អន្តរជាតិ
បញ្ហា​ចរាចរណ៍​នៅ​ម៉ានីល​៖​ពលរដ្ឋ​ក្តៅស្លឹកត្រចៀក​ក្រោយ​មន្ត្រី​ថា «​ចង់​ដល់​គោលដៅ​លឿន ត្រូវ​រូតរះ​ចេញដំណើរ​»
10, Oct 2019 , 2:59 pm        
រូបភាព
ប្រភពរូប៖ AFP
ប្រភពរូប៖ AFP
ដោយ:
​អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន រង​ការរិះគន់​យ៉ាង​ចាស់ដៃ​ពី​សំណាក់​ពលរដ្ឋ ក្រោយ​ច្រានចោល​កង្វល់​សាធារណៈ​ពាក់ព័ន្ធ​រឿង​ស្ទះចរាចរណ៍​នៅ​រដ្ឋធានី​ម៉ានីល​។ ជាប់​ឈ្មោះ​ជាទី​ក្រុងមាន​បញ្ហា​ចរាចរណ៍​អាក្រក់​បំផុត​មួយ​លើ​ពិភពលោក អ្នកនយោបាយ​ហ្វីលីពីន​រូបនេះ ប្រាប់​ឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ទីក្រុង​នេះ រូតរះ​ចេញដំណើរ បើ​ពួកគេ​ចង់​ដល់​គោលដៅ​លឿន​។ ប្រជាជន​ហ្វីលីពីន​ចោទប្រកាន់​មន្ត្រី​រូបនេះ​ថា «​គ្មាន​យល់​ពី​តថភាព​ជាក់ស្តែង​»​។



​ម៉ានីល ដែលមាន​ប្រជាជន​សរុប​ជិត​២​លាន​នាក់ គឺ​ជាទី​ក្រុងមាន​មនុស្ស​រស់នៅ​កកកុញ​បំផុត​មួយ​លើ​ពិភពលោក​។  ដោយសារ​ប្រជាជន​ច្រើន តែ​ផ្ទៃដី​តូច (៤២,៨៨​គីឡូម៉ែត្រ​ការ៉េ​) ទីក្រុង​នេះ ជួបប្រទះ​បញ្ហា​កកស្ទះ​ចរាចរណ៍​ធ្ងន់ធ្ងរ ហើយ​ក្នុង​ឆ្នាំ​២០១៥ ជាប់​ឈ្មោះ​ជាទី​ក្រុង​អាក្រក់​បំផុត​សម្រាប់​ការធ្វើ​ចរាចរណ៍​។ ទោះជា​បែបនេះ​ក្តី អ្នកនាំពាក្យ​ប្រ​ធានា​ធិ​ប​តិ លោក Salvador Panelo ហាក់​គ្មាន​ខ្វាយខ្វល់​នឹង​សុខទុក្ខ​ពលរដ្ឋ​ហ្វីលីពីន​បន្តិច​សោះឡើយ​។

​ប្រាប់​សារព័ត៌មាន​ក្នុងស្រុក​នៅ​ថ្ងៃទី​៩ ខែតុលា លោក លើកឡើងថា​៖«​តើ​ពួកគេ​មានន័យ​បែបណា ដោយ​និយាយថា វិបត្តិ​មធ្យោបាយ​ដឹកជញ្ជូន​? សម្រាប់​ខ្ញុំ វា​គ្រាន់តែ​ជា​បញ្ហា​ចរាចរណ៍​ប៉ុណ្ណោះ​»​។ លោក បន្តថា​៖ «​វា​នៅតែមាន​សកម្មភាព​ដឹកជញ្ជូន​,  យើងទាំងអស់គ្នា​នៅតែ​អាចធ្វើ​ចរាចរណ៍​បាន​។ ប្រជាជន​អាចធ្វើ​ដំណើរ​ទៅកាន់​គ្រប់​ទីកន្លែង​ដែល​ពួកគេ​ចង់ទៅ​»​។ 

​នេះ គឺជា​ដំណោះស្រាយ​។ លោក Panelo និយាយ​បែបនេះ ដោយ​បន្ថែមថា ប្រសិនបើ​អ្នក​ចង់ទៅ​ដល់​គោលដៅ​លឿន​នោះ អ្នក​គួរ​ចេញដំណើរ​ឲ្យ​បាន​រហ័ស​បន្តិច​។ យ៉ាងណាមិញ យោបល់​របស់​មន្ត្រីជាន់ខ្ពស់​រូបនេះ មិន​ទទួល​ការលើកសរសើរ​ពី​សំណាក់​ពលរដ្ឋ​ហ្វីលីពីន​ឡើយ​។ ពួកគេ បាន​ចោទ​លោក​ថា គ្មាន​ដឹង​តថភាព​ជាក់ស្តែង​អំពី​ចរាចរណ៍​ក្នុង​ទីក្រុង​ម៉ានីល​។ ពលរដ្ឋ​ម្នាក់​បាន​និយាយថា សិស្ស​ចំណាយពេល​យ៉ាងតិច​៣​ម៉ោង​ឯណោះ​ដើម្បី​ធ្វើដំណើរ​ពី​ផ្ទះ​ទៅដល់​ថ្នាក់រៀន​។ 

«​វា គឺជា​វិបត្តិ​មធ្យោបាយ​ដឹកជញ្ជូន​ក្នុង​ទីក្រុង​ម៉ានីល​។​» សកម្មជន​តំណាង​សិស្ស​ហ្វីលីពីន​ម្នាក់ ឈ្មោះថា John Gemuel Maramba ប្រាប់​សារព័ត៌មាន BBC បែបនេះ ដោយ​បន្ថែមថា សិស្ស​ចាក​ចេញពីផ្ទះ​នៅ​ម៉ោង​៥​ព្រឹក​សម្រាប់​ថ្នាក់រៀន​ម៉ោង​៨​ព្រឹក​។ ម្យ៉ាងវិញទៀត រូបគេ កត់សម្គាល់ថា ប្រជាជន​ភាគ​ច្រើន ពឹង​ផ្អែកលើ​សេវាកម្ម​ដឹកជញ្ជូន​សាធារណៈ​ដើម្បី​ធ្វើដំណើរ​ទៅធ្វើ​ការ និង​រៀនសូត្រ ក៏ប៉ុន្តែ​ពួកគេ​ជួប​បញ្ហា​កកស្ទះ​ចរាចរណ៍​ដ៏​អាក្រក់​បំផុត ដ្បិត​មនុស្ស​ច្រើន​លើសលប់​ត្រូវការ​ជិះ​យានយន្ត​សាធារណៈ និង​ពេលខ្លះ រថភ្លើង​មិន​ដំណើរ​ថែម​ទៀតផង​។

​ក្នុង​សប្តាហ៍​នេះ បញ្ហា​ចរាចរណ៍​ក្នុង​ទីក្រុង​កាន់តែ​ដុនដាប ព្រោះតែ​បណ្តាញ​រថភ្លើង​សំខាន់​ចំនួន​៣​ខ្សែ​លែង​ដំណើរការ​ដោយសារ​បញ្ហា​បច្ចេកទេស​។ ការណ៍​នេះ​ជាហេតុ​បណ្តាល​ឲ្យ​ប្រជាជន​ហ្វីលីពីន​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​បន្តដំណើរ​ដែល​នៅ​សេសសល់​របស់​ពួកគេ​ដោយ​ថ្មើរជើង​។ 

​ដោយ​លើកយក​បញ្ហា​បច្ចេកទេស​របស់​រថភ្លើង​មក​សំអាង ប្រជាជន​ហ្វីលីពីន​ជាច្រើន សម្តែង​ការមិនយល់ស្រប​ចំពោះ​យោបល់​របស់លោក​អ្នកនាំពាក្យ Panelo ដោយ​ចោទថា អ្នកនយោបាយ​រូបនេះ មិន​ទាំង​ប្រើ​មធ្យោបាយ​ធ្វើដំណើរ​សាធារណៈ សម្រាប់​ការធ្វើដំណើរ​ប្រចាំថ្ងៃ​ផង​នោះ​។ មតិ​មួយទៀត លើកឡើងថា សម្តី​របស់លោក Panelo បង្ហាញ​សារ​មួយ​យ៉ាងច្បាស់​ថា ក្នុងនាម​ជាម​ន្ត្រី​ម្នាក់ លោក​គ្មាន​ដឹងលឺ​ពី​ការលំបាក​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ក្នុងការ​ដំណើរ​ឡើយ​។

​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ កាលពី​ថ្មី​នេះ រដ្ឋាភិបាល​ហ្វីលីពីន បានសម្រេច​ចិត្ត​ទិញ​យន្តហោះ​យោធា​ពី​អាមេរិក​មួយគ្រឿង តម្លៃ​៣៩,៩​លាន​ដុល្លារ ដើម្បី​ប្រើប្រាស់​ជា​យន្តហោះ​ឯកជន​របស់​ប្រធានាធិបតី​។ រដ្ឋាភិបាល​ក្រុង​ម៉ានីល អះអាងថា យន្តហោះ​ដែល​នឹង​បញ្ជូន​ទៅដល់​ហ្វីលីពីន​នា​ឆ្នាំ​២០២០ ក៏​នឹងត្រូវ​ប្រើប្រាស់​ដោយ​មន្ត្រីជាន់ខ្ពស់​ហ្វីលីពីន​ផ្សេងទៀត និង​ក្នុងស្ថានភាព​អាសន្ន​ណាមួយ​។ ក៏ប៉ុន្តែ​វា​ពុំមាន​ចំណែក​ពលរដ្ឋ​ហ្វីលីពីន​នោះទេ​។​

​ទាក់ទិន​រឿង​ទិញ​យន្តហោះ​នេះ ប្រជាជន​ហ្វីលីពីន តាមរយៈ​បណ្តាញ​សង្គម Twitter បាន​រិះគន់ថា បញ្ហា​ចរាចរណ៍​នៅ​ម៉ានីល​កាន់តែ​អាក្រក់​ខ្លាំង​ឡើងៗ រដ្ឋបាល​លោក​ប្រធានាធិបតី ឌូ​ទើ​តេ បែរជា​ជូន​រង្វាន់​ខ្លួនឯង​ដោយ​យន្តហោះ​ឯកជន​ទៅវិញ​។ ដូចគ្នានេះដែរ និស្សិត​ពេទ្យ​ហ្វីលីពីន​ម្នាក់​ឈ្មោះថា Lya Elago បាន​ចោទថា កញ្ចប់​ថវិកាជាតិ​សម្រាប់​វិស័យ​សុខាភិបាល និង​អប់រំ ត្រូវបាន​កាត់បន្ថយ​ស​ម្រា​ប់​រឿង​ទិញ​យន្តហោះ​នេះ​៕

Tag:
 ​ហ្វីលីពីន​
  បញ្ហា​ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com