លោក វ៉ា គឹមហុង​៖ បញ្ហា​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង កុំ​រំពឹងថា UN ជួយ​ដោះស្រាយ​
ជាតិ
លោក វ៉ា គឹមហុង​៖ បញ្ហា​ព្រំដែន​កម្ពុជា ជាមួយ​ប្រទេសជិតខាង កុំ​រំពឹងថា UN ជួយ​ដោះស្រាយ​
10, Oct 2019 , 9:39 pm        
រូបភាព
​ភ្នំពេញ​៖ បញ្ហា​ព្រំដែន​រវាង​កម្ពុជា និង​ប្រទេសជិតខាង គ្មាន​អ្នកណា​អាចជួយ​ដោះស្រាយ​បានទេ សូម្បីតែ​អង្គការសហប្រជាជាតិ​។ នេះ​ជាការ​លើកឡើង​របស់​ប្រធាន​គណៈកម្មការ​ទទួលបន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​ថ្លែង​នៅក្នុង​សន្និសីទកាសែត ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្តល់យោបល់ ពាក់ព័ន្ធ​នឹង​រឿង​ព្រំដែន​កម្ពុជា​-​វៀតណាម នៅ​វិមាន​សន្តិភាព នា​ព្រឹក​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​។​



​លោក វ៉ា គឹមហុង បាន​សង្កត់ធ្ងន់ថា ការដោះស្រាយ​បញ្ហា​ព្រំដែន គឺ​ត្រូវ​អត់ធ្មត់ ហើយ​ដោះស្រាយ​ដោយ​សន្តិវិធី​រវាង​រដ្ឋ និង​រដ្ឋ​ពាក់ព័ន្ធ​។ ឆ្លើយតប​ការរិះគន់​លើ​ការដោះស្រាយ​បញ្ហា​ព្រំដែន​នេះ លោក វ៉ា គឹមហុង បាន​និយាយថា ទោះ​ស្នើ​ទៅ​អង្គការសហប្រជាជាតិ ក៏​មិនអាច​រំពឹង​លើ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ ដោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​កម្ពុជា​ដែរ​។​




​ឆ្លើយ​សំនួរ​អ្នកសារព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន​នេះ ប្រធាន​គណៈកម្មការ​ព្រំដែន​កម្ពុជា បាន​និយាយ​ដូច្នេះ​ថា​៖«​មានមតិ​ខ្លះ​គេ​ថា ម៉េច​បានជា​យើង​មិន​ប្ដឹងទៅ​អង្គការសហប្រជាជាតិ សុំ​ឱ្យជួយ​ដោះស្រាយ​ឱ្យ​យើង​។ រឿង​(​ប្ដឹងទៅ​)​អង្គការសហប្រជាជាតិ យើង​កុំភ្លេចថា យើង​គ្រាន់តែ​ឈ្លោះ​ជាមួយ​ថៃ នៅ​ប្រាសាទព្រះវិហារ ឆ្នាំ​២០០៧ -២០០៨ នៅ​តំបន់​ត្រួតស៊ីគ្នា នៅ​ជិត​វត្ត​កែវ​សិក្ខា​គិរី​ស្វរៈ តែ​ប៉ុន្មាន​គីឡូ​ហ្នឹង គេ​(UN) មិន​ជួយ​យើង​ផង​។ គាត់​(UN) ជួយ​ដែរ ប៉ុន្តែ​ជួយ​ឱ្យ​ដិតដល់ អត់​ចេញរួច​ទេ​។ ដូច្នេះ​កុំ​រំពឹងថា រឿង​ព្រំដែន​ទាំងមូល កម្ពុជា​-​វៀតណាម ,​កម្ពុជា​-​ឡាវ អង្គការសហប្រជាជាតិ គេ​មក​ដោះស្រាយ​ឱ្យ​យើង​។ (​បើ​)​ខ្លាំងណាស់​គេ​បញ្ជូន​យើង​ឱ្យទៅ​ដោះស្រាយ​តុលាការ​ក្រុងឡាអេ ដោះស្រាយ ព្រោះ​វា​ជា​ស្ថាប័ន​អន្តរជាតិ​»​។​

​សម្រាប់​លោក វ៉ា គឹមហុង ការដោះស្រាយ​បញ្ហា​ព្រំដែន គ្មានអ្វី​ក្រៅពី​ការប្រើប្រាស់​វិធីសាស្ត្រ​សម្របសម្រួល​ដោយ​ស្មើភាព ដើម្បី​ទទួលបាន​ផលប្រយោជន៍​ទៅវិញទៅមក​។​«​ក្រៅពី​ច្បាប់ និង​រក​តុលាការ​(​ជួយ​) វា​គឺជា​រឿង​មួយទៀត​។ ប៉ុន្តែ​យើង​មានតែ​ការ​អំណត់​ក្នុង​ការចរចា យើង​មិនមែន​ចេះតែ​ឆេវឆាវ​ទេ​។ យើង​សុខចិត្ត​(​ចរចា​អត់​បាន​លទ្ធផល​) អត់​ហើយ បន្ត​(​ចរចា​)​ទៀត ទាល់តែ​បាន​(​លទ្ធផល​)​បន្តិច​ម្ដងៗ រហូតដល់​៨៤​ភាគរយ​…»​។ នេះ​ជាការ​បញ្ជាក់​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា ដែល​បាន​បន្ថែមថា ការចរចា​របស់​កម្ពុ​ជា លើ​រឿង​ព្រំដែន​នេះ គឺ​មិនមែន​ធ្វើតាម​អ្វីដែល​វៀតណាម​ចង់បាន ឬ​ភាគី​ណាមួយ​បញ្ជា​នោះទេ​។​

​កាលពី​ថ្ងៃទី​៥ តុលា ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា និង​សម​ភាគី​វៀតណាម បានធ្វើ​សាក្សី​ក្នុង​ពិធី​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ ដែល​ត្រូវបាន​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​។ បើទោះជា​ព្រំដែន​នៅ​សេសសល់​១៦​ភាគរយ​ទៀត​ក្តី សម្រាប់​សម្តេច ហ៊ុន សែន ការ​ឈានដល់​ការចុះហត្ថលេខា​លើ​ឯកសារ​ប្រវត្តិសាស្ត្រ​ទាក់ទង​នឹង​ការ​ខណ្ឌសីមា​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ ក៏បាន​បង្ហាញ​យ៉ាងច្បាស់​ថា ដំណោះស្រាយ​ព្រំដែន​ទ្វេរ​ភាគី បាន​បោះ​ជំ​ហ៊ាន​ទៅមុខ​ដោយ​មោទនៈ និង​ប្រកបដោយ​ភាតរភាព​។ សម្តេច ហ៊ុន សែន បានប្រកាសថា លោក​នឹង​ប្រឹងប្រែង​បញ្ចប់​បញ្ហា​ព្រំដែន ដើម្បី​មនុស្ស​ជំនាន់​ក្រោយ​។​

​តែ​យ៉ាងណា​គណបក្សនយោបាយ​នានា ក៏បាន​បង្ហាញ​ជំហរ​មិន​ទុកចិត្ត ចំពោះ​អ្វីដែល​ប្រមុខ​រដ្ឋាភិបាល​លើកឡើង​នេះដែរ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញថា ក្នុងស្ថានភាព​នយោបាយ ដែល​ប្រទេស​មិនទាន់មាន​ឯកភាព​ជាតិ និង​ក្នុងពេលដែល​សភាជាតិ គ្រប់គ្រង​ដោយ​គណបក្ស​តែមួយ​នោះ រដ្ឋសភា​ពុំគួរ​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា ឬ​កិច្ចព្រមព្រៀង​លើ​បញ្ហា​ព្រំដែន​ឡើយ​។​

អត្ថបទទាក់ទង

​ត្រង់ចំណុច​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ទាមទារ​៤​ចំណុច ដោយ​ឱ្យ​រដ្ឋាភិបាល​បង្ហាញ​ឯកសារ​ច្បាប់​ទាំងពីរ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន ដែល​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ ជា​សាធារណៈ​។ ជាពិសេស​រដ្ឋាភិបាល ត្រូវ​ធានាថា ពលរដ្ឋ​ខ្មែរ​គ្រប់រូប ម្ចាស់​ដី​នៅតាម​បន្ទាត់​ព្រំដែន អាច​កាន់កាប់ ប្រើប្រាស់ អាស្រ័យ​ផល និង​ដើរ​ដោយ​គ្មាន​ការរារាំង និង​គំរាមកំហែង​។ បន្ថែម​ពីនេះ​ទៀត រដ្ឋាភិបាល​កម្ពុជា ត្រូវ​អភិវឌ្ឍន៍​តំបន់​ព្រំដែន ទៅជា​សហគមន៍​សម្បូរ​សប្បាយ និង​ចុងក្រោយ រដ្ឋាភិបាល​មិនត្រូវ​បង្កើត​តំបន់ស​ដ្ឋ​កិច្ច​ពិសេស នៅតាម​បណ្ដោយ​ព្រំដែន​ដោយ​វិនិយោគិន​នៃ​ប្រទេស​ដែលជា​ប់​ព្រំដែន​ឡើយ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​សរសេរ​ដូច្នេះ​ថា​៖«​ដោយសារ​ព្រះរាជាណាចក្រ​កម្ពុជា មិនមាន​គណៈកម្មការ​ជំនាញ​ឯករាជ្យ​លើ​បញ្ហា​ព្រំដែន ប្រវត្តិសាស្ត្រ ច្បាប់ និង​ប្រជាសាស្ត្រ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន មិនអាច​ដឹងថា ការចុះ​សន្ធិសញ្ញា​ព្រំដែន​រវាង​រដ្ឋាភិបាល​កម្ពុជា អាណត្តិ​ទី​៦ និង​រដ្ឋាភិបាល​វៀតណាម នៅ​ថ្ងៃទី​៥ តុលា ឆ្នាំ​២០១៩ កម្ពុជា​ខាត ឬ​វៀតណាម ចំណេញ​ទេ​។ គណបក្ស​យល់ឃើញថា ការ​មាន​ព្រំដែន​មួយ​ច្បាស់លាស់​ជា​រឿង​មួយ​ល្អប្រសើរ​»​។​

​ប៉ុន្តែ​ការព្រួយបារម្ភ​ខាងលើនេះ ត្រូវបាន​លោក វ៉ា គឹមហុង អះអាងថា ការចរចា និង​ការបោះបង្គោល​ព្រំដែន​រវាង​កម្ពុជា​-​វៀតណាម និង​ប្រទេស​ផ្សេងៗ​កន្លងមក គ្មាន​ភាគី​ណាមួយ បាត់បង់​ទឹកដី​ឬ ខាតបង់​នោះទេ ហើយក៏​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ខ្មែរ នៅតាម​ព្រំដែន​ដែរ​។ «​យើង ធ្វើ​ព្រំដែន បោះបង្គោល​ព្រំដែន មិនមែន​ឲ្យ​ប្រជាពលរដ្ឋ​យើង​នៅតាម​ព្រំដែន ទឹកភ្នែក​ទឹកសំបោរ​ទេ​។​...​ជាទូទៅ យើង​មាន​យន្តការ​ដើម្បី​ការពារ មិន​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មានទុក្ខ​វេទនា ដោយសារ​ការបោះបង្គោល​ព្រំដែន​ទេ​»​។ នេះ​ជាការ​អះអាង​របស់​ប្រធាន​គណៈកម្មការ​កិច្ចការ​ព្រំដែន​កម្ពុជា​៕


Tag:
 វ៉ា គឹមហុង​
  ព្រំដែន​
  វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com