លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញ​អាស៊ាន​កៀងគរ​ធនធាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​
ជាតិ
លោក អូន ព័ន្ធមុនីរ័ត្ន ជំរុញ​អាស៊ាន​កៀងគរ​ធនធាន​ដើម្បី​ប្រយុទ្ធប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​
09, Oct 2019 , 9:59 pm        
រូបភាព
​សៀមរាប​៖ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ធ្វើជា​អធិបតី​បើក​កិច្ចប្រជុំ​លើក​ទី​១៥ រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន​នៅ​ខេត្តសៀមរាប​។ ក្នុង​សុន្ទរកថា​ទៅកាន់​រដ្ឋមន្ត្រី​អាស៊ាន លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកទឹកចិត្ត​ប្រទេស​អាស៊ាន ត្រូវ​កៀងគរ​ធនធាន​នានា​ដើម្បី​ប្រយុទ្ធប្រឆាំង​ភ្លើង​ឆេះ​ព្រៃ ដែល​បញ្ហា​នេះ​ធ្វើឱ្យមាន​ការបំពុល​បរិយាកាស​យ៉ាងធ្ងន់ធ្ងរ​។​



​ជា​អនុសាសន៍​ចំណុច​ទី​១ ដែល​រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច តំណាង​នាយករដ្ឋមន្ត្រី​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន នោះ​គឺ​បង្កើន​ធនធាន​ក្នុងការ​ដោះស្រាយ​បញ្ហា​ភ្លើង​ឆេះ​ព្រៃ និង​ការបំពុល​ដោយ​ផ្សែង​អ័ព្ទ​ឆ្លងដែន​។ លោក អូន ព័ន្ធមុនីរ័ត្ន ប្រាប់​ឱ្យ​អាស៊ាន​រៀបចំ​ផែនការ​នៃ​ការប្រើប្រាស់​ដីធ្លី ការគ្រប់គ្រង​ព្រៃឈើ​ប្រកបដោយ​ចីរភាព និង​ខ្យល់អាកាស​បរិសុទ្ធ​ក្នុង​តំបន់​។ បន្ថែម​ពីនេះ កម្ពុជា​ក៏​ចូលរួម​រីករាយ ទៅនឹង​ការបង្កើត​មជ្ឈមណ្ឌល​ស​ម្រ​ប​សម្រួល​អាស៊ាន សម្រាប់​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន ដែលមាន​ទីតាំងនៅ​ប្រទេស​ឥណ្ឌូណេស៊ី​។​

​យ៉ាងណាក៏ដោយ លោក អូន ព័ន្ធមុនីរ័ត្ន ឱ្យ​អាស៊ាន​បន្ដ​ពង្រឹង​កិច្ចសហប្រតិបត្តិការ ពិសេស​ទៅលើ​យន្តការ​បង្ការ ដូចជា​ការអនុវត្ត​ច្បាប់ និង​ការ​រឹតបន្ដឹង​ការបញ្ឈប់​ការដុត​ព្រៃ និង​ការគ្រប់គ្រង​ការដុត​ជាដើម ដើម្បី​ប្រែក្លាយ​អាស៊ាន​ទៅជា​តំបន់​គ្មាន​ផ្សែង​អ័ព្ទ​។ បន្ថែម​ពីនេះ អាស៊ាន​ត្រូវ​ធានា​នូវ​ការឆ្លើយតប​ដែលមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ចំពោះ​បញ្ហា​ភ្លើង​ឆេះ​នេះ នៅពេល​កិច្ចព្រមព្រៀង​អាស៊ាន ស្ដីពី​ការបំពុល​ផ្សែង​អ័ព្ទ​ឆ្លងដែន​ចូល​ជា​ធរមាន​។

«​ខ្ញុំ​សូម​លើកទឹកចិត្ត​ភាគី​ពាក់ព័ន្ធ​ទាំងអស់​រួមគ្នា ជំរុញ​សម្រេច​ឱ្យបាន​នូវ​វឌ្ឍនភាព ក្នុងការ​ចែករំលែក​និង​កៀងគរ​ប្រភពធនធាន ដើម្បី​ប្រយុទ្ធប្រឆាំង​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ និង​យុទ្ធសាស្ដ្រ​ដើម្បី​បង្ការ ការកាត់បន្ថយ និង​ការឆ្លើយតប​ឱ្យទាន់​ពេលវេលា​ទៅនឹង​ភ្លើង​ឆេះ​ព្រៃ​»​។ នេះ​ជាការ​លើកឡើង​របស់រ​ដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច ទៅនឹង​រដ្ឋមន្ត្រី​បរិស្ថាន​អាស៊ាន ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃទី​៨ តុលា​៕

Tag:
 អាស៊ាន​
  បរិស្ថាន​
  ភ្លើង​ឆេះ​ព្រៃ​
  អូន ព័ន្ធមុនីរ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com