អន្តរជាតិ
ចិន នៅតែ​ក្រសោប​ប៉ា​គី​ស្ថាន ខណៈ​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ឥណ្ឌា​
11, Oct 2019 , 8:59 am        
រូបភាព
​ប្រធានាធិបតី​ស៊ី ជិន​ភីង នៅ​ថ្ងៃទី​៩ ខែតុលា បាន​រៀបរាប់​ពី​ចំណង​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​ប្រទេស​ចិន និង​ប៉ា​គី​ស្ថាន​នា​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន អ៊ី​ម​រ៉ា​ន ខាន់ នៅ​ទីក្រុង​ប៉េកាំង​។ ជំនួប​នេះ ធ្វើឡើង​មុន​លោក ស៊ី ធ្វើ​ទស្សនកិច្ច​នៅ​ទឹកដី​ឥណ្ឌា​ដើម្បី​ជួប​ជាមួយ​ប្រមុខ​ដឹកនាំ​ឥណ្ឌា​។ ចិន ហាក់​បន្ត​ក្រសោប​ប៉ា​គី​ស្ថាន ស្របពេល​ពង្រឹង​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ឥណ្ឌា​ដែលជា​សត្រូវ​សួ​ពូជ​របស់​ប៉ា​គី​ស្ថាន​នោះ​។​


 
​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​ប៉ា​គី​ស្ថាន លោក ស៊ី ជិន​ភីង បាន​លើកឡើងថា ទីក្រុង​ប៉េកាំង និង​អ៊ី​ស្លា​ម៉ា​បាដ គួរតែ​គាំទ្រ​គ្នា​ទៅវិញទៅមក ហើយ​ចិន នឹង​ជួយ​ប៉ា​គី​ស្ថាន​អភិវឌ្ឍ​ប្រទេស​។ បន្ថែម​ពីលើ​នេះ​ទៅទៀត ប្រមុខរដ្ឋ​ចិន អះអាងថា ប្រទេស​ទាំងពី​រីករាយ​ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ បើទោះបី​ជាមាន​អ្វី​ផ្លាស់ប្តូរ​ក៏ដោយ ក៏​មិត្តភាព​ដ៏​រឺ​ង​មាំ​មួយ​នេះ នៅតែ​មិនអាច​បំបែក​បាន​ដដែល​។ នេះ​បើតាម​ការផ្សាយ​របស់​ទូ​រទស្ស​ន៍​រដ្ឋ​ចិន CCTV ។

​អស់ពី​ទទួល​ប៉ា​គី​ស្ថាន ដល់​វេន​ប្រមុខរដ្ឋ​ចិន​ហោះ​ទៅកាន់​ឥណ្ឌា​វិញ​ម្តង​។ នា​ព្រឹក​ថ្ងៃ​៩ ខែតុលា ក្រសួងការបរទេស​ឥណ្ឌា និង​ចិន បានប្រកាសថា ប្រធានាធិបតី​ស៊ី ជិន​ភីង និង​នាយករដ្ឋមន្ត្រី នា​រិ​ន្ទ្រា ម៉ូ​ឌី នឹងមាន​ជំនួប​ក្រៅផ្លូវការ​រយៈពេល​ពីរ​ថ្ងៃ​នៅ​រដ្ឋ​ភាគ​ខាងកើត​នៃ​ឥណ្ឌា​។ បើសិន​បើ​គ្មានអ្វី​ត្រូវ​ប្រែប្រួល​ទេ លោក​ស៊ី នឹងត្រូវ​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី​ឥណ្ឌា នៅ​ទីក្រុង​មាត់សមុទ្រ  Mamallapuram នៅ​ជិត​ទីក្រុង​Chennai ចាប់ពី​ថ្ងៃទី ១១ ដល់ ១២ ខែតុលា​។

​បន្ទាប់មក​នៅ​ថ្ងៃទី​១៣ ខែតុលា ប្រធានាធិបតី​ចិន​រូបនេះ នឹង​ហោះ​ឆ្ពោះទៅ​ប្រទេស​នេ​ប៉ាល់​ទៀត​។ នេះ​បើ​ផ្អែក​ទៅតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។

​តាម​ការអះអាង​របស់​អគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​ឥណ្ឌា លោក Sun Weidong ជំនួប​មេដឹកនាំ​ទាំងពីរ គឺជា​ឱកាស​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​យុទ្ធសាស្ត្រ​ជាស​កល​។ ចំណែក​ក្រសួងការបរទេស​ឥណ្ឌា ក៏បាន​បញ្ជាក់ដែរថា ជំនួប​រវាង​ប្រមុខ​ដឹកនាំ​ប្រទេស​ចិន និង​ឥណ្ឌា គឺជា​ឱកាស​ក្នុងការ​ពិភាក្សា​ពី​បញ្ហា​ទេ្វ​ភាគី បញ្ហា​តំបន់ និង​បញ្ហា​ពិភពលោក​ទាំងមូល​។ ជាពិសេស​គឺ​ការផ្លាស់ប្តូរ​ចក្ខុវិស័យ​គ្នា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទៅលើ ភាពជា​ដៃគូរ​អភិវឌ្ឍ​ឲ្យ​កាន់តែ​ជិតស្និត​រវាង​ចិន និង​ឥណ្ឌា​។

​ក្រៅពីនេះ ប្រទេស​ទាំងពីរ ត្រូវបាន​គេ​រំពឹងថា​នឹង​ជជែក​រឿង​ភ្ញៀវទេសចរ ពាណិជ្ជកម្ម និង​បញ្ហា​អតុល្យភាព​ជ​ញ្ជី​ពាណិជ្ជកម្ម​របស់​ឥណ្ឌា​ជាមួយ​ចិន​ប្រមាណ​ជា ៥៣​ពាន់​លាន​ដុល្លារ​។ លើសពីនេះ ប្រធានបទ​បច្ចេកវិទ្យា​ក៏​អាច​នឹងមាន​នៅក្នុង​ជំនួប​រវាង​លោក ស៊ី និង​លោក ម៉ូ​ឌី ដែរ ហើយ​បញ្ហា​នោះ គឺពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​យក្ស​Huawei និង​ការដំឡើង​បច្ចេកវិទ្យា 5G នៅក្នុង​ប្រទេស​។

​សូមបញ្ជាក់ថា ប្រទេស​ទាំងពីរ​កាន់តែ​មើលមុខ​គ្នា​មិន​ចំ ចាប់តាំងពី​កើតមាន​បញ្ហា​នៅ​តំបន់​កា​ស្មៀ​រម​ក​។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ចិន បាន​និយាយថា ការដក​ឋានៈ​ស្វ័យភាព​ពិសេស​របស់​ឥណ្ឌា គឺ​ប៉ះពាល់​ដល់​អធិបតេយ្យភាព​របស់ខ្លួន​។  ជាពិសេស គឺ​ទីក្រុង​ប៉េកាំង​តែងតែ​នៅ​ពីក្រោយ និង​គាំទ្រ​ប៉ា​គី​ស្ថាន​។ អ្វីដែល​កាន់តែ​ធំ​ទៀត​នោះ គឺ​ចិន​ជា​អ្នកស្នើ​ឲ្យ​មាន​កិច្ចពិភាក្សា​មួយ នៅឯ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ឥណ្ឌា​ផ្លាស់ប្តូរ​ស្ថានភាព​នៅ​តំបន់​កា​ស្មៀ​រ​៕

Tag:
 ចិន​
  ប៉ា​គី​ស្ថាន​
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com