ជាតិ
សម្ដេច ហ៊ុន សែន​៖ សមិទ្ធផល ដែល​បានមក​ដោយ​ស្រួល​ពេក ពិបាក​ការពារ​
10, Oct 2019 , 11:51 am        
រូបភាព
​ភ្នំពេញ​៖ មេដឹកនាំ​កម្ពុជា ប្រកាស​ជាថ្មី​ឱ្យ​មន្ត្រី​រដ្ឋាភិបាល​ទាំងអស់ ខិតខំ​ថែរក្សា​សមិទ្ធផល​ខ្លួន ដែល​បាន​កសាង​ក្រោយពី​រំដោះប្រទេស​ចេញពី​សង្គ្រាម មកដល់​បច្ចុប្បន្ននេះ​។ សម្រាប់​សម្ដេច ហ៊ុន សែន សមិទ្ធផល​ដែល​មក​ដោយ​ការលំបាក​នេះ មិន​អាចឱ្យ​បាត់បង់​ទៅវិញ​ឡើយ​។​



​ថ្លែង​ចំពោះ​មុខមន្ត្រី​រដ្ឋាភិបាល អង្គទូត​នានា នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំឭក​ពី​ការតស៊ូ​របស់ខ្លួន រួមទាំង​មន្ត្រី​ស្ម័គ្រស្មោះ ដែល​ប្រឹង​ទាញ​កម្ពុជា​ចេញពី​សង្គ្រាម ។ ចលនា​តស៊ូ​ប្រឆាំង​របប ប៉ុល ពត​, ការចរចា​បញ្ចប់សង្គ្រាម​រវាង​ខ្មែរ និង​ខ្មែរ និង​ការប្រឹងប្រែង​រស់នៅ ក្រោម​សម្ពាធ​ទណ្ឌកម្មសេដ្ឋកិច្ច សុទ្ធតែជា​សាវតា​រឿង ដែល​សម្ដេច ហ៊ុន សែន រៀបរាប់​ជាថ្មី ប្រាប់​ទៅ​មន្ត្រី និង​អង្គទូត​។​




​ដោយសារ​ធ្លាប់​ឆ្លងកាត់​បញ្ហា​ទាំងនេះ ទើប​ប្រមុខ​រដ្ឋាភិបាល ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន ប្រឹង​ការពារ​សមិទ្ធផល​ខ្លួន ដែលមាន​បច្ចុប្បន្ន ហើយ​បន្ត​អភិវឌ្ឍន៍​ទៅ​ថ្ងៃ​អនាគត​។ ក្នុង​ពិធី​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ការបង្កើត​ធនាគារជាតិ​នៃ​កម្ពុជា​ឡើងវិញ មេដឹកនាំ​កម្ពុជា​រូបនេះ បាន​និយាយ​ដូច្នេះ​ថា​៖«​សមិទ្ធផល ដែល​បានមក​ដោយ​ស្រួល​ពេក ពិបាក​ការពារ​វិញ​ទេ ប៉ុន្តែ​នេះ​ជា​សមិទ្ធផល ដែល​មក​ដោយ​ការខិតខំ​របស់​យើង​…​។ សមិទ្ធផល​ដែល​កើតចេញពី​ការលំបាក និង​ការខិតខំ​ប្រឹងប្រែង​ខ្លួន គឺជា​សមិទ្ធផល ដែល​យើង​ត្រូវ​ខំ​ការពារ​»​។​

អត្ថបទទាក់ទង

​មិនតែប៉ុណ្ណោះ សម្ដេច ហ៊ុន សែន បាន​សង្កត់ធ្ងន់ថា កម្ពុជា​ធ្លាប់​ទណ្ឌកម្មសេដ្ឋកិច្ច ប៉ុន្តែ​កម្ពុជា​មិន​ស្លាប់​ទេ​។ «​ល្បែង​ទណ្ឌកម្ម មិនអាច​សម្លាប់​អ្នកណា​បានទេ​! កុំទៅ​ឆ្ងល់​ពេក​»​។ នេះ​ជាការ​ព្រលយ​សម្ដី​របស់​សម្ដេច ហ៊ុន សែន នៅ​គ្រា​ដែល​រៀបរាប់​ពី​សមិទ្ធផល​ខ្លួន ដែល​បាន​ដឹកនាំ​ប្រទេស​ចាកចេញ​ពី​ភ្លើងសង្គ្រាម​៕

Tag:
 ហ៊ុន សែន​
  សេដ្ឋកិច្ច​
  សង្គ្រាម
© រក្សាសិទ្ធិដោយ thmeythmey.com