FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup 2034៖ ថៃ នឹងដឹកនាំឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ដេញថ្លៃធ្វើម្ចាស់ផ្ទះ
× ថៃនឹងដឹកនាំការដេញថ្លៃរួមគ្នាជាមួយប្រទេសអាស៊ានចំនួន៤ផ្សេងទៀត ដើម្បីរៀបចំធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០៣៤។ ដំបូងឡើយថៃចង់រួមគ្នាជាមួយប្រទេសទាំង១០តែម្តង ប៉ុន្តែបានផ្លាស់ប្តូរវិញ ដោយមានកិច្ចព្រមព្រៀងគ្នា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីកីឡាអាស៊ានលើកទី ៥ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនថ្ងៃទី៩ ខែតុលា។
ប្រទេស៤ផ្សេងទៀត ដែលនឹងចូលរួមដេញថ្លៃរួមគ្នាជាមួយថៃនោះ រួមមាន ឥណ្ឌូណេស៊ី ម៉ាឡេស៊ី សិង្ហបុរី និងវៀតណាម ខណៈដែលកម្ពុជា ឡាវ ហ្វីលីពីន ព្រុយណេ និង មីយ៉ាន់ម៉ាមិនចូលរួមឡើយ។
លោក Pipat Ratchakitprakan រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ បានបញ្ជាក់ក្នុងកិច្ចប្រជុំថា ថៃនឹងដើរតួនាទីនាំមុខគេក្នុងចំណោមប្រទេសទាំង៥ ដើម្បីដេញថ្លៃនាំយកព្រឹត្តិកាណ៍ World Cup 2034 ទៅកាន់ប្រទេសក្នុងតំបន់អាស៊ាននេះ ជាលើកដំបូង។
ក្រៅពីប្រទេសអាស៊ាននេះ មានប្រទេសផ្សេងទៀតដូចជា ចិន អេហ្ស៊ីប ស៊ីមបាវ៉េ នីហ្សេរីយ៉ា អូស្ត្រាលី និងនូវែលសេឡង់ ក៏បានបង្ហាញចំណាប់អារម្មណ៍ក្នុងការចូលរួមដេញថ្លៃ World Cup ឆ្នាំ ២០៣៤ ដែរ។
ក្នុងចំណោមការប្រកួតកីឡានេះចំនួន២១លើកកន្លងមក ទ្វីបអាស៊ីទទួលសិទ្ធិរៀបចំធ្វើម្ចាស់ផ្ទះបានមួយលើកប៉ុណ្ណោះកាលពីឆ្នាំ២០០២ ដែលដឹកនាំដោយជប៉ុននិងកូរ៉េខាងត្បូង។ កាតាក៏នឹងក្លាយជាប្រទេសអាស៊ីទី៣ ដែលទទួលសិទ្ធិធ្វើម្ចាស់ផ្ទះក្នុងឆ្នាំ២០២២ផងដែរ នៅឡើយតែអាស៊ានប៉ុណ្ណោះ ដែលមិនទាន់ស្គាល់រសជាតិ។
បណ្តាប្រទេសអាស៊ីអាគ្នេយ៍ធ្លាប់លើកឡើងពីការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាល់ទាត់ពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ នៅឯកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ក្នុងក្រុងបាងកក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ លោកប្រាយុទ្ធ ចន្ទអូចា ធ្លាប់បានប្រកាសហើយថា ប្រទេសតំបន់អាស៊ាន នឹងចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះកីឡាបាល់ទាត់ពិភពលោក World Cup ឆ្នាំ២០៣៤នេះទៀតផង។
កន្លងមក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ប្រាប់ទីភ្នាក់ងារព័ត៌មានថៃដែរថា ប្រទេសខ្លួននឹងកែលម្អកីឡដ្ឋានដែលមានស្រាប់ឲ្យស្របតាមស្តង់ដារបស់ FIFA សម្រាប់ការដេញថ្លៃនេះ៕
Tag:
World Cup
ជម្រើសជាតិ
ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com