ពីនេះ ពីនោះ
«​ចាំ​, ប្រចាំ និង​បញ្ចាំ​» មានន័យ​ខុសគ្នា​ដូចម្តេច​?
09, Oct 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
«​ចាំ​»​មានន័យថា មិន​ភ្លេច​,​កត់​ជាប់​ក្នុង​សា្មរ​តី ឬ​ក្នុង​ការនឹកឃើញ​មិនដែល​ភ្លេចភ្លាំង​។ «​ប្រចាំ​»​រង់ចាំ​ឲ្យ​គេ​ធ្វើ​ទើប​ខ្លួន​ធ្វើ​ដែរ ឬ​ដែល​ទុក​បម្រុង​រង់ចាំ​ជានិច្ច​។ ចំណែក​«​បញ្ចាំ​» មានន័យថា​ដាក់​ទ្រព្យ​របស់​អ្វីមួយ​ទុកជា​ភ័ស្តុតាង ហើយ​យកប្រាក់​មិន​ដល់​នឹង​ថ្លៃ​ទ្រព្យ​របស់​នោះ  ដោយ​បម្រុង​នឹង​លោះ​យក​វិញ​។​



​វចនានុក្រម​ខ្មែរ​របស់​ជួន​បញ្ជាក់ថា ពាក្យ «​ចាំ​»​មានន័យ​ច្រើនបែប​។ «​ចាំ​»​សំដៅលើ ការនឹកឃើញ​មិនដែល​ភ្លេច​។ ឧទាហរណ៍​៖ ចាំធម៌​,​ចាំច្បាប់​,​ចាំមេរៀន​។ «​ចាំ​»​សំដៅលើ ការ​រង់ ឬ​បង្អង់​នៅ មិន​ទៅណា​។ ឧទាហរណ៍​៖ ចាំ​ខ្ញុំ​ផង ខ្ញុំ​ទៅ​ដែរ​,​កុំអាល​ទៅណា ចាំ​ខ្ញុំ​ផង​។ «​ចាំ​»​សំដៅលើ​ការមើល​ថែរក្សា​។ ឧទាហរណ៍​៖ ចាំផ្ទះ​,​ចាំចម្ការ​។ «​ចាំ​»​សំដៅលើ​ការ​មានចិត្ត​ប្រតិព័ទ្ធ​កួច​កាន់​ជានិច្ច​។ ឧទាហរណ៍​៖ ចាំចិត្ត​(​ចំពោះតែ​សេ្ន​ហា​មួយ​យ៉ាង​ប៉ុណ្ណោះ​)​។ «​ចាំ​»​សំដៅលើ​ការ​ចាំជើង ដើរ ឬ​ហូរ​,​បោល មិន​ល្អៀង​ឃ្លៀង ឃ្លាត​អំពី​ការបង្ហាត់​។ ឧទាហរណ៍​៖ គោរ​ដើរ​ចាំជើង​,​សេះ​លុន​ចាំជើង​។ អ្នកស្រុក​តែង​ប្រើពាក្យ ចាំជើង ចំពោះ​សត្វ​ដែល​ឡើង​ពាក់​លើ​គ្នា ដោយ​មេថុនសេវនកិច្ច​ថា គោ​ចាំជើង​,​សេះ​ចាំជើង ជាដើម​។​

​ពាក្យ​«​ប្រចាំ​»​ជា​កិរិយាសព្ទ មានន័យថា រង់ចាំ​ឲ្យ​គេ​ធ្វើ​មុន​ទើប​ខ្លួន​ធ្វើតាម​ដែរ​។ ឧទាហរណ៍​៖ ខំធ្វើការ​ទៅ​កុំ​ប្រចាំ​គ្នា​។ «​ប្រចាំ​»​ជា​គុណនាម មានន័យថា ដែល​ទុក​បម្រុង​រង់ចាំ​ជានិច្ច សម្រាប់​រង្វាន់​ប្រចាំខែ​,​រង្វាន់​ប្រចាំឆ្នាំ​។

​ពាក្យ​«​បញ្ចាំ​»​ជា​កិរិយាសព្ទ ឯនេះ​វិញ មានន័យថា ដាក់​ទ្រព្យ​របស់​អ្វីមួយ​ទុកជា​ភ័ស្តុតាង ដើម្បី​យកប្រាក់​ដែល​មិនមាន​តម្លៃ​ដល់​ទ្រព្យ​នោះ និង​មានការ​លោះ​យក​ទ្រព្យ​នោះមក​វិញ​។ ឧទាហរណ៍​៖ បញ្ចាំស្រែ​,​បញ្ចាំចិញ្ចៀន​,​បញ្ចាំចិត្ត​(​ជូន ឬ​ឲ្យ​ទ្រព្យ​របស់​អ្វីមួយ​ជា​ភ័ស្តុតាង​ឲ្យ​ចាំចិត្ត​កុំ​ឲ្យ​ងាក​បែរ​៕


Tag:
 ​ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com