​ខ្លី​តែប៉ុណ្ណោះ (​ព្រោះ​)​ពួកគេ​នឹង​ទៅរក​ការងារ​កន្លែង​ថ្មី​។ គួបផ្សំ​នឹង​ផ្លូវថ្នល់​មានការ​ខូចខាត និង​ការកកស្ទះ​ចរាចរណ៍ តាម​ធម្មតា​ឡាន​អាច​ដឹក​សំរាម​ចេញ​បាន ៣​ជើង​ក្នុង​មួយថ្ងៃ តែ​នៅពេល​កកស្ទះ​ការដឹកជញ្ជូន​សំរាម​ចេញ​បាន​តែមួយ​ជើង​ក្នុង​មួយថ្ងៃ ជា​បញ្ហា​ប្រឈម​នាពេល​បច្ចុប្បន្ន​»​។ នេះ​ជាការ​បញ្ជាក់​របស់​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​បន្ថែមថា បញ្ហា​ប្រឈម​ដ៏​ធំ​មួយទៀត​នោះ គឺ​នៅពេល​សំរាម​គរ​ច្រើន​នោះ វា​បាន​ហូរ​តាម​ទឹកភ្លៀង ចូល​លូទឹកកខ្វក់ និង​ធ្លាក់ចូល​សមុទ្រ ។​

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​១៤​កញ្ញា  ឆ្នាំ​២០១៩ មាន​សំរាម​ប្រមាណ​១០០​តោន បាន​រសាត់ ឬ​អណ្តែត​ជាច្រើន​នៅលើ​ផ្នែក​ខាង​នៃ​ឆ្នេរ​អូរ​ឈើទាល ។ មូលហេតុ​ដែល​សំរាម​ទាំងនេះ រសាត់អណ្ដែត​មក​ចុង​សមុទ្រ​ឆ្នេរ​អូរ​ឈើទាល គឺ​បណ្តាលមកពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ដែល​នាំយក​សំរាម​នៅតាម​តំបន់​នានា​ហូរ​ធា្ល​ក់​ចូល​សមុទ្រ ។ ក្រោយ​បោសសម្អាត​សំរាម​ទាំងអស់នោះ អាជ្ញា​ខេត្ត​ព្រះសីហនុ នឹងសិក្សា​រៀបចំ​ដាក់​សំណាញ់​ដែក​បន្ថែម ដើម្បី​ទប់ស្កាត់​សំរាម កុំឱ្យ​ហូល​ចូល​ចាក់​ទៅ​តំបន់ឆ្នេរ​។ នេះ​ជាការ​លើកឡើង​របស់លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​ខេត្ត​ព្រះសីហនុ​។​

​សំរាម​ប្រមាណ ១ ម៉ឺន​តោន ត្រូវបាន​បង្កើតឡើង​ក្នុង​មួយថ្ងៃៗ​នៅ​កម្ពុជា ក្នុងនោះ​សំរាម​ជាង ២០ ភាគរយ​ជា​ថង់​ប្លា​ស្ទិ​ក ឬ​ស្មើនឹង​ប្រមាណ ២,០០០​តោន​។ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លើកឡើង​ដូច្នេះ នៅក្នុង​កម្មវិធី​បញ្ចប់​យុទ្ធនាការ​សប្ដាហ៍​បៃតង​របស់​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី​៦​តុលា ឆ្នាំ​២០១៩​។​

​អ្នកនាំពាក្យ​រូបនេះ បើ​និយាយ​តែ​នៅ​រាជធានី​ភ្នំពេញ មាន​សំរាម​ប្លា​ស្ទិ​ក​ជាងថង់​១០​លាន​ថង់ ត្រូវបាន​បង្កើត​ឡើងជា​រៀងរាល់ថ្ងៃ​។ កត្តា​ចម្បង​បំផុត ដែល​នាំ​ឲ្យ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​កើនឡើង គឺ​ការផ្លាស់ប្ដូរ​ឥរិយាបថ​របស់​ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និង​កំណើន​ប្រជាពលរដ្ឋ​៕


Tag:
 គួច ចំរើន​
  សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com