សិង្ហ​បុរី បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាង​៥២​លាន​តោន​ក្នុង​ឆ្នាំ​២០១៧
អន្តរជាតិ
សិង្ហ​បុរី បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាង​៥២​លាន​តោន​ក្នុង​ឆ្នាំ​២០១៧
09, Oct 2019 , 9:19 am        
រូបភាព
រូបភាព Financial Times
រូបភាព Financial Times
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​សិង្ហ​បុរី នៅ​ថ្ងៃទី​៧ ខែតុលា និយាយថា សិង្ហ​បុរី បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ជាង​៥២​លាន​តោន ក្នុង​ឆ្នាំ​២០១៧​កន្លងទៅ​។ វិស័យ​ឧស្សាហកម្ម​សិង្ហ​បុរី មាន​ចំណែក​ធំជាងគេ​ក្នុងការ​បញ្ចេញ​ឧស្ម័ន​បំពុលបរិយាកាស​នេះ ដោយ​បញ្ចេញ​ប្រមាណ ៦០​ភាគរយ​នៃ​ចំនួន​សរុប​។



​វិស័យ​ឧស្សាហកម្ម​សិង្ហ​បុរី បាន​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ច្រើន​វិស័យ​ឯទៀត​។ នេះ​បើតាម​ចម្លើយ​របស់លោក Koh Poh Koon រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី​តប​ទៅនឹង​សំណួ​របស់​សមាជិកសភា​ម្នាក់​ពាក់ព័ន្ធ​វិធានការ​របស់​វិស័យនេះ​ក្នុងការ​កាត់បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។ លោក Koh លើកឡើង​ឡើង​ថា ការ​បំ​ភាយ​ឧស្ម័ន​ពី​វិស័យ​ឧស្សាហកម្ម​ប្រហែល​បី​ភាគ​បួន គឺ​មកពី​ការ​ចម្រាញ់​ប្រេង និង​គីមី​ឥន្ធនៈ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel NewsAsia ។​

​បើតាម​លេខាធិការដ្ឋាន​បម្រែបម្រួល​អាកាសធាតុ​សិង្ហ​បុរី ឧស្ម័ន​ផ្ទះ​កញ្ចក់​ចំនួន​៥២,៥ លាន​តោន​ដែល​បញ្ចេញ​ដោយ​ប្រទេស​សឹង្ហ​បុរី មាន​ទំហំ​ស្មើ ០,១១ ភាគរយ​នៃ​ការ​បំ​ភាយ​ឧស្ម័ន​ពិភពលោក​។ លោក​Koh បញ្ជាក់ថា​នៅ​ឆ្នាំ ២០១៧ ប្រេងឥន្ធនៈ​ផូស៊ីល​ចំនួន ១៩០​លាន​តោន ត្រូវបាន​នាំចូល ហើយ​ប្រហែលជា​៥៥​លាន​តោន ត្រូវបាន​គេ​ចម្រាញ់​ទៅជា​សារធាតុ​គីមី និង​ឥន្ធនៈ​ដែលមាន​តម្លៃ​ខ្ពស់ជាង​មុន​។ ផលិតផល​ថ្មី​ភាគច្រើន​ត្រូវបាន​នាំចេញ​សម្រាប់​ប្រើប្រាស់​នៅក្នុង​ប្រទេស​ដទៃទៀត​។ ចំណែក​ប្រេង​នៅសល់ គឺ​ប្រើ​ក្នុងការ​ការផលិត​ថាមពល និង​មធ្យោបាយ​ធ្វើដំណើរ​។​

​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​សិង្ហ​បុរី​ដដែល​នេះ​បន្តថា ក្នុង​ឆ្នាំ​២០១៩ សិង្ហ​បុរី​អនុវត្ត​គ្រោងការណ៍​នៃ​ប្រសិទ្ធភាព​ថាមពល​ឧស្សាហកម្ម សំដៅ​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ជួយ​ឲ្យ​ការប្រើប្រាស់​ប្រេង​មាន​ប្រសិទ្ធភាព​។  លោក​បន្តថា ការ​សន្សំសំចៃ​អគ្គិសនី ការប្រើប្រាស់​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ និង​ការកាត់បន្ថយ​កាកសំណល់ គឺជា​មធ្យោបាយ​ដ៏​ល្អ​ដើម្បី​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន ហើយ​ក្នុងនាម​ជា​ប្រទេសមួយ សិង្ហ​បុរី នឹង​រួមចំណែក​ក្នុងការ​ដោះស្រាយ​ការប្រែប្រួល​អាកាសធាតុ​ពិភពលោក​

​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស សិង្ហ​បុរី បាន​សន្យា​កាត់បន្ថយ​ការ​សាយភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ ៣៦​ភាគរយ គិតពី​ឆ្នាំ​២០០៥ មកដល់​ឆ្នាំ ២០៣០ និង​កាត់បន្ថយ​ការ​បំ​ភាយ​កាបូន​សរុប​នៅ​ឆ្នាំ​២០៣០ ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com