ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីការងារថា ពលករខ្មែរនៅបរទេស មានសុវត្ថិភាពនិងស្របច្បាប់ស្ទើរ១០០ភាគរយហើយ លោក អ៊ិត សំហេង រដ្ខមន្ត្រីនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្តែងការគួរសមជាមួយនឹងលោកស្រី ណិនណេត ម៉ូទូស ប្រធានអង្គការIOM កាលពីថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
× ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកស្រី Nentte Motus ប្រធានអង្គការអន្តរជាតិទេសន្តរប្រវេសន៍ ( IOM) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា ពលករខ្មែរប្រមាណ១លាន២សែននាក់ ដែលទៅធ្វើការងារនៅក្រៅប្រទេស គឺប្រកបដោយសុវត្ថិភាព និងស្របច្បាប់ស្ទើរតែ១០០ភាគរយហើយ មកដល់បច្ចុប្បន្ននេះ។
បន្ទាប់ពីកម្ពុជាទទួលបានលទ្ធផលជោគជ័យនៃកិច្ចសហប្រតិបត្តិការគោលនយោបាយទេសន្តរប្រវេសន៍ជាមួយអង្គការ IOM កន្លងមក កម្ពុជាបានគិតគូរដល់បញ្ហារបស់ពលករខ្មែរ និងបានស្នើឲ្យអង្គការ IOM ទាក់ទងនឹងពលករទេសន្តរប្រវេសន៍ ដើម្បីជួយដោះស្រាយបញ្ហាចល័តភាពនៃរបបសន្តិសុខសង្គមឲ្យមានភាពប្រសើរឡើង។
គេហទំព័រក្រសួងការងារ បានសរសេរពីសម្តីរបស់លោករដ្ឋមន្ត្រី អ៊ិត សំហេង យ៉ាងដូច្នេះថា៖«យើងចាប់ផ្តើមទាំងការលំបាក។ ឥឡូវអាចនិយាយបានថា ពលករដែលធ្វើការនៅក្រៅប្រទេស មានសុវត្ថិភាព និងស្របច្បាប់ស្ទើរ១០០ភាគរយ។ ពលករចំនួន១លាន២សែននាក់ដែលបានទៅធ្វើការនៅក្រៅប្រទេស យើងបានថែទាំ និងតាមគាំពារពួកគេជាប់ជានិច្ច។ និយាយដូច្នេះ មិនមែនថាមិនមានបញ្ហាប្រឈមនោះទេ ប៉ុន្តែយើងនៅតែបន្តសហការជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាទាំងនោះ»។
ទាក់ទងនឹងការនាំពលករទៅក្រៅប្រទេស កម្ពុជាមានការសហការជាមួយនឹងភាគីថៃ ដើម្បីបំពេញឲ្យពលករខ្មែរ ក្លាយជាពលករស្របច្បាប់។ បច្ចុប្បន្នការងារនេះបានក្លាយជាកាលានុវត្តភាព។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រីដដែល ហើយលោក បានស្នើសុំឲ្យអង្គការ IOM បន្តសហការដើម្បីឲ្យក្លាយជាការបណ្តុះបណ្តាលជំនាញដល់ពលករ និងស្វែងរកការងារបន្ថែមសម្រាប់ពួកគេផងដែរ។
សូមបញ្ជាក់ថា ក្នុងមួយឆ្នាំៗ ក្រសួងការងារបានបញ្ជូនពលករខ្មែរជាង៤ពាន់នាក់ ទៅធ្វើការលើវិស័យផ្សេងៗ ដូចជា ឧស្សាហកម្ម កសិកម្ម និងសំណង់ នៅប្រទេសកូរ៉េ។ លោក ហេង សួរ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងថា គិតត្រឹមឆ្នាំ២០១៩នេះ កម្ពុជាបានបញ្ជូនពលករប្រមាណ៤ម៉ឺននាក់ហើយទៅធ្វើការនៅប្រទេសកូរ៉េ៕
Tag:
អ៊ិត សំហេង
ពលករខ្មែរ
ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com