កីឡាជាតិ
ជាតិ
CAMSOC គ្រោង​បង្កើត​គណៈកម្មការ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​
09, Oct 2019 , 9:19 pm        
រូបភាព
ដោយ:
​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​(CAMSOC)​លើក​ទី​៣២ បាន​ឯកភាព​បង្កើត​ឲ្យ​មាន​គណៈកម្មការ​មួយ​បន្ថែមទៀត ដើម្បី​ទទួលបន្ទុក​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នៅ​ឆ្នាំ​២០២៣​។ CAMSOC ក៏​គ្រោង​បង្កើត​ត្រា​ផ្ទាល់ខ្លួន ដើម្បី​ធានា​ភាពច្បាស់លាស់ និង​ជួយ​សម្រួល​ដំណើរការ​ការងាររដ្ឋបាល​។ សម្តេច ទៀ បាញ់ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ប្រចាំត្រីមាស​ទី​៣​របស់ CAMSOC ថា បាន​ប្រព្រឹត្តទៅ​យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល​ល្អ​។



CAMSOC នឹង​បង្កើត​គណៈកម្មការ​ចំណុះ​មួយ​បន្ថែមទៀត ដើម្បី​ទទួលបន្ទុក​អភិវឌ្ឍ​សមត្ថភាព​មន្ត្រី អាជ្ញាកណ្តាល ចៅក្រម និង​កីឡាករ​កីឡាការិនី​ជនពិការ ក៏ដូចជា​រៀបចំ​ការប្រកួត​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ នេះ​បើតាម​ការបញ្ជាក់​របស់​សម្តេច ទៀ បាញ់ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ នា​កិច្ចប្រជុំ​បូកសរុប​ការងារ​ប្រចាំត្រីមាស​ទី​៣ និង​ដាក់​ផែន​អនុវត្ត​បន្ត​របស់​គណៈកម្មការ CAMSOC នៅ​ព្រឹក​ថ្ងៃទី​៨ តុលា នា​វិមាន​មិត្តភាព​។​


សម្តេច ទៀ បាញ់ ប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២(CAMSOC), រូបភាពពី SEA Games 2023

​ការសម្រេច​របស់​សម្តេច ទៀ បាញ់ ធ្វើឡើង​ក្រោយ​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា​បាន​លើកសំណើរ និង​ពន្យល់​ពី​អត្ថប្រយោជន៍​របស់​គណៈ​កម្ម​ការ​នេះ ក្នុង​ការជួយ​សម្រួល​ដ​ល់​ដំណើរការ​រៀបចំ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែល​ប្រទេស​មួយចំនួន​ក្នុង​តំបន់​អាស៊ាន​បានធ្វើ​កន្លងមក​។ បើតាម​អគ្គលេខាធិការ​រូបនេះ ស្ទើរ​គ្រប់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន សុទ្ធតែ​បាន​បង្កើត​ឲ្យ​មាន​គណៈកម្មការ​នេះ​ឡើង​។


លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា

​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា CAMSOC នឹង​បន្ថែម​សមាសភាព​ថ្នាក់ដឹកនាំ និង​សមាជិក​មួយចំនួនទៀត ដើម្បី​រៀបចំ​គណៈកម្មការ​នេះ​ឲ្យ​លេចចេញ​ជា​រូបរាង និង​រចនាសម្ព័ន្ធ​ក្នុងការ​ទ្រទ្រង់​ដំណើរ​របស់ខ្លួន​។ គណៈកម្មការ​នេះ មាន​សិទ្ធិ​និង​ទំហំ​ការងារ​ស្មើ​គណៈកម្មការ​ដទៃទៀតរ​បស់ CAMSOC ដែរ​។​

​គណៈកម្មការ CAMSOC បាន​ដំណើរការ​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ ប៉ុន្តែ​អង្គភាព​ទទួលបន្ទុក​រៀ​ប​ចំការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​មួយ​នេះ ពុំទាន់​មាន​ត្រា​សម្គាល់​របស់ខ្លួន​នៅឡើយ​ទេ ខណៈ​ដំណើរការ​កិច្ចការរដ្ឋបាល​កន្លង​មក ពួកគេ​ប្រើប្រាស់​ត្រា​របស់​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​។ CAMSOC នឹងដាក់​សំណើរ​ទៅកាន់​រាជរដ្ឋាភិបាល ដើម្បី​សុំ​កែប្រែ​អនុ​ក្រឹ​ត​ក្នុងការ​បង្កើត​ត្រា​ប្រចាំ​របស់ខ្លួន​។


លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២

«​ជា​យន្តការ​អង្គការ ឬ​ស្ថាប័ន​មួយ​ត្រូវមាន​ត្រា​សម្គាល់​។ ត្រា​ប្រចាំ​របស់ CAMSOC គ្រាន់តែ​ជា​យន្តការ​ហិរញ្ញវត្ថុ ដែល​ធ្វើយ៉ាងណា​ឲ្យ​ស្របគ្នា ព្រោះ​កាលពីមុន​យើង​មិនទាន់​បង្កើត យើង​ប្រើប្រាស់​ត្រា​អូឡាំពិក​។ ដូច្នេះ​កាលណា​គណៈកម្មការ​នេះ​មាន​យន្ត​ការដើរ​ហើយ គឺ​ត្រូវតែមាន​ត្រា​របស់ខ្លួន ដើម្បី​ឲ្យ​ស្របតាម​អនុលោមភាព​ហិរញ្ញវត្ថុ​ផង និង​និយាម​នៃ​រដ្ឋបាល​ផង​»​។ នេះ​ជាការ​លើកឡើង​របស់លោក វ៉ា​ត់ ចំរើន ដែល​បាន​បន្ថែមថា ការបង្កើត​ត្រា​នេះ គឺ​ដើម្បី​រក្សា​ភាពត្រឹមត្រូវ​ក្នុងការ​ប្រើប្រាស់​ហិរញ្ញវត្ថុ និង​ជួយ​សម្រួល​កិច្ចការងា​រេ​ដ្ឋ​បាល​ឲ្យ​កាន់តែ​ប្រសើរ​។

​ក្រោយ​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​ការងារ​ក្នុង​ត្រីមាស​ទី​៣​របស់ CAMSOC ថា បាន​ដំណើរការ​យ៉ាង​រលូន និង​ទទួលបាន​លទ្ធផល​ល្អប្រសើរ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​សម្តេច ទៀ បាញ់ បន្ត​ជំរុញ​និង​ដាស់តឿន​ដល់​គណៈកម្មការ​ហិរញ្ញវត្ថុ ឲ្យ​បង្កើន​ប្រសិទ្ធិភាព​ការងារ​ឲ្យ​កាន់តែខ្លាំង​ថែមទៀត ដើម្បី​ធានា​និង​ជៀសវាង​ការប្រើប្រាស់​ថវិការ​រដ្ឋ​ជាន់គ្នា​។ សម្តេច​បន្តថា ក្នុងន័យនេះ​ពុំមែន​មានន័យថា ការធ្វើការងារ​កន្លង​មក​របស់​គណៈកម្មកា​រ​នេះ​មានកំ​ហុត​ឆ្គង​នោះទេ​។ តែ​យ៉ាងណា CAMSOC នៅមាន​កិច្ចការ​ជាច្រើន ដែល​ត្រូវ​កែសម្រួល និង​ធ្វើ​បន្ថែមទៀត ដើម្បី​ធានា​យន្តការ​ការងារ​រ​បស់​ខ្លួន​ប្រកបដោយ​ប្រសិទ្ធិភាព​។

​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មការ CAMSOC បាន​បញ្ជាក់ថា ក្នុង​ត្រីមាស​ទី​៣ CAMSOC បានធ្វើ​កិច្ចការងារ​ជាច្រើន​ក្នុងការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​។ គណៈកម្មការ​នេះ​បាន​បញ្ជូន​មន្ត្រី គ្រូបង្វឹក អាជ្ញាកណ្តាល​ចៅក្រម​លើ​ប្រភេទ​កីឡា​មួយចំនួន​ទៅ​បណ្តុះបណ្តាល​ជំនាញ​នៅក្រៅ​ប្រទេស និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ក្នុងប្រទេស​ដោយ​ហៅ​អ្នកជំនាញ​មកពី​ក្រៅប្រទេស​។


លោក ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការ CAMSOC

​លើសពីនេះ បាន​បញ្ជូន​កីឡាករ​កីឡាការិនី​លើ​ប្រភេទ​កីឡា​មួយចំនួន​រួមមាន​តេ​ក្វាន់​ដូ WTF, តេ​ក្វាន់​ដូ ITF, ហែល​ទឹក​, ប្រដាល់សកល​, ហុក​គី​, សូ​ហ្វ​តិ​ន្នី​ស​, ទូកក្តោង​, ទ្រី​យ៉ា​ត្លុង​, បាល់ទាត់​, ល្បុក្កតោ និង​កាយសម្ព័ន្ធ​ជាដើម ទៅ​ប្រកួត និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​នៅតាម​បណ្តា​ប្រទេសមួយ​ចំនួន​ក្នុង​តំបន់​អាស៊ាន និង​អាស៊ី​។ ការប្រកួត​ទៀតសោត កម្ពុជា​ទទួលបាន​លទ្ធ​ផល​ល្អ​គួរ​ជាទី​គាប់ចិត្ត​តាមរយៈ​ការដណ្តើម​បាន​មេដាយមាស ប្រាក់ និង​សំរឹទ្ធ​ជាដើម​។

«​ការចូលរួម​ប្រកួត​និង​បណ្តុះបណ្តាល​ជំនាញ CAMSOC ទទួលបាន​លទ្ធផល​ត្រឡប់មកវិញ​នូវ​បទពិសោធ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ​យ៉ាង​ល្អប្រសើរ​ទាំង​កំណើន​បច្ចេកទេស ការយល់ដឹង បទបញ្ជា​នៃ​ការប្រកួត ភាពនឹងន និង​ចិត្តសាស្ត្រ​ក្នុងពេល​ប្រកួត​។ ប្រភេទ​កីឡា​មួយចំនួន​បង្កើន​ការចាប់អារម្មណ៍​ពី​ប្រទេស​ជា​សមាជិក និង​ទទួលបាន​ការកោតសរសើ​រ​ពី​សហព័ន្ធ​កីឡា​អន្តរជាតិ​»​។ នេះ​ជាការ​បង្ហាញ​លទ្ធផល និង​វាយ​ម្លៃ​ចំពោះ​ការហ្វឹកហាត់​និង​ចូលរួម​ប្រកួត​របស់​កីឡាករ​ពី​សំណាក់​លោក ថោង ខុន ដែល​បាន​បន្ថែមថា អាជ្ញាកណ្តាល ចៅក្រម គ្រូបង្វឹក មានការ​យល់ដឹង​ថ្មីៗ​ពី​ការវិវត្ត​វិទ្យាសាស្ត្រ​កីឡា បទបញ្ជា​ការប្រកួត និង​ប្រព័ន្ធ​ដឹកនាំ គ្រប់គ្រង​ជំនាញ​កីឡា​ជាដើម​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍​រូបនេះ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ទ្រទ្រង់​ដល់​ដំណើរ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​សាងសង់​ស្ទើរ​រួចរាល់​ទាំងស្រុង​ហើយ ខណៈ​ទីលាន​បាល់ទាត់ ដែលជា​ជំនួយឥតសំណង​របស់​ចិន សាងសង់​រួចរាល់​បាន​ប្រមាណ​៦០​ភាគរយ​ហើយ ដោយ​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​។ ភូមិ​កីឡា​ដែល​អាច​ផ្ទុក​មនុស្ស​បាន​ពី​៧​ពាន់​ទៅ​១​ម៉ឺន​នាក់ នឹង​ចាប់​សាងសង់​ក្នុងពេល​ឆាប់​ខាង​មុននេះ ដោយ​ក្រុមហ៊ុន​មកពី​បារាំង​ជា​អ្នក​សាងសង់​៕ 

Tag:
 សម្តេច ទៀ បាញ់​
  យី វាសនា​
  វ៉ា​ត់ ចំរើន​
  CAMSOC
© រក្សាសិទ្ធិដោយ thmeythmey.com