ONE Championship
កីឡាជាតិ
ជាតិ
Lito Adiwang ប៉ះម្ចាស់ផ្ទះជប៉ុន Ikeda នៅក្រុងតូក្យូលើសង្វៀនធំបំផុតមិនធ្លាប់មាន
×
អត្ថបទ៖ ស៊ីធី
ទីបំផុតកីឡាករ Lito Adiwang រហស្សនាម «Thunder Kid» ដែលជោគជ័យនៅ ONE Warrior Series នឹងបង្ហាញខ្លួនលើកដំបូងនៅសង្វៀនលំដាប់អន្តរជាតិ ONE CHAMPIONSHIP។ នៅថ្ងៃទី១៣ តុលា សប្ដាហ៍ក្រោយ Adiwang ត្រូវជួបម្ចាស់ខ្សែក្រវាត់ Pancrase Flyweight World Champion កីឡាករជប៉ុន Senzo Ikeda ក្នុងការប្រកួតគុនចម្រុះទម្ងន់ Strawweight នៅសង្វៀន ONE: CENTURY PART I នៅទីលាន Ryogoku Kokugikan ក្រុងតូក្យូប្រទេសជប៉ុន។
នេះជាក្ដីស្រមៃរបស់ Adiwang ដែលតែងតែចង់ចូលប្រឡូកនៅសង្វៀនធំជាច្រើនឆ្នាំមកហើយ។ ទីបំផុតរូបគេទទួលបានឱកាសដ៏កម្រដើម្បីប្រកួតជាប្រវត្តិសាស្ត្រនៅសង្វៀនគម្រប់ការរៀបចំព្រឹត្តិការណ៍លើកទី១០០នៃស្ថាប័ន ONE CHAMPIONSHIP។
«ខ្ញុំពិតជាមិននឹកស្មានដល់ទាល់តែសោះ។ ខ្ញុំគិតថា ខ្ញុំអាចទទួលការប្រកួតនៅខែ វិច្ឆិកា ប៉ុន្តែបែរជាបានប្រកួតក្នុងព្រឹត្តិការណ៍នេះ Wow! វាជាឱកាស និង ពេលវេលាដ៏អស្ចារ្យ។ ខ្ញុំពិតជារីករាយណាស់ចំពោះឱកាសនេះ ហើយត្រូវប្រកួតឲ្យអ្នកគាំទ្ររំភើប»។ កីឡាករវ័យ ២៦ ឆ្នាំសញ្ជាតិហ្វីលីពីនថ្លែងបែបនេះ។
ដូចទៅនឹងមិត្តរួមក្រុម Team Lakay, Adiwang ជាកីឡាករមានក្បាច់បាតវូស៊ូដើម្បីសម្លាប់គូប្រកួតដ៏មានប្រសិទ្ធភាព ដែលអាចធ្វើឲ្យកីឡាករមកពីក្រុង Baguio រូបនេះឈ្នះ ៩ ដងនិង ចាញ់ ២ ដងក្នុងកំណត់ត្រាប្រកួតអាជីពកន្លងមក។ ក្នុងនោះ រូបគេ ផ្ដួលគូប្រកួតឲ្យសន្លប់ ៥ ដង និងធ្វើឲ្យដៃគូចុះចាញ់ចំនួន ៣ ដង។ រូបគេក៏មានកំណត់ត្រាឈ្នះ ៥ លើកជាប់គ្នាដោយ ៣ លើកឈ្នះនៅសង្វៀន OWS។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះយកស្ទិលប្រកួតតាមវីរបុរសក្នុងចិត្តអតីតកីឡាករគុនចម្រុះល្បីល្បាញអាមេរិក Rich Franklin។ «គោលដៅរបស់ខ្ញុំ គឺធ្វើឲ្យគេចាប់អារម្មណ៍។ ខ្ញុំចង់បានកំណត់ត្រាល្អក្នុងការបង្ហាញខ្លួនដំបូងនៅសង្វៀនធំ។ ខ្ញុំសន្យាថា វាមិនមែនជាការប្រកួតដ៏ធុញថប់នោះឡើយ។ ក្បាច់របស់ខ្ញុំនឹងធ្វើឲ្យអ្នករាល់គ្នារំភើបពេលទស្សនាការប្រកួត»។ កីឡាករសញ្ជាតិហ្វីលីពីនសង្កត់ធ្ងន់បែបនេះ។
Adiwang នឹងក្លាយជាគូប្រជែងដ៏តានតឹងសម្រាប់ Ikeda។ Ikeda ដែលមានវ័យ ៣៧ ឆ្នាំក្លាយជាកីឡាករកំពូលម្នាក់នៅជប៉ុនតាំងពីមិនទាន់មានគេស្គាល់។ គេជាកីឡាករប្រដាល់ដែលមានក្បាច់បាតចំបាប់ដ៏រឹងមាំ។ កីឡាករវ័យ៣៧ឆ្នាំបានក្លាយជាជើងឯក Pancrase Flyweight World Championship នាខែសីហាឆ្នាំ ២០១៧ ហើយ ៦ខែបន្ទាប់ គេវាយ Yuya Wakamatsu ឲ្យសន្លប់ទៀត។ យ៉ាងណាក្ដី Adiwang បានពន្យល់ថា៖«ខ្ញុំបានដឹងថា គេជាកីឡាករខ្លាំងផ្នែកប្រដាល់ ហើយមានតិកនិកផ្ទាល់ខ្លួនក្នុងការប្រយុទ្ធ។ Ikeda រួមបញ្ចូលក្បាច់បានល្អដែលជាគុណសម្បត្តិដ៏ល្អ។ គេមានបម្លាស់ទីល្អនៅលើសង្វៀន។ យ៉ាងណាក្ដី ខ្ញុំបានរៀបចំខ្លួនដើម្បីវាយបករាល់ក្បាច់របស់គេ»។
ទន្ទឹមគ្នានេះ «Thunder Kid» ក៏ត្រៀមក្បាច់ប្រយុទ្ធដើម្បីសម្លាប់គូប្រកួតបន្ទាប់ពីការបោះជំរំហ្វឹកហាត់កន្លងមកដែរ។ Adiwang ហ្វឹកហាត់យ៉ាងជិតស្និទ្ធជាមួយមិត្តរួមក្រុម Team Lakay កីឡាករ Danny Kingad ដែលត្រូវជួប Demetrious Johnson នៅវគ្គផ្ដាច់ព្រ័ត្រ ONE Flyweight World Grand Prix Championship នៅថ្ងៃជាមួយគ្នានោះដែរ។
កីឡាករហ្វីលីពីនដែលបង្ហាញខ្លួនដំបូងនៅសង្វៀនលំដាប់អន្តរជាតិ ONE បានរៀបរាប់ថា៖«Danny ប្រាប់ខ្ញុំថា ខ្ញុំត្រូវតែប្រើកម្លាំងសន្ធាប់លើរូប Ikeda ដើម្បីឲ្យរូបគេមានអារម្មណ៍ថារងសម្ពាធទើបអាចឈ្នះបាន។ ប៉ុន្តែបើសិនជាបង្កើតកំហុសបន្តិច គឺ ច្បាស់ជាចាញ់មិនខាន។ យើងត្រូវតែអនុវត្តន៍តាមអ្វីដែលយើងរៀបចំទុក»។
កីឡាករមកពី Team Lakay គូសបញ្ជាក់ថា៖«ដោយស្មោះត្រង់ទៅ ខ្ញុំមានសម្ពាធ ប៉ុន្តែខ្ញុំត្រូវតែជម្នះវា។ អ្នកគាំទ្រជាច្រើននឹងនៅពីក្រោយ Ikeda ព្រោះប្រកួតនៅជប៉ុន។ ប៉ុន្តែអ្វីដែលគ្រោងទុក គឺ ខ្ញុំត្រូវធ្វើឲ្យបានល្អបំផុត ដោយមិនអាចរារាំងការរៀបចំទុករបស់ខ្ញុំបានឡើយ»។
ONE: CENTURY ជាការប្រកួតគុនចម្រុះលំដាប់ពិភពលោកមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។ ក្នុងនោះមានការប្រកួតដណ្ដើមខ្សែក្រវាត់ ជាច្រើនដូចជាវគ្គផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង៣ប្រភេទទម្ងន់ផ្សេងគ្នា ហើយមានគូប្រកួតជើងឯកពិភពលោក ប៉ះជើងឯកពិភពលោក។
កុំភ្លេចតាមដាន កម្មវិធីកក្រើកមិនធ្លាប់មានគម្រប់១០០លើកនៃការរៀបចំការប្រកួតរបស់ស្ថាប័ន ONE Championship ត្រូវបានដាក់ឈ្មោះថា ONE: CENTURY។ ONE CENTURY នឹងរៀបចំឡើងនៅថ្ងៃទី ១៣ តុលា ខាងមុខនឹងផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ៩ យប់តទៅ (ម៉ោងកម្ពុជា) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA។
© រក្សាសិទ្ធិដោយ thmeythmey.com