ជាតិ
វីដេអូ
វ័យ​៧១​ឆ្នាំ​លោកយាយ សូ ឡុ​ត ប្រឹង​ចែវ​ទូក​ដឹក​ភ្ញៀវ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ប្តី និង​ទុក​ធ្វើបុណ្យ​
09, Oct 2019 , 7:59 am        
រូបភាព
​សៀមរាប​៖ វ័យ​៧១​ឆ្នាំ​លោកយាយ សូ ឡុ​ត ប្រឹង​ចែវ​ទូក​ដឹក​ភ្ញៀវ ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​ប្តី និង​ទុក​ធ្វើបុណ្យ សម្រាប់​ដំណើរ​ជីវិតចុងក្រោយ​។​



៥​ឆ្នាំ​ហើយ ដែល​លោកយាយ សូ ឡុ​ត ប្រកប​របរ​ចែវ​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត​នៅក្នុង​ព្រៃ​គុប នៃ​សហគមន៍​កំពង់​ភ្លុក ក្នុងស្រុក​បាគង ខេត្តសៀមរាប​។ ភ្ញៀវទេសចរ ដែល​បាន​ជិះទូក​កម្សាន្ត ក្រោម​ដើម​គល់រាំង និង​ដើម​ទោល មាន​ភាពស្រស់​ស្រាយ​ចំពោះ​ទេសភាព​ទីនោះ ប៉ុន្តែ​ជីវិត​ស្ត្រី​ចែវ​ទូក​វ័យ​៧១​ឆ្នាំ​រូបនេះ​វិញ គ្មាន​ភាព​រីករាយ​ឡើយ​។  មាន​សប្បុរ​ខ្មៅ ស្បែក​ជ្រីវជ្រួញ មាឌតូច លោក សូ ឡូត ត្រូវ​ប្រើ​កម្លាំង​ចែវ​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត ជា​ថ្នូរ​នឹង​ទឹកប្រាក់​ពី​៨០០០​រៀល ទៅ​ជាង​១​ម៉ឹ​ន​រៀល​ក្នុង​មួយថ្ងៃ ដើម្បី​យកទៅ​ចិញ្ចឹម​ប្តី​ពិការភាព និង​ទុក​ប្រាក់​ខ្លះ យកទៅ​ធ្វើបុណ្យ សម្រាប់​ដំណើរ​ជីវិតចុងក្រោយ​។​



«​ជីវភាព​ខ្ញុំ មិនបានរ​កអី​ទេ គឺ​ខ្ញុំ​សុំ​សីល​ហើយ ហើយ​ប្តី​ពិការ​អត់​បានរ​កអី​ទេ ។​(​ហើយ​)​បានតែ​អុំទូក​នេះឯង (​យកលុយ​)​ធ្វើបុណ្យ ធ្វើ​ទាន ចាយវាយ​សម្រាប់​ថ្នាំសង្កូវ​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​យាយ ឡុ​ត ដែល​បាន​បន្ថែមថា លោកយាយ​អាច​ចែវ​ទូក​ដឹក​ភ្ញៀវ បាន​ចំនួន​១​ជើង ទៅ​២​ជើង​ក្នុង​មួយថ្ងៃ​។​

​មែនទែនទៅ​លោកយាយ ឡុ​ត ក៏មាន​កូន​៤​នាក់ ដែលមាន​គ្រួសារ​រៀងៗ​ខ្លួន​ដែរ​។ ប៉ុន្តែ​លោកយាយ និង​ប្តី មិន​ចង់​ពឹងផ្អែក​លើ​កូនៗ​ខ្លួន​នោះ ដោយសារតែ​ឃើញ​កូនៗ​សុទ្ធ​តែមាន​ជីវភាព​លំបាក​។​«​ចេះតែ​ប្ដូរ​(​ប្រើ​កម្លាំង​ចែវ​ទូក​កម្សាន្ត ដើម្បី​ចិញ្ចឹម​)​ទៅណា ។ បើ​មិន​ប្តូរ​ទៅ មានកូន​ចៅ​ណា​រក​ចិញ្ចឹម ព្រោះ​នៅតែ​យាយ​និង​តា​(​ប្តី​) តា​ពិការ​ដៃ ពិការ​ជើង​(​ជំងឺលើសឈាម​) ស្ពឹក​ដៃ​មួយ​ចំហៀង ជើង​មួយ​ចំហៀង នៅតែ​ផ្ទះ​ធ្វើ​អ្វី​កើត​»​។ នេះ​ជាការ​បញ្ជាក់​របស់​ស្ត្រី​វ័យ​៧១​ឆ្នាំ ដែល​បន្តថា នៅពេល​ខ្លះ​លោកយាយ ក៏​មិន​អាចមាន​កម្លាំង​អុំទូក​ដឹក​ភ្ញៀវ​បានដែរ ដោយសារ​បញ្ហា​ជំងឺ​។​

​ក្រៅពី​របរ​អុំទូក​ដឹក​ភ្ញៀវ​កម្សាន្ត នៅ​ខែវស្សា ស្ត្រី​ចំណាស់​រូបនេះ មិនមាន​ប្រក​បរបរ​អ្វី​ផ្សេង​ទេ​នា​រដូវប្រាំង ពោលគឺ​លោកយាយ​រស់នៅ ដោយ​ពឹង​អាស្រ័យ​សណ្ដាន​ចិត្តសប្បុរស​របស់​ញាតិមិត្ត បងប្អូន រួមទាំង​កូនៗ​បន្តិចបន្តួច​ប៉ុណ្ណោះ ដើម្បី​ដោះស្រាយ​ជីវភាព​។ លោកយាយ ឡុ​ត នៅតែ​បន្ត​ចែវ​ទូក​ដឹក​ភ្ញៀវ​កម្សាន្ត​នេះ​ទៀត លុះត្រាតែ​កម្លាំង​លែងមាន​។ «​មិនដឹងថា (​ខ្ញុំ​)​បន្ត​ដល់​ពេលណា​ទេ ទាល់តែ​កម្លាំង​ទៅ​មិន​រួច បាន​ឈប់​(​អុំទូក​ដឹក​ភ្ញៀវ​កម្សាន្ត​)​។ នេះ​ជាការ​បញ្ជាក់​របស់លោក​យាយ សូ ឡុ​ត​៕


Tag:
 សូ ឡុ​ត​
  កំពង់​ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com