ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ប្រាប់​ចិន​ថា សេដ្ឋកិច្ចកម្ពុជា​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​ទេ​
08, Oct 2019 , 4:25 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ប៉ុន្តែ​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​។ នេះ​ជាការ​បញ្ជាក់​របស់​សម្ដេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​ប្រាប់​គណៈប្រតិភូ​សមាគម​ត្រកូល ហ៊ុន នៃ​ប្រទេស​ចិន អំពី​មូលហេតុ​នៃ​ការបិទ​កាស៊ីណូ​អន​ឡាញ​នៅ​កម្ពុជា​។​



​សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា គោលការណ៍​សេដ្ឋកិច្ចកម្ពុជា គឺ​ត្រូវ​ពង្រឹង​ការអនុវត្ត​ច្បាប់ ដើម្បី​ទាក់ទាញ​អ្នកវិនិយោគ​បរទេស តែ​មិនមែនជា​វិស័យ​កាស៊ីណូ​អន​ឡាញ​។ តាមរយៈ​ហ្វេ​ស​ប៊ុ​ក​ប្រមុខ​រដ្ឋាភិបាល ដែល​បាន​ស្រង់​ប្រសាសន៍​នាយករដ្ឋមន្ត្រី ក្នុងជំនួប​ជាមួយ​គណៈប្រតិភូ​ចិន នៅ​ថ្ងៃទី​៨ តុលា យ៉ាង​ដូច្នេះ​ថា​៖«​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ប្រកាន់យក​សេដ្ឋកិច្ច​ទីផ្សារសេរី ក៏ប៉ុន្តែ​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​មិន​ពឹង​ផ្អែកលើ​កាស៊ីណូ​អន​ឡាញ​ទេ ប៉ុន្តែ​ពឹងផ្អែក​ទៅលើ​កត្តា​ជាច្រើន​នៅក្នុង​មូលដ្ឋាន​សេដ្ឋកិច្ច​។ ដូច្នេះ​គឺ​យើង​ធ្វើយ៉ាងណា​ត្រូវតែ​ពង្រឹង​ការអនុវត្ត​ច្បាប់​នៅ​ប្រទេស​កម្ពុជា និង​ធ្វើ​យ៉ាងម៉េច​ដើម្បី​ទាក់ទាញ​ការវិនិយោគ​ច្បាស់លាស់ តែ​មក​វិនិយោគ​ទៅលើ​វិស័យ​ផ្សេងៗ​ទៀត មិនមែន​តែ​ពឹងផ្អែក​ទៅលើ​កាស៊ីណូ​អន​ឡាញ​នោះទេ​»​។​

​បើតាម​សម្ដេច ហ៊ុន សែន វិស័យ​កាស៊ីណូ​អន​ឡាញ​នេះ វា​មិន​ផ្ដល់​ប្រយោជន៍​ឱ្យ​កម្ពុជា​ប៉ុន្មាន​ទេ ។ «​កម្ពុជា​បាន​ពន្ធ​តិចតួច​ណាស់​តាមរយៈ​កាស៊ីណូ​អន​ឡាញ​នេះ ហើយ​កាស៊ីណូ​អន​ឡាញ​នេះ ក៏​នាំមក​នូវ​ការ​ប្រឈម​ដូចជា ឧក្រិដ្ឋកម្ម កា​លាងលុយកខ្វក់​ជាដើម ដែល​អាចធ្វើ​ប៉ះពាល់​ដល់​សង្គម​»​។ នេះ​ជាការ​បញ្ជាក់​របស់​នាយ​ក​រដ្ឋមន្ត្រី​។​

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​១៨ សីហា​កន្លងមក សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​អាជ្ញាធរ បង្ក្រាប​អាជីវកម្ម​ល្បែងភ្នាល់​តាម​អ៊ីនធឺណិត ដែល​គ្មាន​អាជ្ញាប័ណ្ណ និង​ហាម​មិន​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ថ្មី ឬ​បន្ត​អាជ្ញា​បណ្ណ ដល់​ក្រុមហ៊ុន​ល្បែង​តាម​អន​ឡាញ​គ្រប់​ប្រភេទ​ឡើយ​។ សម្តេច ហ៊ុន សែន បាន​បញ្ជាក់ថា ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម​។

​សារាចរ​ណែនាំ​របស់​នាយករដ្ឋមន្ត្រី​កម្ពុជា បាន​សរសេរ​ដូច្នេះ​ថា​៖ «​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែងភ្នាល់​ប្រភេទ​នេះ ដើម្បី​បោកប្រាស់​ជំរិត​ទារប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង​និង ក្រៅប្រទេស ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​»​។

​ការប្រកាស​បិទ​ល្បែង​កាស៊ី​ណូង​ន​ឡាញ​នេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល​ចាប់បញ្ជូន​ជនជាតិ​ចិន​១៨០​នាក់​នៅ​ខេត្ត​ព្រះសីហនុ​ចេញពី​កម្ពុជា ដោយសារ​ពាក់ព័ន្ធ​បទល្មើស​ជំរិត​ទារប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត Voice Over Internet Protocol (VOIP)​។ បើ​គិត​ចាប់តាំងពី​ឆ្នាំ ២០១៤ មកដល់​ខែកក្កដា ឆ្នាំ​២០១៩ នេះ អាជ្ញាធរ​កម្ពុជា បាន​បណ្ដេញ​ជនល្មើស​ជ​ន​ជាតិចិន​ប្រមាណ ២, ៧០០​នាក់​ហើយ ចេញពី​កម្ពុជា​។​

​ក្រោយពី​រដ្ឋាភិបាល​កម្ពុ​ជា ចេញ​វិធានការ​តឹងរឹង​ក្នុង​ការបិទ និង​បង្ក្រាប​កាស៊ីណូ​អន​ឡាញ​នេះ វា​បានធ្វើឱ្យ​ជនជាតិ​ចិន​ចាក​ចេញពី​កម្ពុជា ជា​បន្តបន្ទាប់ ។ ក្នុងនោះ​មាន​ជនជាតិ​ចិន​ប្រហែល​៦​ពាន់​នាក់​ចាកចេញ ខណៈ​ជនជាតិ​៥​ពាន់​នាក់​មកកាន់​កម្ពុជា​។ នេះ​បើតាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ ៕

Tag:
 ហ៊ុន សែន​
  កាស៊ីណូ​អន​ឡាញ​
  សេដ្ឋកិច្ច​
© រក្សាសិទ្ធិដោយ thmeythmey.com