FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ជម្រុះ World Cup៖ កម្ពុជា នេ​ប៉ាល់ ស្រីលង្កា ម៉ុង​ហ្គោ​លី​សុទ្ធតែ​ប៉ះ​ក្រុមគីឡូ World Cup
10, Oct 2019 , 4:04 pm        
រូបភាព
​ការប្រកួត​វគ្គ​ជម្រុះ FIFA World Cup 2022 ជុំ​ទី​ពីរ នៅ​ថ្ងៃទី​១០ ខែតុលា​នេះ​មាន​ចំនួន​១៦​គូ​។ ក្នុងចំណោម​នេះ មាន​៤​គូ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​វគ្គ​ជម្រុះ​ប្រចាំ​តំបន់​អាស៊ី​នេះ ដ្បិត​សុទ្ធតែ​ជាការ​ប៉ះគ្នា​រវាង​ក្រុម​គីឡូ​ស្រាល​ទល់ នឹង​ក្រុម​គីឡូ World Cup និង​ថែម​មាន​គម្លាត​ពិន្ទុ​ឆ្ងាយ​គ្នា​លើសពី​១០០​លេខ ក្នុង​តារាង​ចំណាត់ថ្នាក់ FIFA Ranking លំដាប់​ពិភពលោក​បច្ចុប្បន្ននេះ​។​



​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា នឹងត្រូវ​ជួប​ម្ចាស់ផ្ទះ​អ៊ីរ៉ង់​នៅ​កីឡដ្ឋាន Azadi ក្រុង​តេ​ហេ​រ៉ង់ នា​វេលា​ម៉ោង​៨ និង​៣០​នាទី [​ម៉ោង​នៅ​កម្ពុជា​] នៃ​វគ្គ​ជម្រុះ​ពូ​ល C​។
​អ៊ីរ៉ង់​ជា​ក្រុម​យក្ស​នៅ​តំបន់​អាស៊ី​ដោយ​ឈរ​នៅ​លេខ​រៀង​ទី​១ ក្នុង​តារាង​ចំណាត់ថ្នាក់ AFC និង​លេខ​រៀង​ទី​២៣​ក្នុង​រា​តាង​លំដាប់​ពិភពលោក​។ ផ្ទុយទៅវិញ​គូប្រជែង​របស់​ពួកគេ​គឺ​កម្ពុ​ជាមាន​ចំណាត់ថ្នាក់​ក្នុង FIFA Ranking ទី​១៦៩​ឯណោះ​ដែលមាន​គម្លាត​ឆ្ងាយ​ពីគ្នា​រហូតដល់​១៤៦​លេខ​។​

​នេ​ប៉ាល់ ដែល​ត្រូវ​ធ្វើដំណើរ​ទៅ​ជួប​អូស្ត្រាលី​ក៏មាន​ចំណាត់ថ្នាក់ Ranking ខុសគ្នា​ឆ្ងាយ​ដែរ​។ នេ​ប៉ាល់​ដែលជា​ក្រុម​ស្ថិតនៅ​តំបន់​អាស៊ី​ខាងត្បូង​មាន​ចំណាត់ថ្នាក់​ទី​១៦១ ខណៈ​អូស្ត្រាលី​ដែលជា​ក្រុម​ថ្មី​នៅ​អាស៊ី មាន​ចំណាត់​ទី​៤៤ ពិភពលោក និង​៤​នៅ AFC ពោល​គឺមាន​គម្លាត​គ្នា​ចំនួន​១១៧​លេខ​។ ក្រុម​ទាំងពី​នឹងត្រូវ​តតាំង​គ្នា​នៅវេលា​ម៉ោង ៤:០០​នាទី [​ម៉ោង​នៅ​កម្ពុជា​] ល្ងាច​នេះ​សម្រាប់​វគ្គ​ជម្រុះ​ពូ​ល B​។​

​សម្រាប់​ការជួបគ្នា​នៅ​ពូ​ល H ក្រុម​ឈរ​ចំណាត់ថ្នាក់​ទី​៣ ប្រចាំ​តំបន់​អាស៊ី​កូរ៉េខាងត្បូង ត្រូវ​ទទួល​ភ្ញៀ​ង​ស្រីលង្កា​នៅវេលា​ម៉ោង ៦:០០​នាទី​ល្ងាច​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​ទាំងពីរ​មាន​ចំណាត់ថ្នាក់​ពិភពលោក​ខុសគ្នា​រហូតដល់​ទៅ​១៦៥​លេខ ក្នុងនោះ កូរ៉េខាងត្បូង​នៅ​លេខ​រៀង​ទី​៣៧ រីឯ​ស្រីលង្កា​លេខ​២០២​។​

​ដោយឡែក​ម៉ុង​ហ្គោ​លី​ដែល​ស្ថិតនៅ​ពូ​ល F នឹងត្រូវ​ធ្វើដំណើរ​ទៅ​ជួប​ជប៉ុន​នៅ​ថ្ងៃទី​១០ ខែតុលា​នេះដែរ ដែល​ប្រព្រឹត្តិ​ទៅ​នៅវេលា​ម៉ោង ៥:៣៥​នាទី​ល្ងាច​នេះ [​ម៉ោង​នៅ​កម្ពុជា​]​។ ក្រុម​លំដាប់​ទី​ពីរ​តំបន់​អាស៊ី រហស្សនាម​សាមូរ៉ៃ មាន​ចំណាត់ថ្នាក់​ល្អ​ជាង​ម៉ុង​ហ្គោ​លី​រហូតដល់​១៥២​លេខ​។ ជប៉ុន​នៅ​លេខ​រៀង​ទី​៣១ ហើយ ម៉ុង​ហ្គោ​លី​លេខ​១៨៣​។​

​ចំណែក​ឯក​យក្ស​ចិន និង​កោះ​ហ្គា​ម ក៏​មិន​ខុសពី​ការជួបគ្នា​របស់​ជំនួប​៤​គូ​ខាងលើ​ដែរ​។ ចិន​ដែលជា​ម្ចាស់ផ្ទះ​ក្នុងការ​ប្រកួត​នេះ​ឈរ​នៅ​ចំណាត់​ថ្នា​ត់ទី ៦៨ ពិភពលោក ខណៈ​កោះ​ហ្គា​ម​នៅ​លេខ​រៀង​ទី​១៩៥​។ ក្រុម​ដែល​ត្រូវ​ជួបគ្នា​នៅ​ម៉ោង ៧:០០​នាទី​យប់​នេះ មាន​គម្លាត FIFA Ranking ចំនួន​១២៧​លេខ​៕

Tag:
 World Cup
  ជម្រើសជាតិ​
  FIFA Ranking
© រក្សាសិទ្ធិដោយ thmeythmey.com