ជាតិ
ព្រំដែន
លោក វ៉ា គឹមហុង៖«យើង ធ្វើព្រំដែន មិនមែនឲ្យពលរដ្ឋយើង ទឹកភ្នែកទឹកសំបោរទេ»
× លោក វ៉ា គឹមហុង ប្រធានគណៈកម្មការកិច្ចការព្រំដែនកម្ពុជា ព្យាយាមពន្យល់សាធារណជន ពីការទទួលបានផលប្រយោជន៍រៀងខ្លួន ក្នុងការបោះបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម ដោយគ្មានភាគីណាមួយ បាត់បង់ទឹកដីឬខាតបង់នោះទេ។ លោក សង្កត់ធ្ងន់ថា ការបោះបង្គោលព្រំដែននេះទៀតសោត ក៏មិនធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋខ្មែរ នៅតាមព្រំដែនដែរ។
ក្នុងសន្និសីទកាសែត ដែលរៀបចំឡើងក្រោយពីបញ្ចប់កិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្តល់យោបល់ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ លោក វ៉ា គឹមហុង ថ្លែងដូច្នេះថា៖«យើង ធ្វើព្រំដែន បោះបង្គោលព្រំដែន មិនមែនឲ្យប្រជាពលរដ្ឋយើងនៅតាមព្រំដែន ទឹកភ្នែកទឹកសំបោរទេ។...ជាទូទៅ យើងមានយន្តការដើម្បីការពារ មិនឲ្យប្រជាពលរដ្ឋខ្មែរ មានទុក្ខវេទនា ដោយសារការបោះបង្គោលព្រំដែនទេ»។
សំឡេងលោក វ៉ា គឹមហុង៖
កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលវៀតណាម បានចុះហត្ថលេខាជាមួយគ្នា ដើម្បីទទួលស្គាល់ជាផ្លូវការនូវការសម្រេចបាន៨៤ភាគរយនៃការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ចំណែក ១៦ភាគរយទៀត ដែលនៅសេសសល់ ភាគីទាំងពីរ ប្តេជ្ញាបន្តធ្វើរួមគ្នា ដើម្បីបញ្ចប់នាពេលខមុខ។
អតីតគណបក្សប្រឆាំង មើលឃើញថា ការចុះហត្ថលេខាទទួលស្គាល់ព្រំដែន៨៤នេះ ធ្វើឲ្យកម្ពុជា បាត់បង់ទឹកដីបន្ថែម។ លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រគណបក្សប្រឆាំង ដែលធ្លាប់ជាប់ពន្ធនាគារដោយសារបញ្ចេញមតិពីរឿងព្រំដែន បានកាន់ទុក្ខ៧ថ្ងៃ សម្រាប់ការបាត់បង់ទឹកដី ក្រោមការចុះហត្ថលេខានេះ។
លោក វ៉ា គឹមហុង លើកឡើងក្នុងសន្និសីទកាសែតថា លោក ក៏ដូចជា រដ្ឋាភិបាល មិនអាចហាមឃាត់ការបញ្ចេញមតិរបស់អ្នកប្រឆាំងបាននោះទេ។ ប៉ុន្តែ លោក បកស្រាយថា ការអះអាងរបស់ពួកគេ គឺមិនមានភស្តុតាងជាក់លាក់ឡើយ៕
Tag:
វ៉ា គឹម ហុង
ព្រំដែនកម្ពុជា-វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com