ជាតិ
សេដ្ឋកិច្ច
កម្ពុជា​អនុវត្ត​គម្រោង​កសិកម្ម តម្លៃ​១១០​លាន​ដុល្លារ ក្នុង​ខេត្ត​ចំនួន​១២
11, Oct 2019 , 8:29 am        
រូបភាព
សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា ឆ្នាំ២០១៩-២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត ពីក្រសួងកសិកម្ម។
សិក្ខាសាលាស្តីពីការចាប់ផ្តើមអនុវត្តគម្រោងពិធិពកម្មវិស័យកសិកម្មកម្ពុជា ឆ្នាំ២០១៩-២០២៥ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ រូបថត ពីក្រសួងកសិកម្ម។
​ភ្នំពេញ​៖ គម្រោង​ពិពិធ​កម្មវិស័យ​កសិកម្ម​កម្ពុ​ជា​(CASDP)​ក្នុង​ខេត្ត​ចំនួន​១២ ដែលមាន​តម្លៃ​១១០.៦៥​លាន​ដុល្លារ ចាប់ផ្តើម​អនុវត្ត​ក្នុង​ឆ្នាំ​២០១៩​ដល់​ឆ្នាំ​២០២៥​។ ទំហំ​ទឹកប្រាក់​ទាំងនេះ មាន​១០​លាន​ដុល្លារ​ជា​ថវិកាបដិភាគ​របស់​រដ្ឋាភិបាល​កម្ពុជា និង​ជាង​១០០.៦៥​លាន​ដុល្លារ​ទៀត ជា​ជំនួយ​របស់​ធនាគារពិភពលោក​(World Bank)​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​១០​តុលា​។​



​រដ្ឋមន្ត្រី​កសិកម្ម​លោក វេ​ង សាខុន បាន​បញ្ជាក់ថា គម្រោង​ពិពិធ​កម្មវិស័យ​កម្ពុជា​(Cambodia Agriculture Sector Diversification Project, CASDP)​នេះ នឹង​បំពេញ​តួនាទី​យ៉ាងសំខាន់ ក្នុង​ការជួយ​សម្របសម្រួល​ការវិនិយោគ​ធុរកិច្ច​កសិកម្ម​, ជំរុញ និង​លើកទឹកចិត្ត​ការវិនិយោគ​កសិដ្ឋាន​និង​សម្ភារ​កសិកម្ម រួមទាំង​កាលានុវត្តភាព​ធុរកិច្ច​កសិកម្ម​។ បើតាម​លោក វេ​ង សាខុន គម្រោង​នេះ ក៏​ជួយ​ពង្រឹង​និង​ផ្សារភ្ជាប់​តម្លៃ​ទីផ្សារ ជាពិសេស​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ ដែលជា​មូលដ្ឋានគ្រឹះ​ក្នុងការ​ដោះស្រាយ​បញ្ហា ដើម្បី​គាំទ្រ​ធុរកិច្ច​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​។

​ដើម្បី​អនុវត្ត​គម្រោង​អភិវឌ្ឍ​វិស័យ​កសិកម្ម​នេះ​ឱ្យមាន​ប្រសិទ្ធភាព លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​ណែនាំ​ឲ្យ​អង្គភាព​អនុវត្ត​នៃ​គម្រោង​ខាងលើ ត្រូវធ្វើ​បច្ចុប្បន្នភាព​គោលដៅ គោលបំណង និង​សកម្មភាព​ថ្មីៗ ក៏ដូចជា​ការរៀនសូត្រ​បន្ថែមទៀត ដើម្បី​ឲ្យ​ស្របទៅនឹង​ការវិវឌ្ឍ​ន៍​នៃ​បច្ចេកវិទ្យា​ថ្មីៗ ក្នុងស្ថានភាព​សេដ្ឋកិច្ច​នៃ​សាកលភាវូបនីយកម្ម​។ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖« គម្រោង​ពិ​ធិ​ព​កម្មវិស័យ​កម្ពុជា ពិតជា​ចូលរួមចំណែក​ក្នុងការ​សម្រេច​នូវ​កំណើន​សេដ្ឋកិច្ចជាតិ ចក្ខុវិស័យ ទិសដៅ និង​ឆ្លើយតប​ទៅនឹង​តម្រូវការ​ពិតប្រាកដរ​បស់​ប្រជាជន និង​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក្នុង​បរិបទ​បច្ចុប្បន្ននេះ​»​។​

​រាជធានី​-​ខេត្ត​ទាំង​១២ ដែល​ត្រូវអនុវត្ត​គម្រោង​នេះ រួមមាន កំពង់ឆ្នាំង បាត់ដំបង ព្រះវិហារ សៀមរាប ស្ទឹងត្រែង រតនគីរី មណ្ឌល​គី​រី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម កណ្តាល កំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​៕


Tag:
 កសិកម្ម​
  ពិ​ធិ​ពក​ម្ម​
  World Bank
© រក្សាសិទ្ធិដោយ thmeythmey.com