កីឡាអន្តរជាតិ
អន្តរជាតិ
ខ្សែបម្រើ​អាល្លឺម៉ង់ Schweinsteiger ប្រកាស​ចូលនិវត្តន៍ ត្រឹម​វ័យ​៣៥​ឆ្នាំ​
09, Oct 2019 , 2:22 pm        
រូបភាព
Bastian Schweinsteiger ដែល​ជួយ​អាល្លឺម៉ង់​ឈ្នះ World Cup ឆ្នាំ​២០១៤ នៅ​ថ្ងៃទី​៨ ខែតុលា បានប្រកាស​ចូលនិវត្តន៍​ពី​អាជីព​កីឡាបាល់ទាត់​នៅត្រឹម​អាយុ ៣៥​ឆ្នាំ​។ អតីត​ខ្សែបម្រើ​ឆ្នើម Bayern Munich និង Manchester United រូបនេះ នឹង​ព្យួរ​ស្បែកជើង​នៅក្រោយ​បញ្ចប់​រដូវ​កាល​ក្នុង​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក MLS រដូវ​កាល​នេះ​។​



Schweinsteiger សព្វថ្ងៃ​កំពុង​លេង​ឲ្យ​ក្រុម Chicago Fire ចាប់តាំងពី​រូបគេ​ផ្លាស់​ចេញពី Man Utd នៅ​ឆ្នាំ ២០១៧​។ រយៈពេល​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​១៧​ឆ្នាំ Schweinsteiger បាន​ក្លាយជា​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​ដែល​ឈ្នះ​ពាន​ច្រើនជាងគេ​ជាមួយ​ក្លិប​នៅ​អាល្លឺម៉ង់ Bayern Munich រួមជាមួយ​ក្រុម​ជម្រើសជាតិ​។​



​ខ្សែបម្រើ​រូបនេះ បានចាប់ផ្តើម​ជា​កីឡាករ​អាជីព​ផ្លូវការ​ដោយ​បង្ហាញខ្លួន​ជាមួយ Bayern Munich នៅ​ឆ្នាំ​២០០២ ដោយ​ជួយ​ក្រុម​ឈ្នះ​ពាន​លី​គ​កំពូល Bundesliga ៨​លើក German Cups ៧​លើក និង Champions Leageu ១​លើក​នៅ​ឆ្នាំ​២០១៣ ពោលគឺ​មុនពេល​ចាក់​ចេញទៅ​ទឹកដី​អង់គ្លេស​នៅ​ឆ្នាំ​២០១៥​។​

Schweinsteiger បន្ត​រួម​រស់នៅ Old Trafford ពីរ​រដូវ​កាលពី​ឆ្នាំ​២០១៥ ដល់​២០១៧ រហូត​ផ្លាស់​ទៅ​ក្រុម Chicago Fire ដែលមាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក ដោយបាន​បង្ហាញខ្លួន​៨៥​លើក​និង​ស៊ុត​បញ្ចូល​ទី​៨​គ្រាប់​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​។​



​តាមរយៈ​ការ​បង្ហោះ​សា​រលើ​បណ្តាញ​សង្គម Schweinsteiger សរសេរថា​៖«​អ្នកគាំទ្រ​ជាទី​ស្រលាញ់​ពេលវេលា​បានមក​ដល់​ហើយ ខ្ញុំ​នឹង​បញ្ចប់​អាជីព​របស់ខ្ញុំ​នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ទាំង​អ្នក​ទាំងអស់គ្នា​ដែល​រួមមាន Bayern Munich @fcbayern, Manchester United @ manchesterunited, Chicago Fire @chicagofire និង​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់ @dfb_team ដែល​អ្នក​បានផ្តល់​ពេលវេលា​ដ៏​អស្ចារ្យ​សម្រាប់​ខ្ញុំ​!»​។​

Schweinsteiger ដែល​រួមចំណែក​ជួយ​អាល្លឺម៉ង់​ឈ្នះ​ពាន World Cup ឆ្នាំ​២០១៤ នៅ​ប្រេ​ស៊ី​ល​បន្ថែមថា​រូបគេ​នៅតែមាន​ក្តី​ស្រឡាញ់ ក្តីរំភើព និង​ភាពស្មោះត្រង់​ជាមួយ​កីឡាបាល់ទាត់​នេះ​ជានិច្ច​៕

Tag:
 Bastian Schweinsteiger
  ចូលនិវត្តន៍
© រក្សាសិទ្ធិដោយ thmeythmey.com