ជាតិ
​បដិមា​ព្រះ​សិរ​លោកេស្វរៈ ត្រូវបានរកឃើញ​នៅ​ប្រាសាទ​តា​នៃ​
10, Oct 2019 , 2:31 pm        
រូបភាព
រូបពីអាជ្ញាធរជាតិអប្សរា
រូបពីអាជ្ញាធរជាតិអប្សរា
​សៀមរាប​៖ អាជ្ញាធរ​ជាតិ​អប្សរា ​ប្រទះឃើញ​បដិមា​ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ ឫ លោកេស្វរៈ ដែល​ធ្វើ​ពី​ថ្មភក់ នៅក្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ កាលពី​ថ្ងៃទី​៨ ខែតុលា​។ នេះ​បើតាម​ប្រកាស​ព័ត៌មាន​របស់​អាជ្ញាធរ​ជាតិ​អប្សរា នា​ថ្ងៃទី​៩ ខែតុលា​នេះ​។



​បដិមា​ព្រះ​សិរ​ព្រះ​ពោធិសត្វ​លោ​កេ​សូរ​នេះ ត្រូវបាន​គេ​ប្រទះឃើញ ខណៈ​អ្នកជំនាញ​អាជ្ញាធរ​ជាតិ​អប្សរា​ធ្វើ​កំណាយ​នៅក្នុង​ខ្លោងទ្វារ​ចូល​ខាងកើត​ប្រាសាទ​តា​នៃ ជ្រុង​និរតី ដើម្បី​រក​ថ្ម​ដំបូល​ដែល​ធ្លាក់ចុះ​កប់​ក្នុង​គំនរ​ថ្ម និង​ដីដំបូក​យកមក​ជុស​ជុល​ប្រាសាទ​។ បដិមា​ព្រះ​សិរ​លោកេស្វរៈ​ដែល​ប្រទះឃើញ មាន​ត្រឹមតែ​ព្រះ​សិរ មាន​រូប​ព្រះពុទ្ធ​នៅលើ សក់ មាន​ត្រចៀក​ខាងស្ដាំ តែ​គ្មាន​ខាងឆ្វេង ច្រមុះ​ឆែប និង​ព្រះភ័ក្ត្រ​ម្ខាង​ខ្សុះ​របក​សាច់​ថ្ម ។​

​សភាព​ខូចខាត​ទាំងនេះ មិនទាន់​ដឹង​ពី​មូលហេតុ​នោះទេ តែ​អាចជា​ការប៉ះទង្គិច​អ្វីមួយ​ធ្វើ​ឲ្យ​បែក ឬ​គុណភាព​ថ្ម​នៅលើ​ថ្ពាល់​ម្ខាង​មិនសូវ​ល្អ ទើប​ធ្វើ​ឲ្យ​ស្រទាប់​ថ្ម​របក​ចេញពី​ថ្ពាល់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ស៊ា សុភា​រុន ប្រធាន​គម្រោង​ជួលជុល​ប្រសាទ​តា​នៃ និង​ជា​បុរាណ​វិទូ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​។​

​លោក ឈូក សុ​ម៉ា​ឡា មន្ត្រី​ទទួលបន្ទុក​ចុះបញ្ជី​សារពើ​ភណ្ឌ​បុរាណវត្ថុ​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ​និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា​បាន​ឲ្យ​ដឹងថា ព្រះ​សិរ​នេះ​ស្ថិតក្នុង​រចនាបថ​បាយ័ន ប្រហែល​ពី​ចុង​ស​.​វ​ទី​១២ និង​ដើម​ស​.​វ​ទី​១៣ ។ ដោយ​ធ្វើ​ពី​ថ្មភក់ មាន​កម្ពស់​៥៤​ស​.​ម ទទឹង​២៧ ស​.​ម និង​កម្រាស់​៣៦​ស​.​ម​។ បច្ចុប្បន្ន​ត្រូវបាន​អាជ្ញាធរ​អប្សរា​បាន​រក្សាទុក​បណ្ដោះអាសន្ន ដើម្បី​ស្នើរ​យក​រក្សាទុក​នៅ អភិរក្ស​ដ្ឋា​ន​អង្គរ​៕


Tag:
 បដិមា
© រក្សាសិទ្ធិដោយ thmeythmey.com