FIFA
កីឡាជាតិ
ជាតិ
ស្ត្រីអ៊ីរ៉ង់ពេញដោយស្នាមញញឹមក្នុងរូប Selfie ជាមួយអ្នកចាត់ការទូទៅកម្ពុជា! លោក Keisuke Honda ថត Selfie ជាមួយក្រុមស្ត្រីអ៊ីរ៉ង់។ រូបថត FFC
× សុបិនកំពុងក្លាយជាការពិតហើយសម្រាប់ស្ត្រីអ៊ីរ៉ង់ក្នុងការបង្ហាញវត្តមាននៅកីឡដ្ឋានបាល់ទាត់ដើម្បីទស្សនាក្រុមជម្រើសជាតិរបស់ខ្លួន ក្រោយបម្រាមរយៈពេលប្រមាណ៤ទសវត្សរ៍។ កៅអីកំណត់ប្រមាណ៤៦០០ ត្រូវបានត្រៀមរួចជាស្រេចសម្រាប់ពួកគេ នាជំនួបជម្រុះ FIFA World Cup ជុំទីពីរ ជាមួយកម្ពុជា នៅកីឡដ្ឋាន Azadi ក្រុងតេហេរ៉ង់ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែតុលា នេះ។
នារយៈពេលជាង១០ម៉ោង មុនដំណើរការប្រកួតនាវេលាម៉ោង៨ និង៣០នាទី [ម៉ោងនៅកម្ពុជា] សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានបង្ហោះរូបថតជាង៣០សន្លឹក ទាក់ទងនឹងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ Keisuke Honda និងគ្រូបង្វឹក Felix Dalmas។ ក្នុងចំណោមនោះ យើងសង្កេតឃើញរូបថតមួយសន្លឹកដែលបង្ហាញពីស្នាមញញឹមរបស់ស្ត្រីអ៊ីរ៉ង់៣នាក់ ទៅកាន់កាមេរ៉ាទូរសព្ទរបស់លោក Honda។
មិនមានការបញ្ជាក់ថា ជាមន្ត្រីរបស់សហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ឬជាអ្នកគាំទ្រនោះឡើយ ប៉ុន្តែរូបភាពនេះ បង្ហាញពីភាពរីករាយរបស់ស្ត្រីអ៊ីរ៉ង់ដែលបានប្រឡូកខ្លួនក្នុងសកម្មភាពបាល់ទាត់ ហើយក៏មានឱកាសថតជាមួយលោក Honda អតីតកីឡាករឆ្នើមរបស់ក្រុមជម្រើសជាតិជប៉ុនផងដែរ។
លោក Honda មិនមានប្រវត្តិប្រកួតជាមួយអ៊ីរ៉ង់ឡើយ ប៉ុន្តែតេហេរ៉ង់ ក៏មិនមែនជាទឹកដីដែលលោកជាន់ដំបូងនោះដែរ។ កាលពីការប្រកួតជម្រុះ World Cup 2018 កីឡដ្ឋាន Azadi នេះ ត្រូវបានប្រើប្រាស់ជាទឹកដីកណ្តាលនៃជំនួបរវាងអាហ្វហ្គានីស្ថាន និងជប៉ុន ដោយ Honda បានស៊ុតបាល់បញ្ចូលទីគ្រាប់ចុងក្រោយនៃជ័យជម្នះ ៦-០ របស់ក្រុមសាមួរ៉ៃខៀវ។
Selfie! កម្លាំងចិត្ត! ដោយមិននិយាយពីលទ្ធផលនៃការប្រកួត ក្រុមស្ត្រីអ្នកគាំទ្របាល់ទាត់នៅអ៊ីរ៉ង់ ពិតជាទទួលបានការសាទរជាច្រើនពីសហគមន៍អន្តរជាតិ ប៉ុន្តែនេះក៏ជាឱកាសរបស់ក្រុមគោព្រៃកម្ពុជាផងដែរក្នុងការបង្ហាញសមត្ថភាពខ្លួនតទល់ជាមួយក្រុមលំដាប់លេខ១អាស៊ី ដែលមានគម្លាតខុសគ្នាជាង១៥០លេខលើតារាង FIFA Rankings។
ភ្លើងខៀវរបស់អាជ្ញាធរសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ ក្រោមការប្រឹងប្រែងរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) កើតឡើងក្រោយករណីដុតសម្លាប់ខ្លួនរបស់អ្នកគាំទ្រម្នាក់ឈ្មោះ Sahar Khodayari ដែលនាងត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៦ខែពីបទព្យាយាមចូលកីឡដ្ឋានដោយបន្លំខ្លួនស្លៀកពាក់ជាបុរស។
នេះជាការដំណាក់កាលនៃការបើកចំហរឡើងវិញ ក្រោយរឹតត្បិតជាង៤០ឆ្នាំ ប៉ុន្តែសម្រាប់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ការរើសអើង និងការភ័យខ្លាចនៅតែបន្តកើតមាន។ ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន អង្គការអន្តរជាតិមួយនេះ ស្នើឲ្យ FIFA ប្រើឥទ្ធិពលខ្លួនដើម្បីជុំរុញឲ្យស្ត្រីអ៊ីរ៉ង់ចូលទស្សនាបានដោយសារ ពោលគឺមិនត្រូវកំណត់ត្រឹម ៤៦០០កៅអី ក្នុងចំណោម៩០០០០កៅអីនោះឡើយ៕
Tag:
បាល់ទាត់
World Cup
ជម្រើសជាតិកម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com