ONE Championship
កីឡាជាតិ
ជាតិ
មិត្ត​ភ័ក្ដិ ចាន់ រតនា Phoe Thaw ប៉ះ​ជើង​ខ្លាំង​កូរ៉េខាងត្បូង Chang Min នៅ​សង្វៀន ONE: CENTURY
10, Oct 2019 , 9:19 pm        
រូបភាព
អត្ថបទ​៖ ស៊ី​ធី​

​កីឡាករ​គុន​ចម្រុះ​មី​យ៉ាន់​ម៉ា  Phoe  Thaw រហស្សនាម « Bushido » ដែលជា​មិត្ត​ភ័ក្ដិ​ស្និទ្ធស្នាល​ចាន់ រតនា ត្រូវ​ប៉ះ​ជើង​ខ្លាំង​កីឡាករ​កូរ៉េខាងត្បូង Yoon Chang Min ដែល​គេ​ស្គាល់​ថា «The Big Heart» នៅ​សង្វៀន ONE: CENTURY PART I​។ តារា​ក្បាច់គុន​លេចធ្លោ​បាន​ចាក​ចេញពី​ស្រុកកំណើត​និង​គ្រួសារ​រួមទាំង​ក្លិប Team PT ដើម្បី​ត្រៀមលក្ខណៈ​រួចរាល់​ក្នុងការ​ប្រកួត​គុន​ចម្រុះ​លើ​ប្រភេទ​ទម្ងន់ Featherweight ដែលជា​ព្រឹត្តិការណ៍​ធំ​បំផុត​របស់ខ្លួន​។



«Bushido» បាន​ត្រៀម​រួចជាស្រេច​ដើម្បី​យកជ័យ​ជម្នះ​នៅ​រេញ Ryogoku Kokugikan នា​ថ្ងៃអាទិត្យ​ទី ១៣ តុលា ខាងមុខ​នា​ក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន​។



​កីឡាករ​មកពី​ក្រុង យ៉ាំង​ហ្គោ​ន បាន​ហ្វឹកហាត់​បង្កើន​ជំនាញ​ចាប់ ជាមួយ​កីឡាករ​ជប៉ុន Shunichi Shimizu និង​មិត្ត​រួម​ក្រុម​ផ្នែក​គុន​ចម្រុះ​ជាច្រើន​ទៀត​ក្នុង​គោលដៅ​ឈានដល់​ចំណុច​ល្អ​បំផុត​។

«​ពួកគេ​ស្វាគមន៍​ខ្ញុំ​ដោយ​ភាព​រីករាយ​អស់ពី​បេះដូង​។ ពួកគេ​ផ្ដល់​ឲ្យ​ខ្ញុំ​នូវ​អាទិភាព​ចំពោះ​ម៉ោង​ហ្វឹកហាត់ និង ជួយ​ខ្ញុំ​ឲ្យ​រីកចម្រើន​ដែលជា​តម្រូវការ​សម្រាប់​ការប្រកួត​នេះ​» ។ Phoe Thaw បង្ហើប​បែបនេះ​។



​កីឡាករ​វ័យ ៣៤ ឆ្នាំ​រូបនេះ​ក៏បាន​ចំណាយ​ពេលវេលា​ខ្លះ​ដើម្បី​ហ្វឹកហាត់​នៅ​ក្លិប​ប្រដាល់ Tiger Muay Thai នៅ Phuket ប្រទេស​ថៃ​ផងដែរ ប៉ុន្តែ អ្វីដែល​ផ្ដោត​សំខាន់​ខ្លាំង​គឺ​តិក​និក​បោក​-​ចាប់ ជាមួយ​កីឡាករ​ចំបាប់ និង ជើង​ខ្លាំង​យូ​ដូ​នៅ​ប្រទេស​ជប៉ុន​។ ជាមួយគ្នា​នោះ «Bushido» ក៏មាន​ជំនាញ​ខាង​កណ្ដាប់ដៃ​និង​ជើង​ដែល​ក្នុង​នោះគេ​មានកំណត់​ត្រា​រហូតដល់ ៨៨% វាយ​ដៃគូ​ឲ្យ​សន្លប់​នៅ​សង្វៀន The Home Of Martial Arts ដោយ​ប្រើ​ជំនាញ​ក្បាច់ ឡេ​ត​វេ និង​កា​រ៉ា​តេ​ដូ ហើយ​ការបញ្ចប់​គូប្រកួត គឺជា​ការចងចាំ​មិនអាច​បំភ្លេចបាន​នៅ​សង្វៀន ONE​។ បែបណា​ក្ដី​កីឡាករ​កូរ៉េខាងត្បូង Yoon ក៏​បង្ហាញខ្លួន​បានល្អ​ដែរ​ដោយ​វាយ​ដៃគូ​ឲ្យ​សន្លប់ និង វាយ​ឲ្យ​ចុះចាញ់​ក្នុងការ​ប្រកួត​២​លើកដំបូង​នៅ​សង្វៀន ONE​។ ដូច្នេះ «Bushido» ត្រូវតែ​ផ្ដោតអារម្មណ៍​ឲ្យ​ខ្លាំងក្លា និង ត្រូវ​ប្រយ័ត្ន​គ្រប់​កាលៈទេសៈ​។

Phoe Thaw រៀបរាប់ថា ៖«​គេ [Yoon] ពូកែ​ខាង​ចំបាប់ និង ប្រដាល់សកល​។ ហើយ​ខ្ញុំ​ត្រូវបាន​គេ​ដឹងថា​ជា​អ្នក​ពូកែ​ខាង​ប្រយុទ្ធ​ជំហរ​ឈរ​។ ដូច្នេះ គេ​ច្បាស់​ជា​រៀបចំ​ផែនការ​ប្រកួត​ជាមួយ​ខ្ញុំ​នៅ​ជំហរ​ដេក​មិន​ខាន​។ ខ្ញុំ​ត្រូវតែ​តតាំង និង តេស្ត​សមត្ថភាព​ចំពោះ​ចំណុចខ្សោយ​របស់ខ្ញុំ​។ ខ្ញុំ​នឹង​បំពេញ​ចំណុចខ្សោយ​ទាំងនេះ​។ ខ្ញុំ​មិនអាច​ចាញ់​ងាយៗ​ដោយ​ក្បាច់​ចំបាប់​នោះទេ​។ ការរៀបចំ​ផែនការ​ហ្វឹកហាត់​របស់​ខ្ញុំ គឺ ហាត់​ជាមួយនឹង​ក្បាច់​ដេក និង ហាត់​ជាមួយ​កីឡាករ​ចំបាប់​។ ដូច្នេះ​វា​ជា​បទពិសោធន៍​ដ៏​មាន​ប្រយោជន៍​សម្រាប់​ខ្ញុំ​ពេល​ខ្ញុំ​ប្រកួត​»​។
​យ៉ាងណាក្ដី​កីឡាករ​មកពី​យុំ​ា​ង​ហ្គោ​ន​សង្កត់ធ្ងន់ថា ៖«​វា​ជា​រឿង​ពិបាក​សម្រាប់​ខ្ញុំ​ដើម្បី​ម៉ិ​ក ឬ​ទាយ​ទុក​មុន​។ ខ្ញុំ​ត្រូវ​ប្រយុទ្ធ​ផង​និង​ស្ទាបស្ទង់ ហើយ​មើល​ស្ថានភាព​ជាក់ស្ដែង​។ អ្វី​ជា​គុណវិបត្តិ​របស់ខ្ញុំ​គឺ កម្លាំង​កាល​ប្រកួត​ពីមុន​។ ខ្ញុំ​ត្រូវ​កែតម្រូវ​ចំណុច​នេះ​ដើម្បី​ឈានដល់​ចំណុចកំពូល​»​។​



Phoe Thaw មាន​មហិច្ឆតា​ប្រកួត​ឲ្យ​ល្អ​បំផុត​ពេល​ប៉ះ​គូប្រកួត​ខ្លាំងៗ និង បង្កើត​កំណត់ត្រា​ដ៏​អស្ចារ្យ​លើស​ង្វៀន​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្រុង តូ​ក្យូ​ដោយ​បន្សល់ទុក​រាល់​ស្នាមញញឹម​។  ម្ចាស់​ពាន ONE Myanmar Featherweight Tournament 2016 Champion មាន​ទំនុកចិត្ត​ដើម្បី​បង្កើត​កំណត់ត្រា​ជ័យជម្នះ​នៅ​ជប៉ុន​។ កីឡាករ​មី​យ៉ាន់​ម៉ា​បាន​គូសបញ្ជាក់ថា​៖«​ខ្ញុំ​មិនអាច​ចេះតែ​រក​នឹក​វ៉ៃ​តាមចិត្ត​ចង់​នោះទេ​។  ព្រោះ​គេ​អាច​ចូលចាប់ និង ក្បាច់​ប្រយុទ្ធ​ល្អ​។ ដូច្នេះ​ខ្ញុំ​ត្រូវ​រក​វិធី​ដើម្បី​តតាំង​គេ​។ ខ្ញុំ​នឹង​ប្រើ​ក្បាច់​វាយបក​ដើម្បី​ផ្ដួល​រូបគេ​ឲ្យ​សន្លប់​លឿនៗ​។ បើ​មិនអាច​ធ្វើតាម​ផែនការ​ទេ នោះ​លទ្ធផល​នឹង​បរាជ័យ​»​។

ONE: CENTURY ជាការ​ប្រកួត​គុន​ចម្រុះ​លំដាប់​ពិភពលោក​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​។ ក្នុងនោះ​មានការ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់ ជាច្រើន​ដូចជា​វគ្គ​ផ្ដាច់ព្រ័ត្រ World Grand Prix Championship ក្នុង​៣​ប្រភេទ​ទម្ងន់​ផ្សេងគ្នា ហើយ​មាន​គូប្រកួត​ជើងឯក​ពិភពលោក ប៉ះ​ជើងឯក​ពិភពលោក​។​

​កុំ​ភ្លេច​តាមដាន កម្មវិធី​កក្រើក​មិន​ធ្លាប់មាន​គម្រប់​១០០​លើក​នៃ​ការរៀបចំ​ការប្រកួតរ​បស់​ស្ថាប័ន ONE Championship ត្រូវបាន​ដាក់ឈ្មោះថា ONE: CENTURY​។ ONE CENTURY  នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ១៣ តុលា ខាងមុខ​នឹង​ផ្សាយ​បន្ត​ផ្ទាល់​ចាប់ពី​ម៉ោង ៩ យប់​តទៅ (​ម៉ោង​កម្ពុជា​) តាមរយៈ https://www.facebook.com/ONEChampionship/ , ONE Super App និង YouTube: https://www.youtube.com/user/OneFCMMA​។

© រក្សាសិទ្ធិដោយ thmeythmey.com