កីឡាជាតិ
ជាតិ
ក្រៅពីថវិកា៥ពាន់ដុល្លារ ម្ចាស់ជ័យលាភីការប្រកួត Logo និង Mascot ជាទូតសុឆន្ទៈស៊ីហ្គេមឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២
× ក្រៅពីប្រាក់រង្វាន់ចំនួន ៥ពាន់ដុល្លារ ម្ចាស់ជ័យលាភីការប្រកួតប្រជែងស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games 2023 នឹងជាទូតសុឆន្ទៈស៊ីហ្គេមឆ្នាំ២០២៣។ នេះបើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម(CAMSOC)លើកទី៣២។ បើតាម លោក វ៉ាត់ ចំរើន ក្នុងនាមជាទូតសុឆន្ទៈម្ចាស់ជ័យលាភីនឹងតំណាងឲ្យកម្ពុជា នៅគ្រប់កម្មវិធីផ្សព្វផ្សាយ និងរៀបចំការប្រកួតផ្សេងៗ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ SEA Games 2023។
មកទល់ពេលនេះ មានបេក្ខជនប្រមាណ១០នាក់ហើយ ដែលបានផ្ញើស្នាដៃចូលរួមប្រកួតប្រជែង ស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games 2023។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការ CAMSOC បញ្ជាក់ថា ក្រៅពីប្រាក់រង្វាន់លើកទឹកចិត្ត៥ពាន់ដុល្លារ ម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែងស្លាកសញ្ញា «Logo» និងនិមិត្តរូប «Mascot» SEA Games 2023 ដែលកម្ពុជាជាម្ចាស់ផ្ទះ នឹងត្រូវបានតែងតាំងឲ្យធ្វើជាទូតសុឆន្ទៈប្រចាំព្រឹត្តិការណ៍នេះ។
សម្រាប់លោក វ៉ាត់ ចំរើន ការក្លាយជាទូតសុឆន្ទៈជាកិត្តិយសដ៏អស្ចារ្យសម្រាប់ម្ចាស់ជ័យលាភី ព្រោះរូបគេនឹងតំណាងឲ្យកម្ពុជា គ្រប់កម្មវិធីផ្សព្វផ្សាយ និងរៀបចំការប្រកួតផ្សេងៗ ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ SEA Games 2023។
បើតាមអគ្គលេខាធិការរូបនេះ កាលបរិច្ឆេទឈប់ទទួលស្នាដៃចូលរួមប្រកួត នឹងបញ្ចប់នៅថ្ងៃទី៣០ ខែវិច្ឆិកា ខណៈលទ្ធផល នឹងប្រកាសនៅចុងឆ្នាំ២០១៩។ ដូច្នេះ CAMSOC អំពាវនាវដល់បេក្ខជនដែលមានទេពកោសល្យក្នុងការគូរូប និងច្នៃម៉ូដ (Design) និងចង់បង្ហាញស្នាដៃជាប្រវត្តិសាស្ត្រ រួសរាន់ដាក់ស្នាដៃខ្លួនជាសំណៅដើម(អាចគូរដោយកុំព្យូទ័រ ឬដៃ) នៅអគ្គលេខាធិការដ្ឋាន CAMSOC ដែលស្ថិតក្នុងអគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។ បេក្ខជនដែលអាចចូលរួមប្រកួតបាន ត្រូវមានសញ្ជាតិខ្មែរ និងមានអាយុចាប់ពី១៥ឆ្នាំឡើង។
សូមបញ្ជាក់ថា «សុភាទន្សាយ» ដែលតំណាងឲ្យភាពឆ្លាតវៃ ត្រឹមត្រូវ និងយុត្តិធម៌ ត្រូវបានគណៈកម្មការ CAMSOC កំណត់ជាលក្ខខណ្ឌនៃរូបតំណាងក្នុងការប្រកួតប្រជែងរូបសញ្ញា«Logo» និងនិមិត្តរូប«Mascot» SEA Games 2023៕
Tag:
CAMSOC
វ៉ាត់ ចំរើន
SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com