អន្តរជាតិ
អាមេរិក ដាក់​អង្គការ​ចិន​២៨ ទៅក្នុង​បញ្ជីខ្មៅ​ពាក់ព័ន្ធ​នឹង​ការធ្វើ​ទុក្ខទោស​លើ​ជនជាតិ​វី​ហ្គ័​រ​
09, Oct 2019 , 8:29 am        
រូបភាព
រូបភាព (AFP)
រូបភាព (AFP)
​អាមេរិក បានសម្រេច​ដាក់​អង្គការ​ចិន​ចំនួន​២៨ ដែល​ត្រូវបាន​ចោទថា មាន​ពាក់ព័ន្ធ​ទៅ​ទៅនឹង​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​វី​ហ្គ័​រ​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង ប្រទេស​ចិន​។ ការិយាល័យ​សន្តិសុខ​សាធារណៈ​ប្រចាំ​ស៊ីន​ជាំ​ង​។



​នៅ​ថ្ងៃទី​៧ ខែតុលា ក្រសួងពាណិជ្ជកម្ម​អាមេរិក បានប្រកាសថា អង្គការ​ចិន​ចំនួន​២៨ ត្រូវបាន​ដាក់បញ្ចូល​ទៅក្នុង​បញ្ជីខ្មៅ​ដែល​ហាមឃាត់​មិន​ឲ្យ​ទិញ​ទំនិញ​ពី​ក្រុមហ៊ុន​អាមេរិក​គ្រប់​ប្រភេទ លុះត្រា​មានការ​យល់ព្រម​ពី​រដ្ឋបាល​ទីក្រុង​វ៉ាស៊ីនតោន​សិន​។

​បើ​ផ្អែក​ទៅតាម​ខ្លឹមសារ​នៃ​សំណុំ​ឯកសារ​របស់​ក្រសួងពាណិជ្ជកម្ម​បាន​ចោទ​អង្គការ​ទាំង​២៨ ចិន​បាន​រំលោភបំពាន និង​ការធ្វើ​ទុក្ខទោស​លើ​សិទ្ធិមនុស្ស ហើយ​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ អង្គភាព​ទាំង​២៨​បាន​ប្រព្រឹត្ត​រឿង​ដូចជា ចូលរួម​ក្នុង​យុទ្ធនាការ​បង្ក្រាប​របស់​ចិន ការឃុំខ្លួន​មនុស្ស​ទ្រង់ទ្រាយ​ធំ ការឃ្លាំមើល​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ប្រឆាំងនឹង​ជនជាតិ​វី​ហ្គ័​រ កា​ហ្សា​ក់ (Kazakh) និង​ជនជាតិភាគតិច​ផ្សេងទៀត​ជាដើម​។

​មិនទាន់មាន​ការឆ្លើយ​តប​ណាមួយ​ពី​ចិន​នៅឡើយ​ទេ​ទៅនឹង​ការសម្រេច​របស់​អាមេរិក​លើ​ដាក់បញ្ចូល​អង្គការ​រប​ស់​ចិន​ចូលទៅក្នុង​បញ្ជីខ្មៅ​នេះ​។ ប៉ុន្តែ​ចិន​ធ្លាប់បាន​បកស្រាយ​ញឹកញាប់​ហើយ​ទាក់ទង​ស្ថានការណ៍​នៅ​ស៊ីន​ជាំ​ង​។ ទាក់ទិន​នឹង​ការចាប់ខ្លួន​ជនភាគតិច​ទាំងនេះ ភាគី​ចិន​បានលើកឡើង​ដដែលៗ​ថា គឺជា​ការចូល​រៀន​វគ្គ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​ទប់ស្កាត់​ក្រុម​ជ្រុលនិយម​នៅក្នុង​ប្រទេស​។

​កន្លងទៅ អាមេរិក និង​អង្គការសហប្រជាជាតិ បាន​អះអាងថា ចិន​បាន​ចាប់ខ្លួន​ជនជាតិភាគតិច​មូស្លីម​វី​ហ្គ័​រ និង​ជនភាគតិច​ឯទៀត​ជាង​មួយ​លាន​នាក់ ហើយ​ឃុំ​ទុក​នៅក្នុង​ជំរុំ​ជាច្រើន​ក្នុង​ខេត្ត​ភាគ​ខាងលិច​មួយ​នេះ​។ បញ្ហា​នេះហើយ បាន​ជំរុញ​ឲ្យ​អាមេរិក ក៏ដូចជា​ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ រិះគន់​យ៉ាង​ចាស់ដៃ​ទៅលើ​វិធានការ​របស់​ទីក្រុង​ប៉េកាំង​។

​ពិតណាស់ ការដាក់បញ្ចូល​អង្គកា​រទាំង​២៨​នេះ គឺ​មិនមែនជា​លើកទីមួយ​ទេ​សម្រាប់​អាមេរិក ចាប់​ទាំងពី​ប្រទេស​ទាំងពីរ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​ជាមួយគ្នា​មក​។ ជាក់ស្តែង​នៅក្នុង​ខែឧសភា ឆ្នាំ​២០១៩ រដ្ឋបាល​លោក ដូ​ណា​ល់ ត្រាំ បានដាក់​បញ្ចូល​ក្រុមហ៊ុន Huawei ចូលទៅក្នុង​បញ្ជី​អង្គភាព​នេះ​ផងដែរ​។

​សូមបញ្ជាក់ថា ក្នុងចំណោម​អង្គការ​ទាំង​២៨​នោះ មាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដូចជា Hikvision, Dahua, Megvii សុទ្ធ​តែមាន​ជំនាញ​ក្នុង​ការផលិត​បច្ចេកវិទ្យា​សម្គាល់​មុខ​មនុស្ស​។ ក្រុមហ៊ុន Hikvision ក៏​ជា​ក្រុមហ៊ុន​ផលិត​គ្រឿង​បរិក្ខារ​ឃ្លាំមើល ឬ​ត្រួតពិនិត្យ​ដ៏​ធំជាងគេ​មួយ​ក្នុង​ពិភពលោក​ដែរ​៕


Tag:
 អាមេរិក​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com