អន្តរជាតិ
វេជ្ជបណ្ឌិត​ប៉ា​គី​ស្ថាន​ជួយ CIA រក​ទីតាំង Bin Laden ចូល​សវនាការ​ជាថ្មី​
09, Oct 2019 , 12:59 pm        
រូបភាព
លោកវេជ្ជបណ្ឌិត Shakil Afridi (ឆ្វេង) និង មេភេរវករអាល់កៃដា Bin Laden
លោកវេជ្ជបណ្ឌិត Shakil Afridi (ឆ្វេង) និង មេភេរវករអាល់កៃដា Bin Laden
ដោយ:
​តុលាការ​ប៉ា​គី​ស្ថាន នឹង​បើកសវនាការ​ក្នុង​សំណុំរឿង​លោក​វេជ្ជបណ្ឌិត Shakil Afridi ដែល​រង​ការចោទប្រកាន់ថា សហការ​ជាមួយ​សហរដ្ឋអាមេរិក​កំណត់​ទីតាំង​មេ​ភេរវ​ករ​អាល់​កៃ​ដា Osama Bin Laden​។  សវនាការ​ថ្ងៃ​ពុធ ទី​៩ តុលា​នេះ គឺជា​ការកាត់ក្តី​ជា​ចំហ​លើកដំបូង​ក្នុងប្រទេស​ប៉ា​គី​ស្ថាន គិត​ចាប់ពី​លោក​ត្រូវបាន​ឃុំខ្លួន​មក​។ យ៉ាងណាមិញ លោក ពុំទាន់​ត្រូវបាន​កាត់ទោស​ជា​ផ្លូវការ​នៅឡើយ​ទេ​សម្រាប់​តួនាទី​លោក​ក្នុង​ប្រតិបត្តិ​ឆ្នាំ​២០១១ របស់​អាមេរិក​។



​ខណៈ​វេជ្ជបណ្ឌិត​រូបនេះ ត្រូវបាន​ចាត់ទុកជា​វីរបុរស​ក្នុង​សហរដ្ឋអាមេរិក នៅ​ប៉ា​គី​ស្ថាន លោក Afridi ត្រូវបាន​មើលឃើញ​ដោយ​មនុស្ស​ជាច្រើន​ថា ជា​ជន​ក្បត់​ម្នាក់​ដែល​នាំយក​ភាព​អាប់ឱន​ដល់​ប្រទេសជាតិ​។ បើ​គ្មាន​វេជ្ជបណ្ឌិត​រូបនេះ​ទេ កម្លាំង​ពិសេស​អាមេរិក Navy Seal ពុំ​អាច​បើក​ប្រតិបត្តិ​យ៉ាង​មាន​ប្រសិទ្ធភាព​ចូលទៅ​សម្លាប់​មេគំនិត​នៃ​ការវាយប្រហារ ៩ កញ្ញា ហើយ​ហោះ​ចេញពី​ទឹកដី​ប៉ា​គី​ស្ថាន ព្រមទាំង​ដឹក​សព Osama Bin Laden ទៅ​បោះចោល​នៅ​បាតសមុទ្រ ដោយ​គ្មាន​ឧបសគ្គ​អ្វី​សោះ​។ សម្រាប់​ហេតុការណ៍​នេះ គេ​បាន​លើក​ជា​សំណួរ​ថា តើ​យោធា​ប៉ា​គី​ស្ថាន​ដឹង​ទេ​ថា Bin Laden បាន​សម្ងំ​លាក់ខ្លួន​នៅក្នុង​ប្រទេស​នេះ​។

​លោក​វេជ្ជបណ្ឌិត Afridi គឺជា​គ្រូពេទ្យ​ដ៏​សកម្ម​ម្នាក់​ក្នុង​សង្កាត់ Khyber និង​ជា​ប្រធាន​ផ្នែក​សុខាភិបាល​ម្នាក់ ដែល​ទទួលបន្ទុក​លើក​ម្ម​វិធី​វ៉ាក់សាំង​មួយចំនួន ដែល​គាំទ្រ​ដោយ​ជំនួយ​អាមេរិក​។ ជា​បុគ្គលិក​រដ្ឋាភិបាល​ម្នាក់ លោក​បាន​បង្កើត​កម្មវិធី​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺថ្លើម​ប្រភេទ B ដែល​ក៏មាន​ប្រចាំការ​ក្នុង​ក្រុង Abbottabad ដែលជា​ទីតាំង​លាក់ខ្លួន​របស់ Bin Laden ក្រោម​ការឃ្លាំមើល​របស់​យោធា​ប៉ា​គី​ស្ថាន​។​

​ផែនការ​របស់​ភ្នាក់ងារ​សម្ងាត់​អាមេរិក (CIA) នៅពេលនោះ គឺ​យក​គំរូ​ឈាម​ពី​កូនក្មេង​ម្នាក់​ដែល​រស់​ក្នុងផ្ទះ​នា​ក្រុង Abbottabad ដើម្បី​ពិនិត្យ DNA សំដៅ​បញ្ជាក់ថា​តើ​ថា​ពួកគេ​គឺជា​សាច់ញាតិ​របស់ Bin Laden ឬ​យ៉ាងណា​។ គេ​មាន​ដំណឹង​ថា បុគ្គលិក​ម្នាក់​របស់លោក​វេជ្ជបណ្ឌិត Afridi បាន​ចូលទៅ​ក្នុងផ្ទះ​នោះ ហើយ​ប្រមូលយក​គំរូ​ឈាម ក៏ប៉ុន្តែ​គ្មាន​នរណា​ដឹង​ច្បាស់​ទេ​ថា ឈាម​នេះ អាចជា​ភស្តុតាង​នៃ​ជោគជ័យ​របស់​ភ្នាក់ងារ​សម្ងាត់​អាមេរិក ក្នុងការ​កំណត់​ទីតាំង Bin Laden នោះទេ​។ ចុងក្រោយ លោក Afridi ត្រូវបានចាប់​ខ្លួន នៅ​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០១១ ពោលគឺ​២០​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី Bin Laden ត្រូវបាន​សម្លាប់​។

​ក្នុង​ខែមករា ២០១២ មន្ត្រី​អាមេរិក បាន​សារ​ភាពជា​សាធារណៈ​ថា លោក​វេជ្ជបណ្ឌិត Afridi បានធ្វើការ​ជាមួយ​ភ្នាក់ងារ​សម្ងាត់​អាមេរិក​។  យោងតាម​ការស៊ើបអង្កេត​របស់​អាជ្ញាធរ​ប៉ា​គិ​ស្ថាន លោក​វេជ្ជបណ្ឌិត Afridi មិនបាន​ដឹងថា​អ្នកណា​ជា​គោលដៅ​នៃប្រតិបត្តិ​ការ​នេះ​ទេ​នៅពេលដែល​ភ្នាក់ងារ CIA អាមេរិក បានជ្រើសរើស​គាត់​ឲ្យ​ធ្វើការ​នេះ​។​

​ទោះបីជា​លោក​ពុំ​ត្រូវបាន​កាត់ទោស​ជា​ផ្លូវការ​ពាក់ព័ន្ធ​រឿង​ជួយ​ជ្រោមជ្រែង​អាមេរិក​សម្លាប់ Bin Laden ប៉ុន្តែ​អ្វីដែល​ជាក់ច្បាស់​នោះ គឺ​ហេតុការណ៍​នេះ ជា​រឿង​ដ៏​អាម៉ាស់​បំផុត​សម្រាប់​មុខមាត់​ប៉ា​គី​ស្ថាន​លើ​ឆាក​អន្តរជាតិ​។ បើទោះជា​មន្ត្រី​ប៉ា​គី​ស្ថាន ខឹងសម្បារ​ជាមួយ​អ្វីដែល​ពួកគេ​យល់ឃើញថា ជាការ​រំលោភបំពាន​អធិបតេយ្យភាព​ខ្លួន​នោះ ភ្នាក់ងារ​សម្ងាត់​ប៉ា​គី​ស្ថាន ធ្លាប់បាន​សារភាព​ជា​ចំហ​ថា ខ្លួន​ពិតជា​គ្មាន​ដំណឹង​ថា មេ​ភេរវជន​អាល់​កៃ​ដា​បាន​សម្ងំ​លាក់ខ្លួន​ក្នុងប្រទេស​ខ្លួន​នៅ​អគារ​កម្ពស់​៣​ជាន់​រយៈពេល​ជាច្រើន​ឆ្នាំ​ឡើយ​។

​កាលនោះ មន្ត្រីជាន់ខ្ពស់​របស់​សេត​វិមាន​ទទួលបន្ទុក​កិច្ចការ​ភេរវកម្ម  បាន​និយាយថា វា​មិនគួរ​ឲ្យ​ជឿ​ឡើយ​ដែល Bin Laden មិន​ទទួលបាន​ការគាំទ្រ​ណាមួយ​ពី​ប៉ា​គី​ស្ថាន​។ យ៉ាងណាមិញ ការចោទប្រកាន់​នេះ ត្រូវបាន​ក្រុង​អ៊ី​ស្លា​ម៉ា​បាដ​ច្រានចោល​។ ក៏ប៉ុន្តែ គេ​យល់ឃើញថា ការកាត់ទោស​លោក​វេជ្ជ​បណ្ឌិត Afridi សម្រាប់​ការចូលរួម​របស់លោក​ក្នុង​ប្រតិបត្តិការ​អាមេរិក នឹង​កាន់តែ​បង្កើត​កេរ្តិ៍ឈ្មោះ​អាក្រក់​បន្ថែមទៀត​លើ​ប៉ា​គី​ស្ថាន​។

​ទោះបីជា​ដំបូង​ឡើយ​រង​ការចោទប្រកាន់​រឿង​ក្បត់ជាតិ  លោក​វេជ្ជបណ្ឌិត Afridi ទីបំផុត បែរជា​កាត់ទោស​ឲ្យ​ជាប់គុក​ក្នុង​ខែឧសភា ២០១២ ដោយ​ពាក់ព័ន្ធ​នឹង​ការជួយឧបត្ថម្ភ​ដល់​ក្រុម​ឧទ្ទាម​ទៅវិញ​។ លោក​ត្រូវបាន​តុលារ​កាត់ទោស​ឲ្យ​ជាប់គុក​៣៣​ឆ្នាំ ហើយ​ក្រោយមក​កាត់បន្ថយ​មក​ត្រឹម ២៣​ឆ្នាំ​។ បន្ថែម​ពីនេះ លោក ក៏​រង​ការចោទប្រកាន់ថា​ផ្តល់ជំនួយ​ផ្នែក​វេជ្ជសាស្ត្រ​ដល់​ក្រុម​ឧទ្ទាម​ប្រយុទ្ធ ហើយ​ព្រមទាំង​អនុញ្ញាត​ឲ្យ​ក្រុម​នោះ​បើក​កិច្ចប្រជុំ​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​ដែល​លោក​គ្រប់គ្រង​ទៀតផង​។ យ៉ាងណាមិញ មេធាវី និង​ក្រុមគ្រួសារ​លោក បាន​បដិសេធ​ការចោទប្រកាន់​ទាំងនេះ ដោយ​បកស្រាយ​ថា លោក​ផ្តល់​លុយ​ឲ្យ​ក្រុម​ឧទ្ទាម​នោះ ក៏​ព្រោះតែ​ដើម្បី​ធានា​ការដោះលែង​ខ្លួន​លោក​ប៉ុណ្ណោះ ក្រោយពី​លោក​ត្រូវបាន​ជាប់​ជំរិត​ក្នុង​ឆ្នាំ​២០០៨៕

 










Tag:
 ប៉ា​គី​ស្ថាន​
  CIA
  Bil Laden
© រក្សាសិទ្ធិដោយ thmeythmey.com