ជាតិ
សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា ស្នើ​សម្ដេច ហ៊ុន សែន ឱ្យ​បញ្ជូន​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​រឿង​ព្រំដែន​
09, Oct 2019 , 12:22 pm        
រូបភាព
​ភ្នំពេញ​៖ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បានដាក់​សំណើ​ទៅ​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​សុំ​បញ្ជូន​លោក វ៉ា គឹមហុង ប្រធាន​អាជ្ញាធរ​ជាតិ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ចូល​បំភ្លឺ​ពី​កិច្ចការ​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម និង​ប្រទេសជិតខាង​កម្ពុជា​។ នេះ​បើតាម​លិខិត​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ នៅ​ថ្ងៃទី​៩ តុលា​។



​លោក ពេជ្រ ស្រស់ សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់យោបល់ បាន​បញ្ជាក់ថា មូលហេតុ​ដែល​លោក សុំឱ្យ​លោក វ៉ា គឹមហុង បំភ្លឺ​រឿង​ព្រំដែន​នេះ គឹ​ដើម្បី​បកស្រាយ និង​លុបបំបាត់​ការងឿងឆ្ងល់​របស់​ពល​រដ្ឋ ជុំវិញ​បញ្ហា​នេះ​។ លិខិតស្នើ​ទៅ​សម្ដេច ហ៊ុន សែន ដែល​ចុះហត្ថលេខា ដោយ​លោក ពេជ្រ ស្រស់ បាន​សរសេរ​ដូច្នេះ​ថា​៖«​ខ្ញុំ​ជា​ប្រធាន​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា បាន​សង្កេតឃើញថា មានការ​ផ្សព្វផ្សាយ​ព័ត៌មាន អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តីអំពី​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​ការកំណត់​ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​ឆ្នាំ​២០០៥ និង​ពិសារ​ខណ្ឌសីមា និង​បង្គោល​ព្រំដែន​គោក​ប្រទេស​ទាំងពីរ ដែលជា​ចំណុច​ងឿងឆ្ងល់​របស់​ប្រជាពលរដ្ឋ​ទូទៅ​។ ពិសេស​មិនបាន​យល់ច្បាស់​អំពី​គោលបំណង​នៃ​សន្ធិសញ្ញា​ទាំងពីរ​ខាងលើ​មិនបាន​ច្បាស់លាស់ អាចជា​ហេតុ​បង្ក​ឱ្យ​អសន្តិសុខ​ក្នុង​សង្គមជាតិ​»​។​

​បើតាម​លោក ពេជ្រ ស្រស់ គោលបំណង​នៃ​ការសុំ​ឱ្យ​លោក វ៉ា គឹមហុង ចូល​បំភ្លឺ​នេះ គឺ​ដើម្បី​ស្វែងរក​ចំណុច​វិជ្ជមាន និង​អវិជ្ជមាន​អំពី​កិច្ចព្រមព្រៀង​ចំនួន​២ រវាង​កម្ពុជា និង​វៀតណាម ស្តីពី​សន្ធិសញ្ញា​បំពេញបន្ថែម និង​នីតិវិធី​នៃ​ការបោះបង្គោល​កំណត់ព្រំដែន ជាមួយ​ប្រទេសជិតខាង​មួយចំនួនទៀត​។​

អត្ថបទទាក់ទង

​កាលពី​ថ្ងៃទី​៥ តុលា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​សម​ភាគី​វៀតណាម បាន​មាន​វត្តមាន​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ ទោះ​មិនទាន់​បានបញ្ចប់​សព្វគ្រប់​នូវ​កិច្ច​ការកំណត់​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេសជិតខាង​ទាំងពីរ​ក្តី ប៉ុន្តែ​សម្តេច ហ៊ុន សែន បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​។​

​បើទោះជា​នៅ​សេសសល់​១៦​ភាគរយ​ទៀត​ក៏ដោយ សម្រាប់​សម្តេច ហ៊ុន សែន ការ​ឈានដល់​ការចុះហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​ថា ដំណោះស្រាយ​ព្រំដែន​រវាង​ប្រទេសជិតខាង​ទាំងពីរ​បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​មោទនៈ និង​ប្រកបដោយ​ភាតរភាព​។​

​តែ​យ៉ាងណា​គណបក្សនយោបាយ​នានា ក៏បាន​បង្ហាញ​ជំហរ​មិន​ទុកចិត្ត ចំពោះ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​នេះដែរ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញថា ក្នុងស្ថានភាព​នយោបាយ ដែល​ប្រទេស​មិនទាន់មាន​ឯកភាព​ជាតិ និង​ក្នុងពេលដែល​សភាជាតិ គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​នោះ រដ្ឋសភា​ពុំគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ​។​

​ត្រង់ចំណុច​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​៤​ចំណុច ដោយ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ​ច្បាប់​ទាំងពីរ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ ជា​សាធារណៈ​។ ជាពិសេស​រដ្ឋាភិបាល ត្រូវ​ធានាថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ម្ចាស់​ដី​នៅតាម​បន្ទាត់​ព្រំដែន អាច​កាន់កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​ដើរ​ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង​។ បន្ថែម​ពីនេះ​ទៀត រដ្ឋាភិបាល​កម្ពុជា ត្រូវ​អភិវឌ្ឍន៍​តំបន់​ព្រំដែន ទៅជា​សហគមន៍​សម្បូរ​សប្បាយ និង​ចុងក្រោយ រដ្ឋាភិបាល​មិនត្រូវ​បង្កើត​តំបន់ស​ដ្ឋ​កិច្ច​ពិសេស នៅតាម​បណ្ដោយ​ព្រំដែន​ដោយ​វិនិយោគិន​នៃ​ប្រទេស​ដែលជា​ប់​ព្រំដែន​ឡើយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​គណៈកម្មការ​ជំនាញ​ឯករាជ្យ​លើ​បញ្ហា​ព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និង​ប្រជាសាស្ត្រ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនអាច​ដឹងថា ការចុះ​សន្ធិសញ្ញា​ព្រំដែន​រវាង​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦ និង​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ កម្ពុជា​ខាត ឬ​វៀតណាម ចំណេញ​ទេ​។ គណបក្ស​យល់ឃើញថា ការ​មាន​ព្រំដែន​មួយ​ច្បាស់លាស់​ជា​រឿង​មួយ​ល្អប្រសើរ​»​។​

​ចាប់តាំងពី​ការអនុម័ត​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ស្តីពី​ព្រំដែន​កម្ពុជា​វៀតណាម​ក្នុង​ឆ្នាំ​២០០៥ ហើយ​បង្គោល​ព្រំដែន​គោក​ទីមួយ​ត្រូវបាន​សម្ពោធ​ក្នុង​ខែកញ្ញា​ឆ្នាំ​២០០៦ ក្រុមការងារ​ចម្រុះ​ព្រំដែន​កម្ពុជា​-​វៀតណាម បានសម្រេច​ការងារ​កំ​ណ​ត់​ខណ្ឌសីមា និង​បោះបង្គោល​បាន​៨៤​ភាគរយ​ហើយ​រហូតដល់​ពេលនេះ ក្នុងចំណោម​ប្រវែង​ព្រំដែន​គោក​សរុប​១២៧០​គីឡូម៉ែត្រ​៕

Tag:
 ពេជ្រ ស្រស់​
  ហ៊ុន សែន​
  វ៉ា គឹមហុង​
  ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com