ជាតិ
ព្រំដែន
លោក វ៉ា គឹមហុង ឲ្យប្រាប់លោក បើអ្នកណារកឃើញថា កម្ពុជាបាត់ដីទៅវៀតណាម
10, Oct 2019 , 1:40 pm        
រូបភាព
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការព្រំដែនកម្ពុជា
លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ឲ្យប្រាប់ទៅលោក ប្រសិនបើអ្នកណា រកឃើញថា កម្ពុជា បាត់បត់ដីត្រង់កន្លែងណាមួយ ទៅខាងវៀតណាម។ លោក វ៉ា គឹមហុង ប្រកាសដូច្នេះ ក្នុងសន្និសីទកាសែត ដែលរៀបចំក្រោយពីលោក បញ្ចប់កិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិផ្តល់យោបល់ នៅវិមានសន្តិភាពនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងរឿងព្រំដែនកម្ពុជា-វៀតណាម។



លោក វ៉ា គឹមហុង សង្កត់ធ្ងន់ដូច្នេះថា៖«...ខ្ញុំ ហ៊ាន Challenge [តតាំងមតិ] ពីថ្ងៃហ្នឹងទៅ បើលោកណា បាត់ [ដី] ប្រាប់ខ្ញុំមក កុំទៅនិយាយចោលទទេ ដើម្បីឲ្យតែពីរោះស្តាប់ ដើម្បីថាយើង ធ្វើផ្តេសផ្តាស។ ខ្ញុំ មិនអាចទទួលយកបានទេ ចំពោះការអះអាងនេះ»។

កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាជាមួយគ្នា ដើម្បីទទួលស្គាល់ជាផ្លូវការនូវការសម្រេចបាន៨៤ភាគរយនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ចំណែក១៦ភាគរយទៀត ដែលនៅសេសសល់ ភាគីទាំងពីរ ប្តេជ្ញាបន្តធ្វើរួមគ្នា ដើម្បីបញ្ចប់នាពេលខមុខ។

អតីតគណបក្សប្រឆាំង មើលឃើញថា ការចុះហត្ថលេខាទទួលស្គាល់ការបោះបង្គោលព្រំដែន៨៤នេះ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីបន្ថែម។ លោក អ៊ុំ សំអាន អតីតតំណាងរាស្រ្តគណបក្សប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារដោយសារបញ្ចេញមតិពីរឿងព្រំដែន បានកាន់ទុក្ខ៧ថ្ងៃ សម្រាប់ការបាត់បង់ទឹកដី ក្រោមការចុះហត្ថលេខានេះ។

លោក វ៉ា គឹមហុង លើកឡើងក្នុងសន្និសីទកាសែតថា លោក ក៏ដូចជា រដ្ឋាភិបាល មិនអាចហាមឃាត់ការបញ្ចេញមតិរបស់អ្នកប្រឆាំងបានឡើយ។ ប៉ុន្តែ លោក បកស្រាយថា ការអះអាងរបស់ពួកគេ គឺមិនមានភស្តុតាងជាក់លាក់នោះទេ។

ប្រធានគណៈកម្មការព្រំដែនរូបនេះ បរិយាយថា៖«មាន [បាត់ដី] នៅត្រង់ណា ប្រាប់យើងមក។ អ្នកនិយាយ និយាយឲ្យតែឮ ដើម្បីថា គណៈកម្មការព្រំដែន និង រដ្ឋាភិបាលយើង មិនយកចិត្តទុកដាក់ ដល់ការរស់នៅនិងទុក្ខវេទនារបស់ប្រជាពលរដ្ឋយើងប៉ុណ្ណោះ។ លោក បន្តថា៖«យើង ធ្វើព្រំដែន មិនមែនឲ្យប្រជាពលរដ្ឋយើងនៅតាមព្រំដែន ទឹកភ្នែកទឹកសំបោរទេ។...ជាទូទៅ យើងមានយន្តការដើម្បីការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរមានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនទេ»៕

Tag:
 វ៉ា គឹមហុង
 ​ ព្រំដែន
© រក្សាសិទ្ធិដោយ thmeythmey.com