កីឡាជាតិ
ជាតិ
ក្រៅពី​ថវិកា​៥​ពាន់​ដុល្លារ ម្ចាស់​ជ័យលាភី​ការប្រកួត Logo និង Mascot ជា​ទូត​សុ​ឆន្ទៈ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣
10, Oct 2019 , 9:31 am        
រូបភាព
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២
ដោយ:
​ក្រៅពី​ប្រាក់រង្វាន់​ចំនួន ៥​ពាន់​ដុល្លារ ម្ចាស់​ជ័យលាភី​ការប្រកួតប្រជែង​ស្លាក​សញ្ញា «Logo» និង​និមិត្តរូប «Mascot» SEA Games 2023 នឹង​ជា​ទូត​សុ​ឆន្ទៈ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​។ នេះ​បើតាម​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​(CAMSOC)​លើក​ទី​៣២​។ បើតាម លោក វ៉ា​ត់ ចំរើន ក្នុងនាម​ជា​ទូត​សុ​ឆន្ទៈ​ម្ចាស់​ជ័យលាភី​នឹង​តំណាង​ឲ្យ​កម្ពុជា នៅ​គ្រប់​កម្មវិធី​ផ្សព្វផ្សាយ និង​រៀបចំ​ការប្រកួត​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ SEA Games 2023​។



​មកទល់ពេលនេះ មាន​បេក្ខជន​ប្រមាណ​១០​នាក់​ហើយ ដែល​បាន​ផ្ញើ​ស្នាដៃ​ចូលរួម​ប្រកួតប្រជែង ស្លាក​សញ្ញា «Logo» និង​និមិត្តរូប «Mascot» SEA Games 2023​។ លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មការ CAMSOC បញ្ជាក់ថា ក្រៅពី​ប្រាក់រង្វាន់​លើកទឹកចិត្ត​៥​ពាន់​ដុល្លារ ម្ចាស់​ជ័យលាភី​ក្នុងការ​ប្រកួតប្រជែង​ស្លាក​សញ្ញា «Logo» និង​និមិត្តរូប «Mascot» SEA Games 2023 ដែល​កម្ពុជា​ជា​ម្ចាស់ផ្ទះ នឹងត្រូវ​បានតែងតាំង​ឲ្យ​ធ្វើជា​ទូត​សុ​ឆន្ទៈ​ប្រចាំ​ព្រឹត្តិការណ៍​នេះ​។​



​សម្រាប់​លោក វ៉ា​ត់ ចំរើន ការ​ក្លាយជា​ទូត​សុ​ឆន្ទៈ​ជា​កិត្តិយស​ដ៏​អស្ចារ្យ​សម្រាប់​ម្ចាស់​ជ័យលាភី ព្រោះ​រូបគេ​នឹង​តំណាង​ឲ្យ​កម្ពុជា គ្រប់​កម្មវិធី​ផ្សព្វផ្សាយ និង​រៀបចំ​ការប្រកួត​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ SEA Games 2023​។​

​បើតាម​អគ្គលេខាធិការ​រូបនេះ កាលបរិច្ឆេទ​ឈប់​ទទួល​ស្នាដៃ​ចូលរួម​ប្រកួត នឹង​បញ្ចប់​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ខណៈ​លទ្ធផល នឹង​ប្រកាស​នៅ​ចុងឆ្នាំ​២០១៩​។ ដូច្នេះ CAMSOC អំពាវនាវ​ដល់​បេក្ខជន​ដែលមាន​ទេពកោសល្យ​ក្នុងការ​គូ​រូប និង​ច្នៃ​ម៉ូដ (Design) និង​ចង់បង្ហាញ​ស្នាដៃ​ជា​ប្រវត្តិសាស្ត្រ រួសរាន់​ដាក់​ស្នាដៃ​ខ្លួន​ជា​សំណៅ​ដើម​(​អាច​គូរ​ដោយ​កុំព្យូទ័រ ឬ​ដៃ​) នៅ​អគ្គលេខាធិការដ្ឋាន CAMSOC ដែល​ស្ថិតក្នុង​អគារ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។ បេក្ខជន​ដែល​អាច​ចូលរួម​ប្រកួត​បាន ត្រូវមាន​សញ្ជាតិ​ខ្មែរ និង​មាន​អាយុ​ចាប់ពី​១៥​ឆ្នាំ​ឡើង​។​

​សូមបញ្ជាក់ថា «​សុភា​ទន្សាយ​» ដែល​តំណាង​ឲ្យ​ភាព​ឆ្លាត​វៃ ត្រឹមត្រូវ និង​យុត្តិធម៌ ត្រូវបាន​គណៈកម្មការ CAMSOC កំណត់​ជា​លក្ខខណ្ឌ​នៃ​រូបតំណាង​ក្នុងការ​ប្រកួតប្រជែង​រូប​សញ្ញា​«Logo» និង​និមិត្តរូប​«Mascot» SEA Games 2023៕ 


Tag:
 CAMSOC
  វ៉ា​ត់ ចំរើន​
  SEA Games 2023
© រក្សាសិទ្ធិដោយ thmeythmey.com