រដ្ឋាភិបាល​ថៃ នឹង​បញ្ចេញ​កញ្ចប់​លុយ​ជាង​៨១​លាន​ដុល្លារ​ជំរុញ​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​
អន្តរជាតិ
រដ្ឋាភិបាល​ថៃ នឹង​បញ្ចេញ​កញ្ចប់​លុយ​ជាង​៨១​លាន​ដុល្លារ​ជំរុញ​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​
10, Oct 2019 , 8:59 am        
រូបភាព
រូបភាព Govinsider
រូបភាព Govinsider
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​គណៈរដ្ឋមន្ត្រី​ថៃ បាន​ព្រមព្រៀង​ផ្តល់​កញ្ចប់​ថវិកា​ជាង​២៤​ពាន់​លាន​បាត ដែល​ស្មើនឹង​ជាង​៨១​លាន​ដុល្លារ​ដើម្បី​គាំទ្រ​លើ​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​ថ្មី​។ ជាមួយ​ទឹកប្រាក់​នេះ ថៃ​មាន​គោលដៅ​ផ្លាស់ប្ដូរ​ខ្លួន​ឲ្យ​ក្លាយជា​ប្រទេស​ដែល​ផ្អែកលើ​បច្ចេកវិទ្យា​ពេញលេញ​។



​ថវិកា​ចំនួន​៨១​លាន​ដុល្លារ នឹងត្រូវ​បាន​ដក​ចេញពី​ថវិកា​ព​ប្រចាំឆ្នាំ​២០១៩ ដែល​នឹង​ប្រើប្រាស់​ក្នុងការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​នានា​ដើម្បី​សម្រេច​គោលដៅ​ធ្វើ​ឲ្យ​ថៃ​ក្លាយជា​ប្រទេស​បច្ចេកវិទ្យា​ជឿនលឿន​។ នេះ​បើ​យោងតាម​ក្រុមប្រឹក្សា​គោលនយោបាយ​នៃ​ឧ​ត្ត​ម​សិក្សា​ជាតិ ផ្នែក​វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​នវានុវត្តន៍​។​

​ប្រធាន​ក្រុមប្រឹក្សា​ខាងលើ លោក Kittipong Promwong លើកឡើងថា ថវិកា​ទាំងនេះ​នឹង​ផ្ដោតលើ​ការអភិវឌ្ឍ​កម្លាំង​ពលកម្ម និង​ស្ថាប័ន​ផ្សេងៗ ក៏ដូចជា​ការស្រាវជ្រាវ និង​ការច្នៃប្រឌិត​ថ្មី​ដើម្បី​ដោះស្រាយ​បញ្ហា​ធំៗ​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត Bangkok Post ។

​លោក Kittipong បាន​បន្ថែមថា រដ្ឋាភិបាល​មាន​គោលនយោបាយ​បន្ថែម​គុណភាព​ស្រាវជ្រាវ ដោយ​ឧបត្ថម្ភ​ជា​មូលនិធិ​ទៅក្នុង​ស្ថាប័ន​ឧ​ត្ត​មសិ​ក្សា ក៏ដូចជា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ និង​ការច្នៃប្រឌិត​ថ្មីៗ​។ លោក​បន្តថា ក្នុង​រយៈពេល ៣ ឆ្នាំ​ខាងមុខ​ទៀត រដ្ឋាភិបាល​គ្រោង​បង្កើន​ចំនួន​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក STEM (​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​) ឲ្យ​ដល់ ៤០​ភាគរយ​នៃ​និស្សិត​បញ្ចប់​ការសិក្សា​ទាំងអស់​ក្នុង​មួយឆ្នាំ ពោលគឺ​កើនឡើង​ពី ៣៤% នៃ​ពេលបច្ចុប្បន្ន​។​

​ជាងនេះទៅទៀត បើតាម​មន្ត្រី​ខាងលើ ការងារ​ប្រហែល​១០៧​ពាន់ ត្រៀម​ទុក​សម្រាប់​ផ្តល់​អ្នក​បញ្ចប់​ការសិក្សា​តាម​ប្រព័ន្ធ STEM ក្នុង​រយៈពេល​បួន​ឆ្នាំ​ខាងមុខ ហើយ​ប្រហែល​៣៤​ពាន់​នាក់​ក្នុងចំណោម​ពួកគេ នឹងមាន​មុខតំណែង​នៅក្នុង​វិស័យ​ឧស្សាហកម្ម​ឌីជីថល​។ នៅ​៥​ឆ្នាំក្រោយ រដ្ឋាភិបាល​ថៃ បានកំណត់​គោលដៅ​ឲ្យ​មាន​ភាព​សមាមាត្រ​នៃ​ការបញ្ចប់​ការសិក្សា​តាម​កម្មវិធី STEM ឲ្យ​បាន​៥០​ភាគរយ​៕

© រក្សាសិទ្ធិដោយ thmeythmey.com