ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រាប់ចិនថា សេដ្ឋកិច្ចកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ
× ភ្នំពេញ៖ កម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ប៉ុន្តែមិនពឹងផ្អែកលើកាស៊ីណូអនឡាញនោះទេ។ នេះជាការបញ្ជាក់របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលប្រាប់គណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន អំពីមូលហេតុនៃការបិទកាស៊ីណូអនឡាញនៅកម្ពុជា។
សម្ដេច ហ៊ុន សែន បានសង្កត់ធ្ងន់ថា គោលការណ៍សេដ្ឋកិច្ចកម្ពុជា គឺត្រូវពង្រឹងការអនុវត្តច្បាប់ ដើម្បីទាក់ទាញអ្នកវិនិយោគបរទេស តែមិនមែនជាវិស័យកាស៊ីណូអនឡាញ។ តាមរយៈហ្វេសប៊ុកប្រមុខរដ្ឋាភិបាល ដែលបានស្រង់ប្រសាសន៍នាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយគណៈប្រតិភូចិន នៅថ្ងៃទី៨ តុលា យ៉ាងដូច្នេះថា៖«កម្ពុជាជាប្រទេសមួយដែលប្រកាន់យកសេដ្ឋកិច្ចទីផ្សារសេរី ក៏ប៉ុន្តែការអភិវឌ្ឍប្រទេសកម្ពុជាមិនពឹងផ្អែកលើកាស៊ីណូអនឡាញទេ ប៉ុន្តែពឹងផ្អែកទៅលើកត្តាជាច្រើននៅក្នុងមូលដ្ឋានសេដ្ឋកិច្ច។ ដូច្នេះគឺយើងធ្វើយ៉ាងណាត្រូវតែពង្រឹងការអនុវត្តច្បាប់នៅប្រទេសកម្ពុជា និងធ្វើយ៉ាងម៉េចដើម្បីទាក់ទាញការវិនិយោគច្បាស់លាស់ តែមកវិនិយោគទៅលើវិស័យផ្សេងៗទៀត មិនមែនតែពឹងផ្អែកទៅលើកាស៊ីណូអនឡាញនោះទេ»។
បើតាមសម្ដេច ហ៊ុន សែន វិស័យកាស៊ីណូអនឡាញនេះ វាមិនផ្ដល់ប្រយោជន៍ឱ្យកម្ពុជាប៉ុន្មានទេ ។ «កម្ពុជាបានពន្ធតិចតួចណាស់តាមរយៈកាស៊ីណូអនឡាញនេះ ហើយកាស៊ីណូអនឡាញនេះ ក៏នាំមកនូវការប្រឈមដូចជា ឧក្រិដ្ឋកម្ម កាលាងលុយកខ្វក់ជាដើម ដែលអាចធ្វើប៉ះពាល់ដល់សង្គម»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រី។
កាលពីថ្ងៃទី១៨ សីហាកន្លងមក សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យអាជ្ញាធរ បង្ក្រាបអាជីវកម្មល្បែងភ្នាល់តាមអ៊ីនធឺណិត ដែលគ្មានអាជ្ញាប័ណ្ណ និងហាមមិនឲ្យចេញអាជ្ញាប័ណ្ណថ្មី ឬបន្តអាជ្ញាបណ្ណ ដល់ក្រុមហ៊ុនល្បែងតាមអនឡាញគ្រប់ប្រភេទឡើយ។ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ល្បែងភ្នាល់តាមប្រព័ន្ធអ៊ីនធឺណិត បានធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម។
សារាចរណែនាំរបស់នាយករដ្ឋមន្ត្រីកម្ពុជា បានសរសេរដូច្នេះថា៖ «ពួកឧក្រិដ្ឋជនបរទេសមួយចំនួន បានជ្រកក្រោមរូបភាពល្បែងភ្នាល់ប្រភេទនេះ ដើម្បីបោកប្រាស់ជំរិតទារប្រាក់ពីជនរងគ្រោះ ទាំងក្នុងនិង ក្រៅប្រទេស ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយក្នុងសង្គម»។
ការប្រកាសបិទល្បែងកាស៊ីណូងនឡាញនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចាប់បញ្ជូនជនជាតិចិន១៨០នាក់នៅខេត្តព្រះសីហនុចេញពីកម្ពុជា ដោយសារពាក់ព័ន្ធបទល្មើសជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត Voice Over Internet Protocol (VOIP)។ បើគិតចាប់តាំងពីឆ្នាំ ២០១៤ មកដល់ខែកក្កដា ឆ្នាំ២០១៩ នេះ អាជ្ញាធរកម្ពុជា បានបណ្ដេញជនល្មើសជនជាតិចិនប្រមាណ ២, ៧០០នាក់ហើយ ចេញពីកម្ពុជា។
ក្រោយពីរដ្ឋាភិបាលកម្ពុជា ចេញវិធានការតឹងរឹងក្នុងការបិទ និងបង្ក្រាបកាស៊ីណូអនឡាញនេះ វាបានធ្វើឱ្យជនជាតិចិនចាកចេញពីកម្ពុជា ជាបន្តបន្ទាប់ ។ ក្នុងនោះមានជនជាតិចិនប្រហែល៦ពាន់នាក់ចាកចេញ ខណៈជនជាតិ៥ពាន់នាក់មកកាន់កម្ពុជា។ នេះបើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ៕
Tag:
ហ៊ុន សែន
កាស៊ីណូអនឡាញ
សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com