ជាតិ
រដ្ឋមន្ត្រី​អប់រំ​៖ ឆ្នាំ​២០២០ វិស័យ​អប់រំ​នឹង​អនុវត្ត​តាមបែប​ឌីជីថល ដើម្បី​ស្របតាម​បដិវត្តន៍​ឧស្សាហកម្ម
09, Oct 2019 , 9:50 am        
រូបភាព
​ភ្នំពេញ​៖ នៅ​ឆ្នាំ​២០២០ វិស័យ​អប់រំ​នៅ​កម្ពុជា នឹង​ឈានទៅរក​ការបង្រៀន​តាមបែប​ឌីជីថល ដើម្បី​ឆ្លើយតប​ទៅនឹង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ឬ ៤.០​។ ប៉ុន្តែ​ដើម្បី​សម្រេចបាន​នូវ​ការអប់រំ​តាមបែប​ឌី​ថ​ល​នេះ គឺ​កម្ពុជា​ត្រូវការ​មូលដ្ឋានគ្រឹះ​រឹងមាំ ដែល​ផ្តោត​សំខាន់​លើ​គុណភាព​គ្រូ​ជា​មូលដ្ឋាន​។ នេះ​ជាការ​លើកឡើង​របស់លោក ហង់ ជួន ណា​រ៉ុ​ន  រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​។



​ដើម្បី​សម្រេច​ផែនការ​អប់រំ​នេះ ក្រសួង​អប់រំ​នឹង​អនុវត្ត​វិធីសាស្ត្រ​ថ្មី ដោយ​ឈរលើ​សសរស្តម្ភ​ចំនួន​៤ ដែល​ក្នុងនោះ​រួមមាន ការឆ្លើយតប​យុគសម័យ​បច្ចេកវិទ្យា ការធ្វើកំណែទម្រង់​សាលារៀន ការធ្វើកំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​គ្រូ និង​ការរៀបចំ​សាលារៀន​ជំនាន់​ថ្មី​។ ថ្លែង​ក្នុង​បាឋកថា​សាធារណៈ​ស្តីពី​អក្ខរកម្ម​ឌីជីថល​ក្នុង​បរិបទ​កម្ពុជា​ឧស្សាហកម្ម​៤.០ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិ​ការ​កម្ពុជា​-​កូរ៉េ​(CKCC) នា​ថ្ងៃទី​៨ តុលា ឆ្នាំ​២០១៩ លោក ហង់ ជួន ណា​រ៉ុ​ន បាន​និយាយ​ដូច្នេះ​ថា​៖ «​ការឆ្លើយតប​យុគសម័យ​បច្ចេកវិទ្យា គឺ​ការបង្រៀន​ឱ្យ​សិស្ស​យើង​ចេះ​ប្រើប្រាស់​នូវ​ចំណេះដឹង​បែប​បច្ចេកវិទ្យា​ដើម្បី​ដោះស្រាយ​បញ្ហា​នានា​»​។ 



​រដ្ឋមន្ត្រី​អប់រំ​រូបនេះ បាន​ពន្យល់ថា​ការប្រើប្រាស់​បច្ចេកទេស ដើម្បី​ដោះ​ស្រោ​យ​បញ្ហា​ក្នុងសង្គម ដូចជា ការកកស្ទះ​ចរាចរណ៍ ការដោះស្រាយ​ទីផ្សារ​សម្រាប់​កសិករ ការដោះស្រាយ​បញ្ហា​លើ​សេវាសាធារណៈ ឬ​សេវា​សុខាភិបាល​ជាដើម គឺ​ទាមទារ​អ្នក​ទាំងនោះ​មានចំណេះដឹង​ប្រើប្រាស់​នូវ​ឧបករណ៍​ឌីជីថល រួមមាន កុំព្យូទ័រ និង​ទូរ​សព្ទ​ដៃ​ទំនើប​ជាដើម ដែល​បំពាក់​កម្មវិធី​ទំនើបៗ សម្រាប់​ដោះ​ស្រោ​យ​បញ្ហា​ជាក់ស្តែង​ទាំងនោះ​។

​ដើម្បីឱ្យ​សិស្ស​អនុវត្ត​នូវ​កម្មវិធីសិក្សា​នេះ គ្រូបង្រៀន​ត្រូវមាន​ចំណេះដឹង​ទូលំទូលាយ ហើយ​ត្រូវ​លើកទឹកចិត្ត​សិស្ស​ឱ្យ​ចេះ​សួរដេញដោល​គ្នា​ទៅវិញទៅមក​។ ជាពិសេស​ផ្លាស់ប្តូរ​ការបង្រៀន​សិស្ស ពី​ការឱ្យ​ទន្ទេញមេរៀន មក​ធ្វើ​ការងារ​ជា​ក្រុម ក្នុងការ​ដោះស្រាយ​សំណួរ ឬ​លំ​ហាត់​ណាមួយ តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​ដោយ​ខ្លួនឯង​វិញ​។ នេះ​បើតាម​លោក ហង់ ជួន ណា​រ៉ុ​ន​។

​រដ្ឋមន្ត្រី​អប់រំ បាន​សង្កត់ធ្ងន់ថា​៖« នៅពេល​សិស្ស​ចេះ​ស្រាវជ្រាវ​ដោយ​ខ្លួនឯង គឺ​ចាំ​ជាង​ការ​ទន្ទេញ​ចាំមាត់​ដោយ​ពុំមាន​ការស្រាវជ្រាវ និង​ស្វែងយល់​ដោយ​ខ្លួនឯង​។ លើសពីនេះ សិស្ស​នឹងមាន​ភាពក្លាហាន  ចេះ​ធ្វើ​ការងារ​ទំនាក់ទំនង​គ្នា​ក្រុម ចេះ​ធ្វើ​បទ​បង្ហាញ​....»​។

​ដោយឡែក ការ​កំណែទម្រង់​សាលារៀន​វិញ ក្រសួង នឹង​ជ្រើសរើស​អនុវិទ្យាល័យ​ចំនួន​១០០ និង​វិទ្យាល័យ​ចំនួន​៥០ ដើម្បី​ធ្វើជា​សាលា​គំរូ​នៃ​ការអនុវត្ត​គោលនយោបាយ​ថ្មី​នៃ​យុគសម័យ​ឌីជីថល​នេះ រួមទាំង​ការពង្រឹង​សមត្ថភាព និង​ចំណេះ​គ្រូ​បន្ថែមទៀត​។ ចំណុច​ទាំងនេះ​គឺជា​ផែនការ​កម្មវិធីសិក្សា​ថ្មី ដែល​នឹងត្រូវ​អនុវត្ត​ឡើង​នៅក្នុង​ឆ្នាំ​២០២០​ខាងមុខ​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​។


ប្រភពរូប៖ ក្រសួងអប់រំ យុវជន និងកីឡា

អម​ជាមួយគ្នានេះ​លោក ដាវ អាន​សាន នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា បាន​លើកឡើងថា ការ​រ​រៀបចំ​កម្មវិធី​បាឋកថា​សាធារណៈ​នេះ​ឡើង ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការយល់ដឹង​ដល់​ពលរដ្ឋ​កម្ពុជា ពិសេស​សិស្ស​-​និស្សិត អំពី​ទិដ្ឋភាព​ជារួម និង​បញ្ហា​ប្រឈម​ក្នុងការ​សម្រប​ខ្លួន ក៏ដូចជា​ការត្រៀមខ្លួន​ទាញយក​ផលប្រយោជន៍​ពី​ឧស្សាហកម្ម​៤.០​។   បើតាម​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា​រូបនេះ កម្ពុជា​បច្ចុប្បន្នកំពុង​យកចិត្តទុកដាក់​កាន់តែខ្លាំង​ឡើង គួរឱ្យកត់សម្គាល់​ពី​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន ក្នុង​បរិ​ប​បទ​នៃ​យុគសម័យ​ឌីជីថល និង​ការចាប់ផ្តើម​យក​ប្រកបដោយ​សក្កា​នុព​ល​ជារួម​របស់​កម្ពុជា​។ 
 
​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​ក​ម្ពុ​ជា​រូបនេះ​និយាយ​ដូច្នេះ ដោយសារ​លោក​សម្លឹងមើល​ឃើញថា​កម្ពុ​ជាមាន​សិស្ស​ជាច្រើន​រៀន​ផ្នែក​វិទ្យាសាស្ត្រ ដែលជា​ក្រុមយុវជន​ងាយ​ទទួលយក​ការអប់រំ​នូវ​អ្វីដែល​ថ្មី និង​សម័យ ពិសេស​គឺ​បច្ចេកវិទ្យា​ឌីជីថល​នេះ​តែម្តង​។ លើសពីនេះ ការ​កំណើន​យ៉ាងខ្លាំង​នៃ​អ្នកប្រើប្រាស់​ឧបករណ៍​វៃឆ្លាត​ដូចជា​ទំនើប​ដៃ​ជាដើម និង​ការ​កំណើន​នៃ​សកម្មភាព​សេដ្ឋកិច្ច ក្នុង​សហគ្រាស ពាណិជ្ជកម្ម រួមទាំង​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​ការវិនិយោគ​ក្នុងស្រុក  ដែល​ពួកគេ​បាន​ចាប់យក​បច្ចេកវិទ្យា​ឌីជីថល​ក្នុង​ប្រតិបត្តិការ និង​សកម្មភាព​អនុវត្ត​ធុរៈកិច្ច​ទាំងនោះ​។ ជាក់ស្តែង​ប្រតិបត្តិ​ការទូទាត់​សាច់ប្រាក់ សកម្មភាព​លក់ដូរ​តាម​អន​ឡាញ ជាដើម​។​
​សមាសភាព​សំខាន់នៅ​មូលដ្ឋាន​ក្នុង​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ ដែល​រដ្ឋមន្ត្រីក្រសួង​អប់រំ បានលើកឡើង​ក្នុង នោះ​មាន ទី​១ គុណភាព​គ្រូបង្រៀន ដែលជា​អ្នកសម្របសម្រួល​ក្នុងការ​សិក្សា​របស់​សិស្ស​។ ទី​២ គឺ​កម្មវិធីសិក្សា​តាមបែប​បញ្ញត្តិ ដែល​រៀន​មិន​ត្រឹម​ការ​ទន្ទេញ​ឱ្យ​ចាំ​នោះទេ តែ​រៀន​ដើម្បីឱ្យ​សិស្ស​ចេះ​ត្រិះរិះ​ពិចារណា រកហេតុ​ផល និង​ចេះ​ប្រៀបធៀប​រវាង​អតីតកាល  បច្ចុប្បន្នកាល​និង​អនាគតកាល តាមរយៈ​វិធីសាស្ត្រ​បង្រៀន​ថ្មី ដោយ​បង្រៀន​ឱ្យ​សិស្ស​ចេះ​ធ្វើ​ការងារ​ជា​ក្រុម មិន​ថា​មេរៀន​បែប​ប្រវត្តិសាស្ត្រ ឬ​វិទ្យាសាស្ត្រ​។ ទី​៣ គឺ​ការវាយតម្លៃ​ទាំង​ការបង្រៀន​ក្នុង​ថ្នាក់រៀន និង​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​(​បាក់​ឌុប​) ទី​៤ គឺ​ការអនុវត្ត​អធិការកិច្ច និង​ទី​៥.​គឺ​ការផ្សារភ្ជាប់​គ្នា​រវាង​ថ្នាក់មធ្យមសិក្សា​ទៅ​ឧ​ត្ត​មសិ​ក្សា​។

​បច្ចុប្បន្ន​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​មាន​៦០​ភាគរយ​, បឋមសិក្សា​ដែលមាន​អត្រា​ពិត​នៃ​ការសិក្សា​មាន​៩៨​ភាគរយ​, មធ្យមសិក្សា​បឋមភូមិ​មាន​អត្រា​រួម​នៃ​ការសិក្សា​ពី​៥៥-៥៩​ភាគរយ​, មធ្យមសិក្សា​ទុតិយភូមិ មាន​អត្រា​ពិត​នៃ​ការសិក្សា​ពី​២៦-៣០​ភាគរយ​, ឧ​ត្ត​ម​សិក្សា​មាន​អត្រា​ពិត​នៃ​ការសិក្សា ចន្លោះ​អាយុ​១៨-២០​ឆ្នាំ មាន​១២​ភាគរយ​។ ដោយឡែក​និស្សិត​មុខ​វិទ្យា STEAM មាន​១៩-២៧​ភាគរយ​៕

ប្រភពរូប៖ ក្រសួងអប់រំ យុវជន និងកីឡា


Tag:
 Digital
  បដិវត្តន៍​ឧស្សាហកម្ម​
  ហង់ ជូន ណា​រ៉ុ​ន​
© រក្សាសិទ្ធិដោយ thmeythmey.com