FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
អង្គការឃ្លាំមើលសិទ្ធិមនុស្ស៖ ការកំណត់ចំនួនស្ត្រីអ៊ីរ៉ង់ចូលកីឡដ្ឋានជាការរើសអើង...
× អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) យល់ឃើញថា ផែនការរបស់អ៊ីរ៉ង់ដើម្បីកំណត់ចំនួនស្ត្រីអាចចូលរួមទស្សនាក្នុងការប្រកួតកីឡាបាល់ទាត់បុរសនៃជំនួបវគ្គជម្រុះ FIFA World Cup 2020 នៅក្រុងតេហេរ៉ង់ជាការបោកបញ្ឆោត រើសអើង និងជាគ្រោះថ្នាក់សម្រាប់ស្ត្រីដដែល។
ទីភ្នាក់ងារព័ត៌មាននិស្សិតអ៊ីរ៉ង់ (ISNA) ប៉ាន់ស្មានថាសំបុត្រជាង៣៥០០សន្លឹកត្រូវបានក្រុមស្ត្រីអ៊ីរ៉ង់ទិញរួចអស់ហើយដើម្បីមើលការប្រកួតរវាងក្រុមជម្រើសជាតិអ៊ីរ៉ង់ ទល់កម្ពុជា នៅថ្ងៃទី១០ ខែតុលា នាកីឡដ្ឋាន Azadi។ នេះជាសំបុត្រស្របច្បាប់សម្រាប់ស្ត្រីអ៊ីរ៉ង់លើកដំបូងក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពីជាប់បម្រាមរយៈពេលជិត៤០ឆ្នាំមក។
កាលពីថ្ងៃទី២២ កញ្ញា ប្រធានសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) លោក Gianni Infantino ប្រកាសថាស្ត្រីអ៊ីរ៉ង់បានអនុញ្ញាតឲ្យចូលមើលការប្រកួតក្រុមបុរសដោយសេរីក្នុងជំនួបវគ្គជម្រុះជុំទី២នៃពានរង្វាន់កីឡាបាល់ទាត់ពិភពលោក ឆ្នាំ២០២២ នៅកាតា រួមទាំងការប្រកួតផ្សេងៗទៀត។ ការប្រកាសនេះ កើតឡើងបន្ទាប់ពីអ្នកគាំទ្រស្ត្រីអ៊ីរ៉ង់ម្នាក់នាង Sahar Khodayari ដុតសម្លាប់ខ្លួននៅមុខតុលាការ ដ្បិតនាងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ខែ ពីបទព្យាយាមចូលកីឡដ្ឋានដោយបន្លំខ្លួនស្លៀកពាក់ជាបុរស។
យ៉ាងណាក៏ដោយ បើទោះជាមានការជំរុញពី FIFA ក្តី ប៉ុន្តែខាងភាគីអាជ្ញាធរអ៊ីរ៉ង់នៅមិនទាន់បើកទូលាយសម្រាប់ស្ត្រីនៅឡើយទេ ដោយពួកគេកំណត់ចំនួនស្ត្រីចូលកីឡដ្ឋានត្រឹមតែ ៤៦០០នាក់ប៉ុណ្ណោះ ខណៈកីឡដ្ឋាន Azadi អាចផ្ទុកអ្នកទស្សនាផ្ទាល់រហូតដល់ទៅ ៩០០០០នាក់។
មានការអនុញ្ជាតិពីសំណាក់អាជ្ញាធរអ៊ីរ៉ង់មែនតែអង្គការឃ្លាំមើលសិទិ្ធមនុស្សបង្ហាញក្តីបារម្ភខ្លាំង ជុំវិញសិទ្ធិរបស់ស្ត្រីក្នុងវិស័យបាល់ទាត់ក្នុងប្រទេសកាន់សាសនាឥស្លាមមួយនេះ។
ស្ត្រីអ៊ីរ៉ង់ពីររូបដែលធ្លាប់បានធ្វើយុទ្ធនាការប្រឆាំងនឹងការហាមប្រាមចូលកីឡដ្ឋាន បានប្រាប់អង្គការសិទិ្ធមនុស្សមួយនេះអំពីឧបសគ្គជាក់ស្តែងនិងគ្រោះថ្នាក់សម្រាប់ស្ត្រី។
សកម្មជនស្ត្រីម្នាក់មកពីក្រុម OpenStadiums (ក្រុមទាមទារឲ្យផ្តល់សិទ្ធិចូលកីឡដ្ឋាន) ដែលសុំមិនបញ្ចេញឈ្មោះដើម្បីការពារសុវត្ថិភាពខ្លួននិយាយថា៖«យើងអាចប្រឈមមុខនឹងការជាប់ពន្ធនាគារច្រើនឆ្នាំ។ ស្ត្រីដែលពាក់ពុកចង្ការបន្លំខ្លួនមិនមែនជាសកម្មជនទេ។ ពួកគេគឺជាអ្នកគាំទ្រដែលគ្រាន់តែចង់ចូលរួមទស្សនាការប្រកួតប៉ុណ្ណោះ។ បើពួកគេបញ្ជូនអ្នកទៅពន្ធនាគារគឺទោសអ្នកស្មើនឹងឧក្រិដ្ឋជន ដែលអ្នកគ្រាន់តែចូលមើលប្រកួតបាល់ទាត់នោះ។ មិនត្រឹមប៉ុណ្ណោះ ទោសមួយនេះនឹងធ្វើបាបអ្នកមួយជីវិត ពោលគឺនៅពេលអ្នកដាក់សុំការងារធ្វើ គឺគេមិនទទួលយកអ្នកឡើយ»។
Human Rights Watch បានផ្តល់យោបល់ទៅកាន់ FIFA ថាស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់ពិភពលោកមួយនេះ គួរប្រើឥទ្ធិពលខ្លួនទៅកាន់អាជ្ញាធរអ៊ីរ៉ង់ដើម្បីដាក់កំហិតឲ្យពួកគេលុបចោលការកំណត់ចំនួនស្ត្រីចូលកីឡដ្ឋានដែលជាការរើសអើងមួយ ហើយអនុញ្ញាតឲ្យស្ត្រីនៅក្នុងប្រទេសអ៊ីរ៉ង់ទាំងអស់ដែលចង់ចូលរួមមើលការប្រកួតបាល់ទាត់អាចមានសិទ្ធិគ្រប់គ្នា៕
Tag:
World Cup
Human Rights Watch
អ៊ីរ៉ង់
ជម្រើសជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com