អន្តរជាតិ
បុរស​បង់​ក្លា​ដែ​សម្នាក់ កោរសក់​ប្រពន្ធ​ខ្លួនឯង ក្រោយ​ឃើញ​សក់​មួយ​សរសៃ​ក្នុង​អាហារ​
09, Oct 2019 , 7:39 pm        
រូបភាព
រូបតំណាង
រូបតំណាង
​ដោយ​៖ ងួន សុ​ភាវ​ត្តី​

​បុរស​ជនជាតិ​បង់​ក្លា​ដែ​សម្នាក់ ត្រូវបាន​ចាប់ខ្លួន ក្រោយ​ចាប់​កោរសក់​ប្រពន្ធ​ខ្លួនឯង​បន្ទាប់ពី​រូបគេ​រកឃើញ​សក់​មួយ​សរសៃ​ក្នុង​អាហារ​ពេលព្រឹក​ដែល​នាង​រៀបចំ​។ ប៉ូលិស​បង់​ក្លា​ដែ​ស នៅ​ថ្ងៃទី​៨​ខែតុលា​ន​និយាយថា បុរស​ជា​ប្ដី នឹងត្រូវ​ចោទ​ពីបទ​អំពើហិង្សា​។ ក្រុម​សិទ្ធិមនុស្ស​បង់​ក្លា​ដែ​ស អះអាងថា អំពើហិង្សា​លើ​ស្ត្រី​នៅក្នុង​ប្រទេស​កាន់សាសនា​ឥស្លាម​មួយ​នេះ បាន​កើនឡើង​គួរអោយកត់សម្គាល់​។​



​ប៉ូលិស​បាន​ឆ្មក់​ចូលក្នុង​ភូមិ​មួយ​នៅ​ភាគ​ខាងកើត​នៃ​សង្កាត់ Joypurhat និង​បាន​ចាប់ខ្លួន​បុរស​ឈ្មោះ​Bablu Mondal អាយុ ៣៥​ឆ្នាំ ដែល​អ្នកភូមិ​បាន​អះអាងថា​ចាប់​ប្រពន្ធ​ខ្លួនឯង​កោរសក់​។ អធិការ​ប៉ូលិស​ប្រចាំ​តំបន់​លោក Shahriar Khan បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា អំពើហិង្សា​នេះ​បាន​កើតឡើង​ដោយសារ​ជនបង្ក​បាន​រកឃើញ​សក់​មនុស្ស​ក្នុង​បាយ និង​ទឹកដោះគោ​ដែល​ស្ត្រី​ជា​ប្រពន្ធ​បានរៀបចំ​អោយ​។​

​មន្ត្រីប៉ូលិស​រូបនេះ​បាន​ប្រាប់ទៀតថា លោក Bablu ជាប់ចោទ​ពីបទ​បង្ក​ការឈឺចាប់​ដោយ​ចេតនា ហើយ​បទល្មើស​នេះ​អាច​លោក​ធ្វើអោយ​ត្រូវ​ជាប់ពន្ធនាគារ​យូរ​បំផុត​រហូតដល់​១៤​ឆ្នាំ និង​ពីបទ​ប្រមាថ​លើ​ប្រពន្ធ​ខ្លួន​ផងដែរ​។

​ក្រុម​សកម្មជន​សិទ្ធិមនុស្ស​និយាយថា ហេតុការណ៍​នេះ បាន​ឆ្លុះបញ្ចាំង​អោយឃើញ​ពី​កំណើន​នៃ​ការមើល​ងាយ​លើ​ស្ត្រី​នៅ​បង់​ក្លា​ដែ​ស បើទោះបីជា​មានច្បាប់​ការពារ​លើ​ស្ត្រី​ទាំងនេះ​ក៏ដោយ​។ ក្រុម​សិ​ទិ្ធ​មនុស្ស​បង់​ក្លា​ដែ​ស Ain o Salish Kendra អះអាងថា ជា​មធ្យម​ក្នុង​មួយថ្ងៃ​មាន​ស្ត្រី​៣​នាក់​ត្រូវបាន​រំលោភ​បើ​គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំនេះ​។​

​បើតាម​អង្គការ​ដដែល មនុស្ស​ស្រី​ប្រមាណ​៦៣០​នាក់ ត្រូវបាន​គេ​រំលោភ​នៅ​ចន្លោះ​ខែមករា​មក​ខែមិថុនា​នេះ ហើយ​មនុស្ស​ស្រី​៣៧​ត្រូវបាន​គេ​សម្លាប់​ក្រោយ​រំលោភ និង​៧​នាក់​ផ្សេងទៀត​បានសម្លាប់​ខ្លួន​។​ក្នុងនោះដែរ​ក៏មាន​ស្ត្រី​១០៥​ត្រូវបាន​គេ​ប៉ុនប៉ង​រំលោភ​ផងដែរ​។​

​គួររំលឹកថា កាលពី​ខែមេសា​កន្លងទៅ មានការ​ផ្ទុះ​ការតវ៉ា​យ៉ាង​ធំ​មួយ​នៅ​បង់​ក្លា​ដែ​ស​បន្ទាប់​ក្មេងស្រី​អាយុ​១៩​ឆ្នាំ​មួយរូប​បាន​ដុត​ខ្លួន​រហូតដល់​ស្លាប់ ដោយ​ចោទ​គ្រូបង្រៀន​នាង​ថា​បាន​រំលោភបំពាន​លើ​រូបនាង​៕

© រក្សាសិទ្ធិដោយ thmeythmey.com