ជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ អះអាងថា ការចាប់ខ្លួនសកម្មជនអតីតCNRP មិនមែនជាការរឹតដ្បិតសេរីភាពទេ
× ភ្នំពេញ៖ ការចាប់ខ្លួនសកម្មជនអតីតគណបក្សសង្គ្រោះជាតិ ដែលគាំទ្រចលនាលោក សម រង្ស៊ី គឺមិនមែនជាការរឹតដ្បិតសិទ្ធិសេរីភាពទេ ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅចំពោះមុខអ្នកកាសែត ក្រោយបញ្ចប់មហាសន្និបាតអាណត្តិទី២ របស់សមាគមជាតិប្រឹក្សារាជធានី-ខេត្ត នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩នេះ។
សម្ដេច ស ខេង បានសង្កត់ធ្ងន់ថា រាល់សកម្មភាពដែលបង្ហាញពីបំណងគាំទ្រ ចលនាលោក សម រង្ស៊ី មេដឹកនាំអតីតបក្សប្រឆាំងនោះ វាត្រូវបានគេចាត់ទុកជាសកម្មភាពខុសច្បាប់ ដែលសមត្ថកិច្ចត្រូវចាត់វិធានការភ្លាមៗ។ ឆ្លើយតបនឹងសំនួរអ្នកសារព័ត៌មាន ជុំវិញការរិះគន់លើវិធានការច្បាប់របស់រដ្ឋាភិបាល លើសកម្មជននយោបាយនេះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបកស្រាយដូច្នេះថា៖«អ្នកលើកឡើងមតិខុសគ្នា។ ប៉ុន្ដែត្រង់ថាបើគាត់ធ្វើសកម្មភាពគាំទ្រអ្វីដែល សម រង្ស៉ី បានសម្រេចចិត្ត បានប្រកូកប្រកាស នេះជាការខុសច្បាប់ ។អាហ្នឹងដើរហួស ដូច្នេះវាមិនមែនជាការគំរាមកំហែងទៅលើសិទ្ធិបញ្ចេញមតិនោះទេ បានន័យពួកគាត់ធ្វើបំពានច្បាប់ ការប្រមាថព្រះមហាក្សត្រ ឬក៏គាត់ចង់ធ្វើរដ្ឋប្រហារ តាមរយៈបដិវត្តពណ៌ ការប្រមូលកម្លាំងមហាជនផ្ដួលរំលំរដ្ឋាភិបាល អាហ្នឹងវាហួសក្របខ័ណ្ឌ ហើយការចាប់ខ្លូន នឹងមើលតាមជាក់ស្ដែង»។
រយៈពេលចុងក្រោយនេះ សកម្មជនអតីតគណបក្សសង្គ្រោះជាតិ មិនតិចជាង២០នាក់ទេ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន តាមអំណាចដីកាតុលាការ។ អ្នកទាំងនោះ ត្រូវបានតុលាការចោទប្រកាន់ពីបទ«ញុះញុងឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» «បទរួមគំនិតក្បត់» និង«ឧបឃាត»ជាដើម ស្របពេលដែលលោក សម រង្ស៊ី ប្រកាសចូលស្រុកវិញ។
ទាក់ទងបញ្ហានេះមន្ត្រីជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សអាដហុក ចាត់ទុកការចាប់ខ្លួននេះ វាមិនមែនជាការរឹតបន្ដឹង និងអនុវត្តច្បាប់ទេ ប៉ុន្តែវាពាក់ព័ន្ធនឹងរឿងជម្លោះផ្ទាល់ខ្លួន របស់អ្នកនយោបាយប៉ុណ្ណោះ។ សម្រាប់លោក សឹង សែនករុណា ការចាប់ខ្លួនពលរដ្ឋជាបន្តបន្ទាប់នេះ វាបង្ហាញពីរូបភាពនៃការរឹតដ្បិតសិទ្ធិសេរីភាពពលរដ្ឋទៅវិញទេ។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ មន្ត្រីជាន់ខ្ពស់អង្គការអាដហុករូបនេះ បាននិយាយដូច្នេះថា៖«បើយើងពិនិត្យមើលអំពើប្រព្រឹត្តរបស់អ្នក(សកម្មជន) ទាំងអស់ហ្នឹង គឺជាសកម្មភាពនៃការសម្ដែងមតិនៃផ្នែកនយោបាយរបស់ពួកគាត់ ដែលគាត់ធ្វើឡើងវាស្របជាមួយនឹងរដ្ឋធម្មនុញ្ញនៃប្រទេសយើង ដែលប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស អាស្រ័យលើការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាន»។
កាលពីថ្ងៃទី២ តុលា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ពលរដ្ឋណា ដែលចូលរួមសកម្មភាពនៃយុទ្ធនាការ«ម្រាមដៃ៩» តាមការអំពាវនាវរបស់លោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈមមុខផ្លូវច្បាប់។ សម្ដេច ហ៊ុន សែន បានចាត់ទុកយុទ្ធនាការ«ម្រាមដៃ៩» របស់លោក សម រង្ស៊ី នេះ គឺជាការផ្ដួលរំលំរដ្ឋាភិបាល ដែលមិនអាចលើកលែងបាន។ សម្រាប់លោកនាយករដ្ឋមន្ត្រី យុទ្ធនាការនេះ មិនមែនជាសិទ្ធិបញ្ចេញមតិទេ ប៉ុន្តែវាជារដ្ឋប្រហារទៅវិញ។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ប្រកាសចូលស្រុកវិញ នៅថ្ងៃទី៩ វិច្ចិកាខាងមុខ។ មុនចូលស្រុកនេះ លោក សម រង្ស៊ី បានអំពាវនាវឱ្យពលរដ្ឋគាំទ្រខ្លួន និងកងទ័ពធ្វើចលនាទម្លាក់ប្រមុខរដ្ឋាភិបាលផងដែរ។
ដោយសារពាក្យសម្តីរបស់មេដឹកនាំរូបនេះ ទើបតុលាការចេញដីកាចាប់ខ្លួនលោក សម រង្ស៉ី និងមនុស្ស៨ទៀត រួមមានលោក អេង ឆៃអ៊ាង,លោកស្រី មូរ សុខហួរ, លោក អ៊ូ ច័ន្ទឬទ្ធិ, លោក ហូរ វ៉ាន់, លោក ឡុង រឺ, លោក ម៉ែន សុថាវរិន្ទ្រ, លោក នុត រំដួល និងភរិយាលោក សម រង្ស៊ី គឺលោកស្រី ជូឡុង សូមួរ៉ា ព្រមទាំងគូកន ក្រោមបទចោទឧបឃាត ដោយយោងតាមមាត្រា៤៥១ នៃក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ដែលអាចមានទោសពី ១៥ឆ្នាំ ទៅ៣០ឆ្នាំ៕
Tag:
ស ខេង
សម រង្ស៊ី
CNRP
© រក្សាសិទ្ធិដោយ thmeythmey.com