អន្តរជាតិ
លោកស្រី ការី ឡាំ​៖ ហុងកុង​មិន​បដិសេធ​អន្តរាគមន៍​របស់​ចិន បើ​ស្ថានការណ៍​កាន់តែ​អាក្រក់​
08, Oct 2019 , 10:39 pm        
រូបភាព
លោកស្រី ការី ឡាំ (ឆ្វេង) និងលោក ស៊ី ជិនពីង (ស្តាំ) ក្នុងពិធីបើកសម្ភាធស្ពានមួួយ កាលពីឆ្នាំ២០១៨ (ប្រភពរូប៖ AFP.)jpeg
លោកស្រី ការី ឡាំ (ឆ្វេង) និងលោក ស៊ី ជិនពីង (ស្តាំ) ក្នុងពិធីបើកសម្ភាធស្ពានមួួយ កាលពីឆ្នាំ២០១៨ (ប្រភពរូប៖ AFP.)jpeg
ដោយ:
​មេដឹកនាំ​ហុងកុង ការី ឡាំ បានប្រកាស​ជំហរ​ច្បាស់​ថា លោកស្រី​នឹងមិន​ទម្លាក់ចោល​ការស្នើសុំ​ទៅកាន់​រដ្ឋាភិបាល​ចិន ដើម្បី​ជួយ​ធ្វើ​អន្តរាគមន៍​ក្នុង​ទីក្រុង​ហុងកុង ប្រសិនបើ​ស្ថានការណ៍​កាន់តែ​អាក្រក់​បំផុត​នោះ​។ ក៏ប៉ុន្តែ​លោកស្រី យល់ឃើញថា អាជ្ញាធរ​ហុងកុង​អាច​ទប់ទល់​ស្ថានភាព​បច្ចុប្បន្ននេះ​បាន​។​



​ក្នុង​សន្និសីទ​ព័ត៌មាន​ប្រចាំ​សប្តាហ៍​នា​ថ្ងៃ​អង្គារ​ទី​៨ ខែតុលា លោកស្រី ការី ឡាំ នៅតែ​ជឿជាក់​ខ្លាំង​ថា រដ្ឋាភិបាល​ហុងកុង​គួរ​ស្វែងរក​ដំណោះស្រាយ​ខ្លួនឯង ហើយ​នេះ​ក៏​ជា​ជំហរ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ផងដែរ​។ ក៏ប៉ុន្តែ លោកស្រី សង្កត់ធ្ងន់ថា ប្រសិនបើ​ស្ថានភាព​កាន់តែ​អាក្រក់​ខ្លាំង​នោះ គ្មាន​ជម្រើស​ណាមួយ​អាច​ត្រូវ​បោះចោល​ឡើយ ដែល​ក្នុងនោះ​ក៏មាន​ការស្នើសុំ​ជំនួយ​ពី​ក្រុង​ប៉េកាំង​ផងដែរ​។

​ទាក់ទិន​កង្វល់​រឿង​បម្រាម​ម៉ាស់​បិទមុខ មេដឹកនាំ​ហុងកុង​រូបនេះ និយាយថា វា​ជាការ​វាយតម្លៃ​លឿន​ពេក​ដែល​លើកឡើងថា ការដាក់​បម្រាម​នេះ​គ្មាន​ប្រសិទ្ធភាព​នោះ​។ ក៏ប៉ុន្តែ លោកស្រី អះអាង​ជាថ្មី​ថា ប្រសិនបើ​រាល់គ្នា​មាន​មោទកភាព​ចំពោះ​ហុងកុង​ដែលជា​ទីក្រុង​ប្រកាន់ខ្ជាប់​ការពារ​នីតិរដ្ឋ​នោះ សមាសធាតុ​ដ៏​សំខាន់​មួយ​នៃ​នីតិរដ្ឋ គឺមាន​ពលរដ្ឋ​គោរព​ច្បាប់​។ 

​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោកស្រី ការី ឡាំ បញ្ជាក់ទៀតថា លោកស្រី​ពុំមាន​គម្រោង​ប្រើ​អំណាច​បន្ទាន់​ណាមួយ​ដើម្បី​នាំយក​ច្បាប់​ផ្សេង​ទៀតឡើយ ក្រោយពី​បម្រាម​ប្រឆាំង​ការពាក់​ម៉ាស់​បិទមុខ​ដ៏​ចម្រូងចម្រាស​បាន​បង្កើន​ភាព​តានតឹង​ខ្លាំង​នៅ​ទូទាំង​ហុងកុង ហើយ​បណ្តាល​ឲ្យ​ផ្ទុះ​ការតវ៉ា​បួន​ថ្ងៃ​ជាប់ៗ​គ្នា​។

​គួរកត់សម្គាល់​ដែរ​ថា លោកស្រី ឡាំ រង​ការរិះគន់​ខ្លាំងៗ កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន ក្រោយពី​លោកស្រី​បាន​យក​ច្បាប់​បន្ទាន់​សម័យ​អាណានិគម​មកប្រើប្រាស់​ក្នុង​គោលដៅ​ដាក់​បម្រាម​ការពាក់​ម៉ាស់​បិទមុខ​នៅ​ទីសាធារណៈ​។ បម្រាម​នេះ ក៏​អនុវត្ត​ក្នុង​សាលារៀន និង​សកល​វិទ្យាល័យ ហើយ​គ្រូបង្រៀន​តម្រូវ​ឲ្យ​រាយការណ៍​ចំ​នួ​យ​សិស្ស ឬ​និស្សិត​ដែល​ពាក់​ម៉ាស់​បិទមុខ​ទៀតផង​។

​និយាយ​ដល់​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច​ហុងកុង លោកស្រី ការី ឡាំ និយាយថា តួលេខ​ភ្ញៀវទេសចរ បាន​ធ្លាក់ចុះ​យ៉ាងគំហុក​។ ត្រង់នេះ លោកស្រី គូសបញ្ជាក់​បែបនេះ​៖«​សម្រាប់​៦​ថ្ងៃ​ដំបូង​នៃ​ខែតុលា អំឡុងពេល​យើង​ហៅថា​ថ្ងៃ​សម្រាក សប្តាហ៍​មាស នោះ ភ្ញៀវទេសចរ ដែល​មកលេង​កម្សាន្ត​ក្រុង​ហុងកុង បាន​ធ្លាក់ចុះ ៥០​ភាគរយ​។ ការលក់ដូរ​, ការបម្រើ​អាហារ​ហូបចុក​, វិស័យ​ទេសចរណ៍ និង​សណ្ឋាគារ រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដោយ​មនុស្ស​ប្រមាណ​៦០​ម៉ឺន​រងគ្រោះ​»​។ ចំណែក តួលេខ​ភ្ញៀវទេសចរ​ក្នុង​ខែសីហា ធ្លាក់ចុះ​៣០​ភាគរយ និង​កញ្ញា​ធ្លាក់ចុះ​៤០​ភាគរយ​៕

Tag:
 ចិន​
  ហុងកុង​
  ការី ឡាំ
© រក្សាសិទ្ធិដោយ thmeythmey.com