អន្តរជាតិ
អាមេរិក រឹតត្បិត​ទិដ្ឋាការ​មន្ត្រី​ចិន​ពាក់ព័ន្ធ​នឹង​ការបង្ក្រាប​ជនជាតិភាគតិច​នៅ​ស៊ីន​ជាំ​ង​
10, Oct 2019 , 10:22 am        
រូបភាព
លោកប្រមុខការទូត ម៉ៃ ប៉ុមប៉េអូ
លោកប្រមុខការទូត ម៉ៃ ប៉ុមប៉េអូ
​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​៨ ខែតុលា បាន​អះអាងថា ខ្លួន​នឹង​រឹតត្បិត​ទិដ្ឋាការ​លើ​មន្ត្រី​ចិន​រហូតដល់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បញ្ឈប់​រាល់​ការបង្ក្រាប​លើ​ជនជាតិ​វី​ហ្គ័​រ និង​ជនជាតិភាគតិច​ផ្សេងទៀត​នៅ​ភាគ​ខាងលិច​តំបន់​ស៊ីន​ជាំ​ង​។ ការប្រកាស​បែបនេះ គឺធ្វើឡើង​ក្រោយ ១​ថ្ងៃ​ប៉ុណ្ណោះ​នៃ​អាមេរិក​ប្រកាស​ដាក់​អង្គការ​ចិន​ចំនួន ២៨ ចូលទៅក្នុង​បញ្ជីខ្មៅ​ពាណិជ្ជកម្ម​។



​រដ្ឋបាល​ដូ​ណា​ល់ ត្រាំ បាន​ចាត់វិធានការ​ផ្ទួនៗ​លើ​ចិន​ពាក់ព័ន្ធ​បញ្ហា​ជនជាតិភាគតិច​នៅ​តំបន់​ស៊ីន​ជាំ​ង ត្រូវបាន​គេ​មើលឃើញថា គឺជា​វិបត្តិ​ដ៏​រ៉ាំរ៉ៃ​មួយ​។ ភាព​តានតឹង​នេះ គឺ​កើតឡើង​ចំពេល​អាមេរិក និង​ចិន កំពុងមាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​ផង​។

​តាមរយៈ​ការសរសេរ​នៅលើ​បណ្តាញ​Twitter ប្រមុខ​ការទូត​អាមេរិក​លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បាន​លើកឡើងថា ចិន​បាន​ឃុំឃាំង​ដោយ​បង្ខំ​លើ​ជនជាតិភាគតិច​មូស្លីម​ជាង​១​លាន​នាក់​ជា​ប្រព័ន្ធ ដើម្បី​លុបបំបាត់​សាសនា និង​វប្បធម៌​ក្នុង​តំបន់​ស៊ីន​ជាំ​ង​។ លោក​ប៉ុ​ម​ប៉េ​អូ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ចិន​បញ្ឈប់​រាល់​ការរំលោភបំពាន សកម្មភាព​ឃ្លាំមើល និង​ការបង្ក្រាប​យ៉ាងធ្ងន់ធ្ងរ​លើ​ជនជាតិភាគតិច​ជាបន្ទាន់ ជាពិសេស​គឺ​ត្រូវ​ដោះលែង​ប្រជាជន​ឃុំឃាំង​ទាំងនោះ និង​ផ្អាក​ការគំរាមកំហែង​ជនជាតិ​មូស្លីម​ចិន​នៅក្រៅ​ប្រទេស​។

​អម​ជាមួយនឹង​សេចក្តីប្រកាស​មួយ​នេះ ប្រមុខ​ការទូត​អាមេរិក​រូបនេះ​បន្ថែមទៀតថា ក្រសួងការបរទេស​អា​មេ​រិ​ក នឹង​រឹតត្បិត​ការផ្តល់​ទិដ្ឋាការ​ដល់​មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​បក្សកុម្មុយនិស្ត​ចិន​ណា​ដែល​ពាក់ព័ន្ធ​នឹង​ការរំលោភបំពាន និង​ការ​ឃុំឃាំង​ជនជាតិ​វី​ហ្គ័​រ កា​ហ្សា​ក់ និង​ជនភាគតិច​ផ្សេងទៀត​នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។

​ទាក់ទិន​នឹង​បញ្ហា​នេះ ក្រសួងការបរទេស​អា​មេ​រិ​ក មិនទាន់បាន​បញ្ជាក់​អត្តសញ្ញាណ​ជន ដែល​ត្រូវ​រឹតត្បិត​ច្បាស់លាស់​ទេ​។ ប៉ុន្តែ​កន្លងមក អ្នកច្បាប់​អាមេរិក បានស្នើ​ឲ្យ​រឹតត្បិត​ទៅលើ លោក Chen Quanguo លេខា​បក្សកុម្មុយនិស្ត​ចិន​ក្នុង​ខេត្ត​ស៊ីន​ជាំ​ង​ដែល​ល្បីឈ្មោះ​ក្នុងការ​គ្រប់គ្រង​ក្រុម​ជនជាតិភាគតិច​។ 

​ជាការ​ឆ្លើយតប​ដូច​ទៅនឹង​សព្វដង ចិន បាន​ច្រានចោល​ការចោទប្រកាន់រ​បស់​អាមេរិក ហើយ​លើកឡើងថា វា​គ្រាន់តែ​ជា​លេស​របស់​ទីក្រុង​វ៉ាស៊ីនតោន​ប៉ុណ្ណោះ ដើម្បី​ជ្រែ​ត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ចិន​។ បន្ថែម​ពីលើ​នេះ ការចាត់វិធានការ​បស់​រដ្ឋាភិបាល​ចិន​ទៅលើ​ជនភាគតិច​វី​ហ្គ័​រ គឺមាន​គោលបំណង​ប្រឆាំងនឹង​ភេរវកម្ម​និយម និង​ភាពជ្រុលនិយម ហើយ​ចំណាត់ការ​ខាងលើ គឺ​ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ ជាពិសេស​ត្រូវបាន​គាំទ្រ​ដោយ​ក្រុម​ជនជាតិភាគតិច ២៥​លាន​នាក់​ផ្សេងទៀត នៅក្នុង​ខេត្ត​ស៊ីន​ជាំ​ង​។ នេះ​បើតាម​ការសរសេរ​នៅលើ​បណ្តាញ Twitter របស់​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​។​

​ចំណែក​ក្រសួងការបរទេស​ចិន​ក៏​មិន​នៅ​ស្ងៀម​ដែរ ចំពោះ​ការចោទប្រកាន់​នេះ​។ អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Geng Shuang បាន​ច្រានចោល​ការចោទប្រកាន់​គ្មាន​មូលដ្ឋាន​មួយ​នេះ ហើយ​បញ្ជាក់ថា ការ​រឹតត្បិត​ទិដ្ឋាការ​របស់​អាមេរិក គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​មូលដ្ឋាន​ច្បាប់​ទំនាក់ទំនង​អន្តរជាតិ​។ ដូច​ស្ថានទូត​ចិន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែរ អ្នកនាំពាក្យ​រូបនេះ​និយាយថា ស៊ីន​ជាំ​ង គឺជា​រឿង​ផ្ទៃក្នុង​របស់​ចិន​សុទ្ធសាធ ហើយ​វិធានការ​នៅ​ទីនោះ គឺ​ដើម្បី​ទប់ស្កាត់​ភេរវកម្ម​និយម​តែប៉ុណ្ណោះ ។​

​សូមបញ្ជាក់ថា ការប្រកាស​រឹតត្បិត​ផ្តល់​ទិដ្ឋាការ​ឲ្យ​មន្ត្រី​ចិន​បែបនេះ គឺ​ក្រោយ​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់ពី​អាមេរិក​បានដាក់​អង្គការ​ចិន​ចំនួន ២៨​ចូលទៅក្នុង​បញ្ជីខ្មៅ ដោយ​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​បច្ចេកវិទ្យា​ល្បីឈ្មោះ​លំដាប់​ពិភពលោក Hikvision ផងដែរ​។ គួររំលឹកថា កាលពី​លើក​មុន លោក​ប្រមុខ​ការទូត​អាមេរិក​បាន​រិះគន់​ម្តង​ហើយ​ទៅលើ​រដ្ឋាភិបាល​ចិន​ពាក់ព័ន្ធ​នឹង​ជនជាតិភាគតិច​វី​ហ្គ័​រ​នេះ ហើយ​ថែមទាំង​ប្រៀប​ករណី​មួយ​នេះ ទៅនឹង​ការឃុំ​ឃាំង​មនុស្ស​ក្នុង​របប​ណា​ស៊ី​អាល្លឺម៉ង​ផងដែរ​៕



Tag:
 អាមេរិក​
  ចិន​
  វី​ហ្គ័​រ
© រក្សាសិទ្ធិដោយ thmeythmey.com