ជាតិ
សេដ្ឋកិច្ច
នាយករដ្ឋមន្ត្រីកម្ពុជា ប្រាប់ប្រតិភូចិនថា សម្ដេចនិងថ្នាក់ដឹកនាំចិន បាននិយាយគ្នាហើយ ក្នុងករណីEBAដកចេញ
× ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ស្នើឱ្យចិនជួយបន្តវិនិយោគ ទោះបីក្នុងករណីប្រព័ន្ធអនុគ្រោះពន្ធ (Everything But Arms ) ត្រូវដកចេញជាកម្ពុជាក្តី។ សម្ដេច ហ៊ុន សែន លើកឡើងបែបនេះ នៅក្នុងជំនួបគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅថ្ងៃទី៨ តុលានេះ។
សម្ដេច ហ៊ុន សែន ប្រាប់ប្រតិភូចិនថា សម្ដេចនិងប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្ត្រី លី ខឺឈាង រួមទាំងថ្នាក់ដឹកនាំចិន បាននិយាយគ្នាអស់ហើយ ក្នុងករណីEBAដកចេញពីកម្ពុជា។ ត្រង់ចំណុចនេះ សម្ដេច ហ៊ុន សែន ពន្យល់ថា សម្ដេចបានស្នើឱ្យក្រុមហ៊ុនចិន ដែលកំពុងដាក់ទុននៅកម្ពុជា បន្តវិនិយោគ ទោះបីជាមានការបញ្ហាអ្វីក៏ដោយ ជាពិសេសការដក EBA ពីកម្ពុជា ។
ហ្វេសប៊ុកសម្ដេច ហ៊ុន សែន បានស្រង់ប្រសាសន៍សម្ដេច មកសរសេរដូច្នេះថា៖«ពាក់ព័ន្ធនឹងការធ្វើយ៉ាងណាឲ្យពាណិជ្ជករអ្នកវិនិយោគចិនថ្មីរបស់ចិន មកបណ្ដាក់ទុននៅប្រទេសកម្ពុជាបន្ថែម ដើម្បីធ្វើពាណិជ្ជកម្មនៅប្រទេសកម្ពុជា គឺមានន័យថាថែរក្សាចាស់និងបង្កើនការវិនិយោគថ្មី។ សម្ដេចបានស្នើទៅថ្នាក់ដឹកនាំចិន ត្រូវធ្វើយ៉ាងណាបន្តបើកទីផ្សារចិនឲ្យកាន់តែធំជាងមុន សម្រាប់ការនាំចូលផលិតផលកសិផលរបស់ប្រទេសកម្ពុជាទៅទីផ្សាររបស់ប្រទេសចិន»។
កន្លងមកមេដឹកនាំចិន បានប្រកាសថាចិន នឹងជួយដោះស្រាយគ្រប់បញ្ហារបស់កម្ពុជា ដោយក្នុងនោះ រួមទាំង ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលសហភាពអឺរ៉ុបគ្រោងនឹងព្យួរផងដែរ។
កាលពីខែកុម្ភៈ ឆ្នាំ២០១៩ គណកម្មការសហភាពអឺរ៉ុបប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការនៃការអនុវត្តនីតិវិធីពិនិត្យលើប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលមានរយៈពេល ១៨ ខែ ដើម្បីតាមដាន ប្រមូលព័ត៌មាន និងសរសេររបាយការណ៍ មុនឈានដល់ការសម្រេចចិត្តដក ឬមិនដក។
បច្ចុប្បន្ននេះទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងចិន មានលក្ខណៈកើនឡើងជាបន្តបន្ទាប់ ដែលចំនួននេះគោលដៅនៅក្នុងការធ្វើពាណិជ្ជកម្មដល់ឆ្នាំ២០២២ អាចកើនឡើងរហូតដល់ទៅ១០ពាន់លានដុល្លារ។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន៕
Tag:
ហ៊ុន សែន
សេដ្ឋកិច្ច
EBA
© រក្សាសិទ្ធិដោយ thmeythmey.com