ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះងាយៗដែលនឹងជួយឲ្យសុខភាពកាន់តែប្រសើរឡើង
× ធ្លាប់ដឹងទេថាត្រឹមតែការផ្លាស់ប្ដូរបន្តិចបន្តួចនៃរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នកក៏អាចនាំមកនូវលទ្ធផលវិជ្ជមានជាច្រើនចំពោះសុខភាពដែរ? ថាតើទម្លាប់អ្វីខ្លះទៅដែលគួរប្រកាន់ខ្ជាប់ដើម្បីសុខភាពល្អប្រសើរ?
ខាងក្រោមនេះយើង នឹងបង្ហាញឱ្យដឹងពីគន្លឺះងាយៗ ប៉ុន្តែអាចជួយពង្រឹងសុខភាពរាងកាយ ៖
១. រៀបចំកន្លែងគេងភ្លាមៗ
នៅពេលអ្នករៀបចំកន្លែងគេងភ្លាមក្រោយពេលក្រោកពីដំណេក គឺអាចបង្កើតបរិយាកាសល្អបំផុតមួយសម្រាប់ធូលីដី រួមទាំងមេរោគលូតលាស់ក៏ព្រោះជាតិសំណើមដែលរាងកាយបានបន្សល់ទុកជាប់កម្រាលពូកកំឡុងពេលយប់គ្មានឱកាសនឹងហួតអស់។ អ្នកគួរយកភួយចេញពីកម្រាលពូកតែម្ដងដើម្បីអាចឱ្យកម្រាលពូកឆាប់ស្ងួត។
២. ទទួលទានទឹកធម្មតា ១ កែវជាមួយក្រូចឆ្មារនៅពេលព្រឹក
ចូរបង្កើតទម្លាប់ល្អមួយដោយទទួលទានទឹកក្ដៅឧណ្ហៗលាយជាមួយទឹកក្រូចឆ្មារ និងម្ទេសក្រហមម៉ដ្ឋមួយជិបរាល់ថ្ងៃ។ ទម្លាប់នេះនឹងជួយបង្កើនភាពសកម្ម ក៏ដូចជាសម្រួលដល់ដំណើរការនៃការដុតរំលាយអាហារនៅពេលអ្នកចាប់ផ្ដើមទទួលទានអាហារពេលព្រឹក។ ទឹកក្រូចឆ្មារមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលនឹងបង្កើនប្រព័ន្ធភាពស៊ាំរាងកាយ ខណៈដែលម្ទេសក្រហមជួយពន្លឿនការដុតរំលាយអាហារ។ លើសពីនេះទៅទៀត ភេសជ្ជៈនេះក៏ជួយរក្សាសុខភាពស្បែកល្អប្រសើរផងដែរ។
៣. កាត់បន្ថយការទទួលទានជាតិខ្លាញ់មិនល្អ
ផលប៉ះពាល់នៃជាតិខ្លាញ់លើសុខភាពទូទៅនិងសរសៃឈាម គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរតែព្យាយាមកាត់បន្ថយការទទួលទានជាតិខ្លាញ់ដោយផ្លាស់ប្ដូរវិធីសាស្ត្រចម្អិនអាហារ។ សាកល្បងចម្អិនអាហារដោយដុត អាំង ស្ងោរ ឬចំហុយ ជំនួសការចៀន បំពង និងឆា។
៤. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់
ការទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមចាំបាច់ សម្រួលដល់ការរំលាយអាហារ បន្សាបជាតិពុលពីក្នុងរាងកាយ រក្សាសំណើមនៃស្បែក រួមទាំងផ្ដល់នូវអត្ថប្រយោជន៍ល្អៗជាច្រើនទៀតចំពោះសុខភាព។ រាងកាយផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះហើយទើបរាល់ដំណើរការមុខងារសឹងតែទាំងអស់ក្នុងរាងកាយត្រូវការទឹក។ ប្រសិនបើអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ អាការៈឈឺក្បាល ឈឺចាប់ និងរោគសញ្ញាផ្សេងៗមួយចំនួនទៀតដែលអ្នកជួបប្រទះអាចនឹងធូរស្បើយ។
៥. ទទួលទានផ្លែប៉ោមមួយផ្លែ ក្រោយអាហារមួយពេល
ការទទួលទានផ្លែប៉ោមក្រោយអាហារជាវិធីដ៏ងាយបំផុតដើម្បីកម្ចាត់កំទេចកំទីអាហារជាប់ធ្មេញ។ ទម្លាប់នេះក៏ជួយបង្កើនចរន្តឈាមរត់ក្នុងអញ្ចាញនិងបន្សាបជាតិអាស៊ីតក្នុងមាត់ផងដែរ។ លើសពីនេះទៅទៀតការទទួលទានបន្លែនិងផ្លែឈើស្រស់ៗជួយទប់ស្កាត់ជំងឺអញ្ចាញធ្មេញ។
៦. ទទួលទានយឺតៗ
ចូរទំពារអាហារមួយម៉ាត់ៗឲ្យបានយ៉ាងហោចណាស់ ២០ ទៅ ៣០ ដងសិន សឹមលេប។ ការរំលាយអាហារចាប់ផ្ដើមតាំងពីក្នុងមាត់របស់អ្នក ហើយទឹកមាត់គឺជាអង់ស៊ីមបំបែកអាហារ។ ដំណើរការនេះជួយដល់រាងកាយឲ្យស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន និងថែមទាំងកាត់បន្ថយបញ្ហាទាក់ទងការរំលាយអាហារ ក៏ដូចជាអាការៈហើមពោះផងដែរ។
៧. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណផ្ដលអត្ថប្រយោជន៍សុខភាពជាច្រើន។ សកម្មភាពធម្មតាមួយនៃរាងកាយដូចជា ការដើរត្រឹម ៣០ នាទីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម ជំងឺបេះដូង និងសូម្បីតែជំងឺមហារីកមួយចំនួន រួមបញ្ចូលទាំងមហារីកពោះវៀនធំ។ ការធ្វើលំហាត់ប្រាណជាប្រចាំក៏ជួយបង្កើនមុខងារខួរក្បាលដែលធ្វើឲ្យអ្នកមានភាពសកម្មគួរឲ្យកត់សម្គាល់។
៨. គេងឲ្យបានគ្រប់គ្រាន់
ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារនិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាពិសេសក្នុងកំឡុងពេលប៉ុន្មានម៉ោងមុនចូលគេង។ ការមើលទូរទស្សន៍ ឬប្រើប្រាស់ទូរស័ព្ទនៅមុនពេលចូលគេងក៏បង្កផលប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។ អ្នកគួរព្យាយាមអានសៀវភៅ ឬស្ដាប់ចំរៀងជំនួសវិញទើបប្រសើរ៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com