ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់​បង្កើន​សាច់ដុំ​គ្មាន​ខ្លាញ់ កុំ​រំលង​អាហារ​ទាំងនេះ​
10, Oct 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
របប​អាហារ​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​បង្កើន​ម៉ាស​សាច់ដុំ​និង​ភាព​សកម្ម​របស់​រាងកាយ​។ ប៉ុន្តែ​ថា​អាហារ​អ្វី​ខ្លះទៅ​ដែល​អាចជួយ​ឱ្យ​ឡើងសាច់​ដុំ​គ្មាន​ខ្លាញ់​បាន​ឆាប់រហ័ស​និង​ល្អ​ចំពោះ​សុខភាព​?



​កុំ​បារម្ភ​! ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បង្កើន​ម៉ាស​នៃ​សាច់ដុំ​ឆាប់ ៖

១. ស៊ុត​

​ស៊ុត ជា​ប្រភេទ​នៃ​អាហារ​ដ៏​ប្រសើរ​បំផុត​សម្រាប់​ការកសាង​បង្កើន​សាច់ដុំ​មាន​សុខភាព​ល្អ​។ ស៊ុតមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់ និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​។ ដូច្នេះ​ដើម្បី​អាច​កើន​ទម្ងន់ និង​ឡើង​សាច់ដុំ​ឆាប់រហ័ស ក៏ដូចជា​រក្សាបាន​នូវ​សុខភាព​រាងកាយ​រឹងមាំ ចូរ​ទទួលទាន​ស៊ុត​ឱ្យបាន ៣ គ្រាប់​ក្នុង​មួយថ្ងៃ​។​

២. សាច់​ទ្រូង​មាន់​

​នោះ​ក៏​ព្រោះតែ​សាច់​ទ្រូង​មាន់​មាន​ផ្ទុក​ប្រូតេអ៊ីន​និង​វីតាមីន B ខ្ពស់ ប៉ុន្តែ​ជាតិ​ខ្លាញ់​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទាប​ដែល​ប្រសើរ​ចំពោះ​សុខភាព​រាងកាយ​ទាំងមូល រួមទាំង​សាច់ដុំ​។​

៣. សាច់គោ​គ្មាន​ខ្លាញ់​

​ជា​អាហារ​ដែល​ប្រសើរ​បំផុត​ជួយ​ឱ្យ​ឡើង​សាច់ដុំ​ឆាប់រហ័ស​។ សាច់គោ​គ្មាន​ខ្លាញ់​មាន​ផ្ទុក leucine និង creatine ដែលជា​សារធាតុចិញ្ចឹម​ចាំបាច់​សម្រាប់​សាច់ដុំ និង​ការកើនឡើង​នូវ​ជាលិកា​សាច់ដុំ​ថ្មី​។​ទោះជា​យ៉ាងណា​ការ​ទទួលទាន​ច្រើនពេក​ក៏​មិនល្អ​ដែរ​សម្រាប់​សុខភាព​។​

៤. ត្រី​សម្បូរ​ខ្លាញ់​

​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ប្រូតេអ៊ីន​គុណភាព​ខ្ពស់​និង​ជាតិ​ខ្លាញ់​សុខភាព​ល្អ​នោះ គឺ​ត្រី​សម្បូរ​ខ្លាញ់​។ ត្រី​ដូចជា​ត្រី​សាល​ម៉ុ​ន និង​ធូ​ណា មិន​ត្រឹមតែ​ជួយ​ក្នុង​ការបង្កើន​សាច់ដុំ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​រាងកាយ​ទាំងមូល​តាមរយៈ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា ៣ ដែល​វា​មាន​ផ្ទុក​។​

៥. គ្រាប់​ធញ្ញជាតិ​

​ដើម្បី​បង្កើន​ម៉ាស​សាច់ដុំ​គ្មាន​ខ្លាញ់​ចូរ​ព្យាយាម​ទទួលទាន​គ្រាប់​ធញ្ញជាតិ​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ជាប្រចាំ​។ នោះ​ក៏​ព្រោះតែ​ក្រៅពី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ហើយ​នោះ គ្រាប់​ធញ្ញជាតិ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​សារធាតុចិញ្ចឹម​ផ្សេងទៀត​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​ដើម្បី​បង្កើន​សាច់ដុំ​ផងដែរ​។​

៦. អង្ករសម្រូប​

​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាបូ​អ៊ី​ដ្រា​ត​ដែល​ចាំបាច់​សម្រាប់​ការលូតលាស់​នៃ​សាច់ដុំ​គ្មាន​ខ្លាញ់​។ លើសពីនេះទៅទៀត​អង្ករសម្រូប​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com