អន្តរជាតិ
ទោះ​ឥណ្ឌូណេស៊ី​រើ​រដ្ឋធានី​, ហ្សា​ការ​តា នៅតែ​ជាទី​ស្នាក់ការអាស៊ាន​ដដែល​
08, Oct 2019 , 9:59 pm        
រូបភាព
អគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបភាព AFP
អគ្គលេខាធិការអាស៊ាន Lim Jock Hoi ។ រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​បើទោះបីជា​ប្រទេស​ឥណ្ឌូណេស៊ី​គ្រោង​នឹង​ផ្លាស់ប្តូរ​រដ្ឋធានី​ពី​ចា​កាតា​ទៅ​កាលី​ម៉ាន់​តាន់​ក្តី ទីស្នាក់ការ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) នៅតែ​ស្ថិតក្នុង​ទីក្រុង​ហ្សា​ការ​តា​ដដែល​។ នេះ​បើតាម​ការលើកឡើង​រប​ស់អគ្គ​លេខាធិការ​អាស៊ាន លោក Lim Jock Hoi ។



​ថ្លែង​នៅក្នុង​វេទិកា​តុមូល​របស់​អ្នកនិពន្ធ​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​សេដ្ឋកិច្ច​អាស៊ាន និង​អាស៊ី​បូព៌ា នៅ​ថ្ងៃទី​៦ ខែតុលា អគ្គលេខាធិការ​អាស៊ាន លោក Lim Jock Hoi លើកឡើងថា ឥណ្ឌូណេស៊ី​នឹងត្រូវ​ផ្លាស់ប្តូរ​រដ្ឋធានី​ទៅ​កោះ​ប័​រ​ណេ​អូ ប៉ុន្តែ​អគ្គលេខាធិការដ្ឋាន​អាស៊ាន នឹងមិន​ត្រូវបាន​ផ្លាស់ប្តូរ​ទីតាំង​ទៅ​ដែរ​នោះទេ ព្រោះ​ទើបតែ​សាងសង់​អគារ​ថ្មី​រួច ហើយ​គេ​ជឿជាក់ថា ហ្សា​ការ​តា​នឹង​ក្លាយជា​រដ្ឋធានី​របស់​អា​ស៊ាន​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​ឥណ្ឌូណេស៊ី The Jakarta Post ។​

​ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ ធ្លាប់បាន​ប្រកាស​ជា​ផ្លូវការ​ថា តំបន់​ពីរ​ដែល​ស្ថិតនៅ​ភាគ​ខាងកើត​នៃ​កោះ​កាលី​ម៉ាន់​តាន់ គឺ​North Penajam Paser និង Kutai Kertanegara នឹង​ក្លាយជា​ទឹកដី​រដ្ឋធានី​ថ្មី​។ ការធ្វើ​បែបនេះ គឺមាន​គោលបំណង​ជួយ​ឲ្យ​ការអភិវឌ្ឍន៍​មាន​ភាពស្មើគ្នា​ពាសពេញ​ផ្ទៃ​ប្រទេស និង​ជួយ​បន្ធូរ​សម្ពាធ​ក្នុង​រដ្ឋធានី​ហ្សា​ការ​តា​។ រដ្ឋធានី​ថ្មី គឺជា​ទីតាំង​រដ្ឋបាល ខណៈ​ហ្សា​ការ​តា នៅតែ​ជា​តំបន់​ពាណិជ្ជកម្ម និង​ជា​មជ្ឈមណ្ឌល​សេដ្ឋកិច្ច​ដដែល​។​

​ការប្រកាស​របស់​ប្រមុខ​លេខាធិការដ្ឋាន​អាស៊ាន​ធ្វើឡើង ក្រោយ​អាស៊ាន​មាន​អាគារ​ធ្វើការ​ថ្មី​សម្រាប់​លេខាធិការដ្ឋាន​របស់ខ្លួន​នៅ​ទីក្រុង​ហ្សា​ការ​តា​។ អគារ​ថ្មី​ត្រូវបាន​សាងសង់​នៅជាប់​អគារ​ចាស់​ក្រោម​ជំនួយ​របស់​ឥណ្ឌូណេស៊ី​។

​អគារ​ថ្មី​នេះ​មាន ១៦​ជាន់ ដែល​ចំណាយ​អស់​ទឹកប្រាក់​ប្រហែល ៥​រយ​ពាន់​លាន​រូពី ឬ​ប្រហែល​ជាជាង ៣៧​លាន​ដុល្លា​អាមេរិក​។ អគារ​ថ្មី​នេះ​មាន​បន្ទប់​ប្រជុំ​ទាំងអស់ ៣០​បន្ទប់ និង​ប្រទេស​ជា​សមាជិក​អាស៊ាន​មាន​បន្ទប់​ផ្ទាល់ខ្លួន​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com