អន្តរជាតិ
ប្រទេសអឺរ៉ុប ជំរុញឲ្យអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងកាន់តែតឹងរ៉ឹងជាងមុន
× ក្រុមប្រទេសអឺរ៉ុបដែលជាសមាជិកក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃទី៨ ខែតុលា អំពាវនាវឲ្យអនុវត្តទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិកាន់តែតឹងរឹងជាងមុនប្រឆាំងនឹងកូរ៉េខាងជើង។ ការអំពាវនាវនេះ ធ្វើឡើងក្រោយពីកិច្ចប្រជុំបិទទ្វារនៅឯអង្គការសហប្រជាជាតិ ដែលបានជជែកពិភាក្សាអំពីកាសាកល្បងមីស៊ីលប៉ាលីស្ទិករបស់កូរ៉េខាងជើងលើកចុងក្រោយនេះ។
តាមរយៈសេចក្តីថ្លែងការណ៍រួម ដែលបានអានដោយអគ្គរដ្ឋទូតបារាំង Nicolas Riviere ក្រុមប្រទេសអឺរ៉ុបបានលើកឡើងថា ទណ្ឌកម្មអន្តរជាតិនៅតែដាក់លើកូរ៉េខាងជើងដដែល ហើយត្រូវតែចាប់បង្ខំឲ្យទីក្រុងព្យុងយ៉ាងអនុវត្តឲ្យបានត្រឹមត្រូវ និងតឹងរឹងបំផុត។ បារាំង បែលហ្ស៊ិក អាល្លឺម៉ង់ ប៉ូឡូញ អង់គ្លេស និងអេស្តូនី ជាក្រុមប្រទេសដែលដាក់ឈ្មោះក្នុងសេចក្ដីថ្លែងការណ៍ដាក់បន្ទុកនេះ។ នេះតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ។
ពាក្យរិះគន់របស់អឺរ៉ុប ធ្វើឡើងក្រោយកូរ៉េខាងជើងបានព្រមានពីការបង្កើនការការពារខ្លួន បើអន្តរជាតិបន្តរឹតត្បិតខ្លួននោះ។ មួយថ្ងៃមុនកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខ។ លោក គីម សុង អគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ បានរិះគន់ខ្លាំងៗតែម្តងទៅលើអឺរ៉ុបថា កំពុងអនុវត្តវិធីសាស្ត្រទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកកិច្ចប្រជុំនៅក្រុមប្រឹក្សាសន្តិសុខ។
ក្នុងន័យព្រមានអាមេរិក និងក្រុមប្រទេសបរិវារ អគ្គរដ្ឋទូតកូរ៉េខាងជើងរូបនេះ បានលើកឡើងថា ប្រសិនបើប្រទេសទាំងនោះលើកយកវិធីសាស្ត្រាការពារខ្លួនរបស់កូរ៉េខាងជើងទៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខនៅខណៈពេលនេះ វានឹងបង្កឲ្យទីក្រុងព្យុងយ៉ាងបង្កើនមហិច្ឆតាបន្ថែមទៀត ក្នុងគោលបំណងការពារអធិបតេយ្យភាពរបស់ខ្លួន ។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមប្រទេសអឺរ៉ុប ប្រទេសបារាំង អាល្លឺម៉ង់ អង់គ្លេសបានស្នើឲ្យមានកិច្ចប្រជុំនៅឯក្រុមប្រឹក្សាសន្តិសុខមួយ ដោយសារតែបញ្ហាការបារម្ភរួមគ្នារបស់ក្រុមប្រទេសអឺរ៉ុបលើបញ្ហាសាកល្បងមីស៊ីលម្តងហើយម្តងទៀតរបស់កូរ៉េខាងជើង។ ម្យ៉ាងវិញទៀត សកម្មភាពបង្ករឿងរបស់កូរ៉េខាងជើងបែបនេះ គឺកំពុងគំរាមកំហែងស្ថិរភាព និងសន្តិសុខក្នុងតំបន់ ជាពិសេសគឺបំពានទៅលើសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ប្រទេសអង់គ្លេស អាល្លឺម៉ង់ និងបារាំងធ្លាប់ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំម្តងហើយបន្ទាប់ពីកូរ៉េខាងជើងបានសាកល្បងប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ប៉ុន្តែចុងក្រោយប្រទេសទាំងបីបានត្រឹមអំពាវនាវឲ្យបន្តដាក់ទណ្ឌកម្មសេដ្ឋកិច្ចអន្តរជាតិបន្ថែមទៀតលើកូរ៉េខាងជើង។ ចំណែករុស្សី និងចិនក្នុងឆ្នាំ ២០១៩នេះ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិដកទណ្ឌកម្មសេដ្ឋកិច្ចចេញពីកូរ៉េខាងជើង ដើម្បីជំរុញឲ្យមានការរំសាយកម្មវិធីនុយក្លេអ៊ែរកាន់តែឆាប់រហ័ស ប៉ុន្តែត្រូវបានអាមេរិកច្រានចោល។
គួររំលឹកថា កិច្ចប្រជុំរវាងប្រតិភូទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោននាប្រទេសស៊ុយអែត នៅថ្ងៃទី៥ ខែតុលា បានទទួលបរាជ័យ បន្ទាប់ពីអ្នកតំណាងកូរ៉េខាងជើងបានដើរចេញពីកិច្ចប្រជុំដោយមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីបន្តិចឡើយ៕
Tag:
អឺរ៉ុប
កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com